នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ក្រោម​ក្រសែ​ភ្នែក​អង្គការ​សិទ្ធិ​មនុស្ស

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) បានមកដល់រាជធានីភ្នំពេញប្រទេសកម្ពុជា កាលពីរសៀល​ថ្ងៃ​សៅរ៍ទី១៦ខែវិច្ឆិកា ដើម្បីដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងទិសដៅដើម្បីរឹតចំណង កិច្ចសហប្រតិបត្តិការវាងរប្រទេសទាំងពីរ ជប៉ុន-កម្ពុជា។ ខណៈមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចនៅទ្វីបអាស៊ីរូបនេះ ត្រូវបានទទួលស្វាគមន៍ ដោយមេដឹកនាំជាន់​ខ្ពស់​នៅក្នុងប្រទេសកម្ពុជានោះ តែក៏ត្រូវរងនូវការរិះគន់យ៉ាងចាស់ដៃផងដែរ ពីសំណាក់ក្រុមអ្នកឃ្លាំ​មើលខាងផ្នែកសិទ្ធិ​មនុស្ស​។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: November 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) បានមកដល់រាជធានីភ្នំពេញប្រទេសកម្ពុជា កាលពីរសៀល​ថ្ងៃ​សៅរ៍ទី១៦ខែវិច្ឆិកា ដើម្បីដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងទិសដៅដើម្បីរឹតចំណង កិច្ចសហប្រតិបត្តិការវាងរប្រទេសទាំងពីរ ជប៉ុន-កម្ពុជា។ ខណៈមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចនៅទ្វីបអាស៊ីរូបនេះ ត្រូវបានទទួលស្វាគមន៍ ដោយមេដឹកនាំជាន់​ខ្ពស់​នៅក្នុងប្រទេសកម្ពុជានោះ តែក៏ត្រូវរងនូវការរិះគន់យ៉ាងចាស់ដៃផងដែរ ពីសំណាក់ក្រុមអ្នកឃ្លាំ​មើលខាងផ្នែកសិទ្ធិ​មនុស្ស​។


លោក ស៊ីនហ្សូ អាប៊េ នាយករដ្ឋមន្ត្រីជប៉ុន។ (រូបថត AFP/Getty Images/Yoshikazu Tsuno)

ការទូត - មេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចទីពីរ នៅទ្វីបអាស៊ីរូបនេះ ត្រូវបានទទួលស្វាគមន៍ ដោយរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា លោកខៀវ កាញារិទ្ធ និងថ្នាក់ដឹកនាំដទៃទៀត នៅព្រលានយន្ដហោះអន្តរជាតិ។ បន្ទាប់ពីធ្វើជាអធិបតីភាព នៅក្នុង​ពិធីចុះហត្ថលេខាទៅលើឯកសារចំនួនពីររួចមក លោក លោក ស៊ីនហ្សូ អាប៊េ នឹងជួបជជែកទល់មុខជាមួយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាអ្នកអញ្ជើញឲ្យលោក អាប៊េ ដោយផ្ទាល់មកធ្វើទស្សនកិច្ចលើកនេះ។ នេះបើ​តាម​ការ​ប្រកាសឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ នៃក្រសួងការបទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃ​ព្រហស្បត្តិ៍​ទី១៤​ខែវិច្ឆិកាកន្លងមក។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនោះ លោក ស៊ីនហ្សូ អាប៊េ ក៏នឹងចូលថ្វាយបង្គុំព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ដំណើរទស្សនកិច្ច ដែលស្ថិតក្រោមក្រសែរភ្នែករិះគន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស

នៅក្នុងលិខិតដ៏វែងអន្លាយមួយ ចេញផ្សាយនៅថ្ងៃទី១៤ខែវិច្ឆិកា ចុះហត្ថលេខាដោយ លោក កាណេយ៍ ដយ៍ (Kanae Doi) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំប្រទេសជប៉ុន និងមានហត្ថាលេខាអមដោយ លោក ប៊្រេដ អាដាម (Brad Adams) នាយកអង្គការនេះប្រចាំតំបន់អាស៊ីប៉ាស៊ីភិកនោះ បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីជប៉ុន រូបនេះ ប្រើប្រាស់ឥទ្ធិពល និងតួនាទីដ៏សំខាន់របស់ប្រទេសជប៉ុន ដែលមានរាប់ចាប់តាំងពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១មកនោះ ដើម្បី​ប្រាប់​ទៅប្រទេសកម្ពុជា អំពីការគោរពសិទ្ធិមនុស្សឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រួតពិនិត្យមើលប្រាក់ជំនួយ​របស់ប្រជាជន​ជប៉ុន ទៅឲ្យកម្ពុជា ដើម្បីប្រើប្រាស់ឲ្យត្រូវតាមគោលដៅ ជាពិសេសនៅក្នុងគម្រោងអភិវឌ្ឍន៍នានា ដែលមានប្រទេសជប៉ុន ជាដៃគូរដ៏សំខាន់មួយ។

លិខិតនោះបានបញ្ជាក់ថា «វាជារឿងមួយសំខាន់ណាស់ ដែលរដ្ឋាភិបាលជប៉ុន ត្រូវធ្វើការជាមួយធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី ពីបណ្ដាគម្រោងទាំងឡាយ ដែលទាក់ទងនឹងលំនៅដ្ឋាន។ ប្រទេសជប៉ុនគួរតាមដាន​ឲ្យបាន​ដិត​ដល់ ថានឺងមិនមានការបណ្ដេញចេញដោយបង្ខំ ដោយរំលោភនូវច្បាប់អន្តរជាតិ ហើយបណ្ដាជនដែលត្រូវបាន​បណ្ដេញ​ចេញ អាចទទួលបាននូវសំណងសមរម្យ។»

