ថ្ងៃរំលឹកខួបកិច្ចព្រមព្រៀងក្រុងប៉ារីស ថ្ងៃបុណ្យដែលគួរឲ្យស្អប់?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ តុលា ២០១៤
- កែប្រែចុងក្រោយ: October 23, 2014
- ប្រធានបទ: ប្រវត្តិមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ទើររាល់ឆ្នាំ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងជាភាគីមួយ នៃភាគីហត្ថលេខី លើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ហាក់មិនចាប់អារម្មណ៍ (ឬធ្វើភ្លេច) ជាមួយនឹងការចូលរួមប្រារព្ធខួបនេះទេ ដែលផ្ទុយស្រឡះពីថ្ងៃខួប ៧មករា ដែលត្រូវបានចាត់ទុកជាថ្ងៃបុណ្យជាតិ មានការប្រារព្ធយ៉ាងគគ្រឹកគគ្រេង និងមានការឈប់សម្រាក សម្រាប់មន្ត្រីរាជការទូទាំងប្រទេស។ គណបក្សប្រជាជនកម្ពុជា តែងតែព្យាយាមពន្យល់បកស្រាយជាច្រើន និងគ្រប់បែប ចំពោះការមិនប្រារព្វខួប កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលានេះ។
កាលពីថ្មីៗនេះ លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ធ្លាប់បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ ២៣ ខែតុលា ឆ្នាំ១៩៩១នេះ ជាប្អូនបង្កើតរបស់ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ និងថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លោកបានចាត់ទុកថា បើគ្មានថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ឬថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ ទេ ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នេះដែរ។ លោកបន្តថា យ៉ាងណាក្នុងនាមលោក ក៏ដូចជាសមាជិកទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា នៅតែដឹងគុណចំពោះថ្ងៃ ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានកសាងរដ្ឋធម្មនុញ្ញឡើងវិញ រួមទាំងមានការបោះឆ្នោតសេរីពហុបក្សនៅកម្ពុជានោះ។
ឯលោក សម រង្សី មេបក្សប្រឆាំងកន្លងមក ក៏ធ្លាប់ធ្វើការរិគន់ចំពោះការមិនអើពើ និងភាពស្ងៀមស្ងាត់ របស់រដ្ឋាភិបាល ចំពោះថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយថែមទាំងធ្លាប់បានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ថាបាន«លប់»ទិវាខួប នៃថ្ងៃទី២៣ ខែតុលា ពីប្រតិទិនឈប់សម្រាកប្រចាំឆ្នាំ របស់មន្រ្តីរាជការក្នុងឆ្នាំ២០១៣នោះផង។
សម្រាប់មេដឹកនាំគណបក្សប្រឆាំងរូបនេះ ភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាល ចំពោះកិច្ចព្រមព្រៀងក្រុងប៉ារីស បានបណ្តាលឲ្យប្រទេសជិតខាង រួមមានប្រទេសវៀតណាម និងប្រទេសថៃ ដែលជាម្ចាស់ហត្ថលេខីដែរនោះ បាននឹងកំពុងរំលោភលើបូរណភាពដែនដីរបស់កម្ពុជា ផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនេះ។
លោក សម រង្ស៊ី បានថ្លែងទៀតថា៖ «រដ្ឋាភិបាលកម្ពុជាខ្លួនឯង ក៏បាននឹងកំពុងបន្តការរំលោភសិទ្ធិមនុស្ស ការបញ្ចេញមតិ សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ បង្ខំប្រជាពលរដ្ឋឲ្យចាកចេញពីដីធ្លី ពីលំនៅឋាន ដោយពុំទទួលខុសត្រូវជាដើម។ ហើយរដ្ឋាភិបាល ក៏បន្តរំលោភច្បាប់ យកប្រព័ន្ធតុលាការដើម្បីគំរាមកំហែងប្រជាពលរដ្ឋ មិនឲ្យមានការតស៊ូមតិដើម្បីរកយុត្តិធម៌ និងការអភិវឌ្ឍប្រទេសជាតិ។ បណ្ដេញពលរដ្ឋចេញពីភូមិ ចាប់ដាក់គុកដូចខ្មែរក្រហមអ៊ីចឹង។ ទង្វើនេះកិច្ចព្រមព្រៀងក្រុងប៉ារីស ហាមឃាតមិនឲ្យមានទេ តែកម្ពុជានៅតែមាន។»
ការមិនប្រារព្វទិវារំលឹកខួប ថ្ងៃទី២៣ ខែតុលានេះ ទំនងជាស្របទៅនិងមតិមួយចំនួន ដែលបានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន មិនសប្បាយចិត្ត ព្រោះតែកិច្ចព្រមព្រៀងនេះជាដើមហេតុ ដែលនាំឲ្យមានការបង្ខំដកកងទ័ពវៀតណាមចេញពីកម្ពុជា។
ថ្លែងនៅវត្តសាមគ្គីរង្សី កាលពីថ្ងៃទី១៤ ខែតុលាកន្លងមក លោក កែម ឡី អ្នកវិភាគឯករាជជ្យបានចាត់ទុកថា កិច្ចព្រមព្រៀង២៣ តុលា ទីក្រុងប៉ារីស ជាកិច្ចព្រមព្រៀងមួយ ដែលបានបង្ខំឲ្យមាន ការដកកម្លាំងយោធាវៀតណាម ចេញពីកម្ពុជា ក្រោមការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលប្រទេសចិន។
លើកឡើងប្រហែលគ្នានេះ លោកស្រី ពង់ ឈីវកិច ធ្លាប់បានបញ្ជាក់ដែរថា ថ្ងៃ២៣ ខែតុលា ជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលក្នុងស្រុក និងបង្រួបបង្រួមប្រទេសឡើងវិញ ។ ហើយក៏ជាថ្ងៃ ដែលបានកំណត់ឲ្យមានការដកកងទ័ព ចេញពីកម្ពុជាដែរ បើគ្មានថ្ងៃ២៣ តុលាទេ កងទ័ពវៀតណាមទាំងនោះ នឹងមិនព្រមដកចេញពីកម្ពុជា ហើយប្រហែលជានឹងបន្តវត្តមាន រហូតមកដល់ថ្ងៃនេះ។
សូមរម្លឹកជាប្រវត្តិសាស្ត្រជូនថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា មានគោលដៅសំខាន់ៗចំនួនបី៖ ទីមួយ ការរៀបចំឲ្យមានសន្តិភាពឡើងវិញ នៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍កិច្ចឈប់បាញ់ និង ការរំសាយអាវុធ នៅក្នុងជួរកងទ័ពនៃភាគីជម្លោះខ្មែរទាំងអស់។ ទីពីរ ការចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និងទីបីការការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពពុំអាចរំលោភបំពានបាន នូវទឹកដីអព្យាក្រឹតភាព និងឯកភាពជាតិរបស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ ត្រូវបានចុះហត្ថលេខាដោយអង្គការសហប្រជាជាតិ ប្រមុខការទូតនៃប្រទេសចំនួន ១៨ និងភាគីជម្លោះខ្មែរទាំងបួន រួមមានសម្តេចព្រះបាទនរោត្តម សីហនុ លោក សឺន សាន លោក ប៉ុល ពត (តំណាងដោយលោក ខៀវ សំផន) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលនោះមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន៕