ថតរូបខ្លួនឯង (Selfie) បង្កសោកនាកម្មមួយគ្រួសារ
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ សីហា ២០១៦
- កែប្រែចុងក្រោយ: August 18, 2016
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កុមារីជាតិប៉ាគីស្ថាន អាយុ១១ឆ្នាំម្នាក់ បានស្លាប់ដោយលង់ទឹក នៅក្នុងស្ទឹង «Kunhar» ដែលមានទឹកហូរខ្មួលខ្មាញ់ នៃខេត្ត «Khyber Pakhtunkhwa» ក្បែរក្រុង «Beesian» បន្ទាប់ពីកុមារីរូបនោះ បានព្យាយាមថតរូបដោយខ្លួនឯង (Selfie)។ ឪពុកម្ដាយរបស់កុមារ ក៏បានស្លាប់ដោយលង់ទឹកនោះដែរ ដោយសារពួកគេបានលោតចូល ទៅក្នុងស្ទឹងនោះ ដើម្បីចង់សង្គ្រោះកូនស្រីរបស់ខ្លួន។ នេះបើតាមការថ្លែងឲ្យដឹង ពីនគរបាល និងរដ្ឋអំណាចតំបន់ ដែលសម្បូរដោយទេសចរណ៍ ស្ថិតនៅចំងាយ២០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី អ៊ីស្លាម៉ាបាដ។
នគរបាលមួយរូប លោក អារសាដ ខាន់ (Arshad Khan) បានលើកយកសំដីសាក្សីជាច្រើន ដែលសុទ្ធសឹងជាអ្នកទេសចរណ៍ នៅក្នុងហេតុការណ៍ មកថ្លែងអះអាងថា៖ «កុមារីបានព្យាយាមថតរូបខ្លួន នៅនឹងមាត់ស្ទឹង ហើយបានរអិលជើង ធ្លាក់ចូលទៅក្នុងស្ទឹង»។ លោក ខាន់ បានបន្តទៀតថា នៅពេលឃើញដូច្នេះ ម្ដាយក៏លោតចូលទៅក្នុងទឹកស្ទឹង ដើម្បីជួយសង្គ្រោះកូនស្រីខ្លួន ប៉ុន្តែស្ត្រីជាម្ដាយនេះ ត្រូវបានចរន្តទឹកដែលមានកម្លាំងដ៏ខ្លាំង គួចយកទៅដូចកូនស្រីខ្លួនដែរ។
ភ្នាក់ងារនគរបាល បានបញ្ជាក់ថា៖ «ទ្រាំឈរមើលកូនស្រី និងប្រពន្ធលង់ទឹកមិនបាន បុរសជាឪពុកក៏បានលោតជាបន្ត ចូលទៅក្នុងទឹកស្ទឹង ប៉ុន្តែបុរសរូបនេះ មានវាសនាមិនខុសពីគ្រួសារគាត់ទេ»។
សាកសពរបស់កូនស្រី និងម្ដាយ ត្រូវបានរកឃើញ និងស្រង់ចេញពីទឹក នៅត្រង់ចំណុចមួយ ឆ្ងាយពីកន្លែងកើតហេតុ។ ប៉ុន្តែគេនៅមិនទាន់រកឃើញ សាកសពឪពុកនៅឡើយ។ ឪពុកម្ដាយ គឺជាគ្រូពេទ្យទាំងពីរនាក់ នៅក្នុងក្រុង «Pendjab» ហើយបានមកកាន់ទីនេះ ដើម្បីកំសាន្ដវិសមកាល។ អ្នកទាំងពីរមានកូនពីរនាក់ទៀត ស្រីម្នាក់អាយុ៩ឆ្នាំ និងប្រុសម្នាក់ទៀត អាយុ៦ឆ្នាំ ដែលសុទ្ធតែជាសាក្សី ឃើញឪពុកម្ដាយ និងបងស្រីរបស់ពួកគេលង់ទឹក ដោយផ្ទាល់ភ្នែក។
លោក ខាន់ បានបន្តថា៖ «កូនប្រុសស្រីទាំងពីរនាក់ ដែលនៅរស់ កំពុងស្ថិតក្រោមការបីបាច់ ពីសំណាក់រដ្ឋអំណាចតំបន់ ដើម្បីរង់ចាំញាតិមិត្ត មកទទួលពួកគេទាំងពីរយកទៅ»។
អ្នកទទួលខុសត្រូវផ្ទាល់កន្លែងមួយរូប បានពន្យល់ថា អាជ្ញាធរបានដាក់ផ្លាកសញ្ញាមួយ ហាមដើរទៅជិតស្ទឹង ដែលតែងតែមានមនុស្សស្លាប់ ដោយរអិលជើងធ្លាក់ និងលង់ទឹក ជារៀងរាល់ឆ្នាំ។ អ្នកទទួលខុសត្រូវរូបនោះ បានបញ្ជាក់ទៀតថា អ្នកដែលស្លាប់ច្រើនជាទេសចរណ៍ មកពីតំបន់ផ្សេង ឬមកពីបរទេស ដែលមិនដឹងថា ស្ទឹងនេះមានជម្រៅជ្រៅយ៉ាងណា។ ការកើនឡើង នៃការប្រើប្រាស់ទូរស័ព្ទដៃទំនើប ក៏បានធ្វើឲ្យចំនួនមនុស្សស្លាប់ ដោយសារចង់ថតរូបដោយខ្លួនឯង មានចំនួនកើនឡើងដូចគ្នា៕