អង្គការអ្នកឃ្លាំមើលសិទ្ធិមនុស្ស ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងញ៉ូយក និងមានសាខារបស់ខ្លួន នៅជុំវិញ​ពិភពលោក បានរំលឹកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាប៉េ ទៀតថា ប្រទេសជប៉ុន និងប្រទេសកម្ពុជា ត្រូវធានាថា បណ្ដាជន​ដែល​រងផលប៉ះពាល់នឹងគម្រោងអភិវឌ្ឍន៍ទាំងឡាយ ដែលបានប្រើប្រាស់ថវិកាជំនួយរបស់ប្រទេសជប៉ុន អាចមាន​ឱកាសនឹងបញ្ចេញមតិយោបល់ដោយសេរី និងអាចចូលរួមជជែកពិភាក្សា ទៅលើគម្រោងទាំងនោះ ដែលជាអនាគត​របស់ពួកគេ ដោយគ្មានការរារាំង និងបង្ក្រាបពីសំណាក់អាជ្ញាធរ។ លិខិតដដែល បានបញ្ជាក់ថែមទៀត​ពីសារៈសំខាន់​មិន​អាចអត់បាន នៃការចូលរួមពីសំណាក់ក្រុមអង្គការសង្គមស៊ីវិល និងក្រុមប្រជាសហគមន៍ ទៅក្នុងរាល់គម្រោងអភិវឌ្ឍន៍​រយៈពេលវែងទាំងនោះ។

ប្រទេសជប៉ុនជាប្រទេសទីពីរ បន្ទាប់ពីប្រទេសចិនដែលបានផ្ដល់ជំនួយ និងផ្ដល់ប្រាក់កម្ចីមកកម្ពុជាច្រើនជាងគេ។ តាម​របាយការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលកម្ពុជា ជប៉ុនបានផ្ដល់ជំនួយប្រមាណជា ២ពាន់លានដុល្លាអាមេរិក រួច​មកហើយ ក្នុងការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធសង្គម នៅកម្ពុជា។ តាមរបាយការណ៍មួយទៀតរបស់ អង្គការ​ពាណិជ្ជកម្មក្រៅ​ប្រទេស របស់ប្រទេសជប៉ុនមួយ បានឲ្យដឹងថា ទំហំនៃការផ្ដោះផ្ដូរពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ជប៉ុន បាន​ធ្វើនៅក្នុងទំហំ តែ៥៩១លានដុល្លាអាមេរិក នៅក្នុងអំឡុង៩ខែដំបូងនៃឆ្នាំ២០១៣នេះ ដែលមានការកើនឡើងប្រមាណជា ២៥% ប្រៀប​ធៀប​ទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំកន្លងទៅ។

ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ វិនិយោគិនជប៉ុនមិនសូវជាបានចាប់អារម្មណ៍ នឹងចូល​មក​បោះទុនរកទទួលទាននៅកម្ពុជានោះទេ។ ក្រុមសិទ្ធិមនុស្ស បានរិះគន់ថា នេះដោយសារតែ អំពើពុករលួយស៊ីរូងផ្ទៃក្នុង នៅតែមានសភាពខ្លាំងក្លា និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា នៅតែមានកម្សោយខ្លាំង ដែលមិនអាចផ្ដល់​ការទុកចិត្ត​ទៅដល់វិនិយោគិន​ជប៉ុន ឲ្យចូលមកបោះទុននៅកម្ពុជានោះបានឡើយ។

នៅក្នុងចំណោមប្រទេសដែលបានផ្ដល់ជំនួយទៅឲ្យប្រទេសកម្ពុជា រដ្ឋាភិបាលនៃប្រទេសនេះតែងតែសរសើរមិនដាច់ ពីមាត់ នូវជំនួយរបស់ប្រទេសចិន ថាមិនមានចំណងឬដាក់កតព្វកិច្ចអ្វីឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តន៍នោះឡើយ។ មិនត្រឹម​តែប៉ុណ្ណោះ នៅក្នុងការវិនិយោគទុនវិញ បណ្ដាអ្នកមាននៅក្នុងប្រទេសចិន ក៏បានចូលមកបោះទុនរកស៊ី យ៉ាងសម្បើម​ណាស់​ដែរ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យវាយនភ័ណ្ឌ ដែលធ្វើឲ្យគេគិតថា ប្រព័ន្ធគ្រប់គ្រង និងសេដ្ឋកិច្ច​របស់​ប្រទេសកម្ពុជា បានស្ថិតនៅក្រោមឥទ្ធិពល របស់ប្រទេសមហាអំណាចធំជាងគេនៅអាស៊ីនេះ។

សូមបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅតំបន់អាស៊ីអាគ្នេយ៍លើកនេះ ប្រទេសកម្ពុជាជា​ប្រទេស​ទីមួយ។ នៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកា លោក អាប៊េ នឹងបន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋដូចគ្នា នៅក្នុងប្រទេសឡាវ ដែលជា​ប្រទេសកុំម្មុយនីសចុងក្រោយមួយទៀត ស្ថិតក្រោមឥទ្ធិពលយ៉ាងក្រាស់ក្រែងនៃប្រទេសវៀតណាម និងប្រទេសចិន៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...