ហ៊ុន សែន ប្រើ​ភាសា​ថ្មី៖ «ស្បថ» ឲ្យ​រន្ទះ​បាញ់!

នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញនូវប្រតិកម្មជាថ្មី ទៅលើសមាជិក គណបក្សសង្គ្រោះជាតិ ដែលព្យាយាមស្វែងរក និងដាក់កំហុស មកលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ពាក់ព័ន្ធនឹងការគ្រប់គ្រង ដោយគ្មានតម្លាភាព។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 08, 2015
  • ប្រធានបទ: នយោបាយស្បថ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាសាដែលមេដឹកនាំ ក្នុងពិភពលោកកម្រ (ឬមិនដែល) យកមកប្រើនោះ ត្រូវបានលោក ហ៊ុន សែន យកមក​ប្រើ​យ៉ាងញ៉ាប់មាត់ នាវិមានរដ្ឋសភា ក្នុងកិច្ចប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី «ការគ្រប់​គ្រង​គ្រោះមហន្តរាយ» កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។ នោះ គឺលោក ហ៊ុន សែន បាន​បបួល​ក្រុម​មេ​ដឹកនាំ​គណបក្សប្រឆាំង ឲ្យទៅចូល«ស្បថ»ជាមួយលោក នៅព្រះអង្គដងកើ ឲ្យ«រន្ទះបាញ់»។

ប្រតិកម្ម «ស្បថឲ្យរន្ទះបាញ់» របស់លោក ហ៊ុន សែន បានផ្តោតទៅលើ បញ្ហាបង្គោលព្រំដែន បញ្ហាលួច​សន្លឹក​ឆ្នោត បញ្ហាកាកបាទក្រហមកម្ពុជា ចែកជំនួយ​គ្មាន​តម្លាភាព ជាដើម។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា លោក និងបបួលលោក សម រង្ស៊ី ដើម្បី​«ស្បថ» នូវអ្វីដែលគណបក្សមួយនេះ កំពុងតែធ្វើការចោទប្រកាន់​មក​លើ គណបក្សប្រជាជនកម្ពុជារបស់លោក។ នាយក​រដ្ឋមន្រ្តីកម្ពុជា អាណត្តិទិប្រាំរូបនេះ បានថ្លែងដើម្បី​បង្ហាញ​នូវ​ភាព​ជឿជាក់នានា ទៅកាន់បក្សប្រឆាំង លើសកម្មភាពការងាររបស់ខ្លួន ដែលកំពុងអនុវត្តនោះ គ្មានអ្វី​ក្រៅ​ពីការ​«ស្បថ»​ឡើយ។

លោកថ្លែងឡើងថា៖ «ស្បថឲ្យរន្ទះបាញ់ម្តងទើបបាន។ ខ្ញុំថា ចាំឯកឧត្តម សម រង្ស៊ី មក ធ្វើពិធីស្បថ នៅព្រះអង្គ​ដងកើ។ ទីមួយ អារឿងលួចសន្លឹកឆ្នោតនេះ ត្រូវបបួលគ្នាស្បថ បើអ្នកណាមិនហ៊ានស្បថ គឺបោកប្រាស់​ប្រជា​ពលរដ្ឋ ប្រជាជនតែម្តង។ ដូចរឿងការបាទក្រហមចែកជំនួយ ហ៊ានស្បថឲ្យរន្ទះបាញ់ទេ? (…) បើសិនជាហ៊ាន បំពារបំពានដោយចេតនា ក្នុងផ្លូវនយោបាយ មានតែស្បថឲ្យរន្ទះបាញ់ ឲ្យងាប់ទាំងពីរ។»

ថ្លែងជាសាធារណៈ តាមរយៈរដ្ឋសភាជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអតីតកម្មាភិបាលមួយរូប របស់ក្រុម​ខ្មែរ​ក្រហម​នោះ បានបញ្ជាក់ថា តើគណបក្ស​សង្គ្រោះ​ជាតិ ហ៊ានស្បថ ជាមួយគណបក្សប្រជាជន​កម្ពុជាឬទេ? លោកថា បើសិនជាគណបក្សប្រជាជន​កម្ពុជា បានលួចសន្លឹកឆ្នោតមែននោះ លោកសូមឲ្យ​សមាជិក គណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវស្លាប់ (ងាប់) ដោយរន្ទះបាញ់។ លោកថា ផ្ទុយមកវិញ បើ​អ្នកណា​ភូតភរប្រជាពលរដ្ឋ ក៏ត្រូវស្លាប់ទាំងអស់ ដោយ​សារ​រន្ទៈ​បាញ់​ដូចគ្នា។

