ជនបរទេសស្លាប់ក្នុងផ្ទះ៖ ធ្វើអត្តឃាត ឬជាឃាតកម្ម?
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 08, 2015
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណី បុរសជនជាតិបរទេស ដេកស្ទើរអង្គុយ ស្លាប់នៅមាត់ទ្វាចូលផ្ទះ ត្រង់បង្អួចនេះ បានកើតឡើង ក្នុងលំនៅដ្ឋានជួលរបស់លោក ដែលបើកជាផ្ទះសំណាក់ ស្ថិតក្នុងក្រុមទី១៨ ផ្ទះលេខ ១៤២ ផ្លូវ ១៤៧ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរងគ្រោះឈ្មោះ ហានូ អីម៉ារី (Jokinnem Timo Hannu Ilmari) ជាជនជាតិហ្វាំងឡង់ មានអាយុ ៤៩ ឆ្នាំ ដែលកំពុងប្រើប្រាស់លិខិតឆ្លងដែន លេខ PV០៩០៧០០៨ ត្រូវបានគេស្គាល់ថា ជាអ្នកជួលផ្ទះ បើកជាផ្ទះសំណាក់ ពីអ្នកស្រី គីម ហួរ អាយុ៣៧ឆ្នាំ នៅក្នុងទីតាំងខាងលើជាមួយស្វាមី។ បច្ចុប្បន្នអ្នកទាំងពីរ រស់នៅផ្ទះលេខ ៧៣Eo ផ្លូវ១៧២ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះទាំងពីរនាក់ប្តីប្រពន្ធខាងលើ បានបដិសេធមិនឆ្លើយតប ជាមួយអ្នកសារព័ត៌មាននោះទេ ហើយបានបិទទ្វារបង ចូលទៅទៅតាំងកើតហេតុ ដោយមិនផ្តល់ភាពលំអិតអ្វីច្រើនឡើយ។ អ្នកស្រី គីម ហួរ គ្រាន់តែបាននិយាយថា គាត់មិនបានដឹងរឿងបុរសនោះ ស្លាប់ដោយមូលហេតុអ្វីនោះទេ តែអ្នកស្រី បានស្រង់ការបញ្ជាក់ របស់អ្នកកោសល្យវិច័យ មកនិយាយថា ជាការធ្វើអត្តឃាត ដោយចងក សម្លាប់ខ្លួននៅមាត់បង្អួច។
រីឯលោកវិរៈសេនីយ៍ត្រីម្នាក់ ដែលសុំមិនប្រាប់ឈ្មោះ និងដែលបានចូលរួម ធ្វើកោសល្យវិច័យលើសាកសព បានបង្ហើបឲ្យដឹងដូចគ្នាដែរថា ករណីជនបរទេសដេកស្ទើរអង្គុយ ស្លាប់នៅក្នុងឡៅតឿនេះ ជាការធ្វើអត្តឃាតមួយ ដ៏អាថ៌កំបាំង។ លោកបានបន្តទៀត ថា ពេលដំបូង ដែលចូលទៅក្នុងផ្ទះជនរងគ្រោះ ឃើញជាប់សោរទ្វារទីមួយ ពេលចូលទៅដល់បន្ទប់ ជនរងគ្រោះទៀត ក៏ឃើញសោរនោះជាប់ទ្វារទៀត តែបែរជាឃើញ កូនសោរផ្ទះទាំងអស់នោះ នៅក្បែរសាសពទៅវិញ។
អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី មិនត្រូវបានអនុញ្ញាត ឲ្យចូលទៅក្នុងផ្ទះ ដែលមានជនរងគ្រោះទេ ដោយក្រុមសមត្ថកិច្ចបានប្រាប់ថា ជាមរណៈភាពដ៏អាថ៌កំបាំង។ សូម្បីតែពេលឡានដឹកសាកសពចេញ ក៏ត្រូវចូលទៅដល់ក្នុងផ្ទះ បិទទ្វាជិតបានដឹកចេញដែរ។ ករណីនេះ ត្រូវបានការិយាល័យ បច្ចេកទេសវិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញ របស់តុលាការក្រុងភ្នំពេញ កំពុងធ្វើការវិនិច្ឆ័យ ទៅលើទីតាំងរបស់សព និងធ្វើកោលស្យវិច័យ បន្ថែមទៅលើសាកសព ដើម្បីស្រាវជ្រាវរកមូលហេតុ នៃការស្លាប់។
គួររំលឹកថា គ្មានអ្នកណាម្នាក់បានដឹងថា ជនរងគ្រោះបានស្លាប់ ពីពេលណានោះទេ តែគេបានទទួលដំណឹងភ្ញាក់ផ្អើលនេះ តាមរយៈក្លិនសាកសព ដែលធំក្លិនស្អុយ (រហូតមានហូរទឹក) ហើរចេញទៅដល់ អ្នករស់នៅផ្ទះជាន់ក្រោម កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៥ នៅទីតាំងផ្ទះ របស់ជនរងគ្រោះស្នាក់នៅ ក្នុងពេលបច្ចុប្បន្ន ទើបបានទាក់ទង ទៅកាន់សមត្ថកិច្ចប៉ូលិសជំនាញ មកត្រួតពិនិត្យ។ បច្ចុប្បន្នសាកសព ត្រូវបានបញ្ជូនទៅតម្កល់ទុក ជាបណ្តោះអាសន្ន នៅវត្តស្ទឹងមានជ័យ រងចាំក្រុមគ្រួសារសាច់ញាតិ៕