លោកបន្តថា ដោយផ្អែកតាមវប្បធម៌សន្ទនា គេគួរដឹកដៃគ្នាទៅស្បថ នៅព្រះអង្គដងកើ។ លោកបានថ្លែងឲ្យ​ដឹង​ទៀតថា៖ «ខ្ញុំមិនមែននិយាយរឿងនឹង ដើម្បីកាន់ជើងប្រពន្ធខ្ញុំទេ។ (…) ប៉ុន្តែមនុស្សប៉ុន្មាន ទៅទទួលផល​ប្រយោជន៍​គ្រប់ៗគ្នា។ (…) តាមរយៈវប្បធម៌សន្ទនា ទៅស្បថនៅព្រះអង្គដងកើ គណបក្សណា មិនហ៊ានចូល​ស្បថ​អ្នកនោះ គឺនិយាយបោកប្រាស់ប្រជាជន។»

ទន្ទឹមនឹងការបបួលហៅគេឯង ឲ្យទៅស្បថជាមួយនោះ លោកនាយករដ្ឋមន្រ្តី នៅបន្ថែមការក្តៅ​ក្រហាយ​មួយ​ទៀត ចំពោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលលោកចោទថា មិនអាចគ្រប់គ្រង លើ​សមាជិក​​បក្សរបស់ខ្លួនបាន។ លោកបន្តថា មេបក្សរូបនេះ តែងតែបណ្តែងបណ្តោយ ឲ្យសមាជិកបក្សរបស់ខ្លួន ដើតែធ្វើការចោទប្រកាន់លើគេ ដោយគ្មានភស្តុតាងនោះ។

«ស្នេហាជាតិអី តែលោកឯង?»

ការលើកឡើងនេះ លោកចង់ផ្តោតសំខាន់ទៅលើ សមាជិកគណបក្សសង្គ្រោះជាតិ ដែលលើកឡើងថា សមាជិក​គណបក្សប្រជាជនកម្ពុជា បានប្រើប្រាស់«ផែនទីក្លែងក្លាយ» លើបញ្ហាព្រំដែននោះ។ (…) លោក ហ៊ុន សែន បានថ្លែងបន្តទៀតថា៖ «មេរបស់ឯកឧត្តម បាននិយាយ ជាមួយឯកឧត្តមហើយឬនៅ អំពីរឿងខ្ញុំ។ ខ្ញុំ​និយាយ​ជាមួយនឹងឯកឧត្តម សម រង្ស៊ី នៅឯកូឡាឡាំពួរ បាននិយាយហើយឬនៅ ឬក៏មេផ្សេង កូនផ្សឹង? ប្រធាន​គ្រប់គ្រងសមាជិកបក្សមិនបាន រហូតហ៊ានចោទថា រាជរដ្ឋាភិបាល ប្រើផែនទីក្លែងក្លាយ អ្នកណា​ក្លែង​ក្លាយ អ្នកណាមិនក្លែងក្លាយ និយាយគ្នាឲ្យច្បាស់។ ធ្វើដល់រាជរដ្ឋាភិបាល មកប្រើផែនទីក្លែងក្លាយ ស្នេហា​ជាតិ​អី តែលោកឯង?»

លោក ហ៊ុន សែន បានស្នើឲ្យរដ្ឋសភា និងទូរទស្សន៍ទាំងអស់ ចាក់ផ្សាយឡើងវិញ នូវកិច្ចអន្តរាគមន៍​រយៈ​ពេល​ជាង៥ម៉ោង របស់លោក ដែលបានថ្លែងនៅក្នុងរដ្ឋសភា រឿងបញ្ហាព្រំដែន កាលពីឆ្នាំ២០១២។ លោកបានថ្លែង​ថា៖ «ឬត្រូវឲ្យទូរទស្សន៍ទាំងអស់ចាក់ឡើងវិញនូវអ្វីដែលខ្ញុំថ្លែងនៅរដ្ឋសភាជាងប្រាំម៉ោង។ កុំយកអាល្បែង​ក្មេង​មកលេង។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ស្វែងរកប្រតិកម្មតប ទៅនឹងការលើកឡើង របស់លោក ហ៊ុន សែន បាននៅឡើយក្នុងថ្ងៃនេះ។ សូបបញ្ជាក់ថា ក្នុងព្រឹកថ្ងៃទី៨ ខែមិថុនានេះ យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ​២០០នាក់ ដឹកនាំដោយ ក្រុមតំណាងរាស្ត្របក្សសង្គ្រោះជាតិ បាននាំគ្នាទៅមើលទីតាំង វៀតណាមកំពុង​ជីក​រណ្ដៅ និងស្រះទឹក ស្ថិតក្នុងតំបន់ត្រួតស៊ីគ្នា នៃព្រំដែនកម្ពុជា-វៀតណាម ចំនួនប្រាំពីររណ្តៅ ក្នុងភូមិឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ក្បួនដង្ហែនោះ តែត្រូវបានហាមឃាត់ ដោយទាហានវៀតណាម ប្រមាណ​ជាង២០នាក់ ប្រដាប់ដោយកាំភ្លើង ដំបងឆក់ និងឆ្កែ ដោយមិនអនុញ្ញាត ឲ្យចូលឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...