អ.ស.ប ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​ហិង្សា នៅ​ស្ទឹង​មាន​ជ័យ

ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងកាលពីថ្ងៃសុក្រទី១៥ខែវិច្ឆិកាកន្លងមកនេះ ពីកង្វល់របស់ខ្លួននៅចំពោះអំពើហិង្សា ដែលបានកើតឡើងកាលពីពេលថ្មីៗ នៅកម្ពុជា ជាពិសេសការបង្ក្រាបរបស់​កង​កម្លាំងនគរបាល ទៅលើបាតុកម្មដោយសន្តិវិធី ដោយមានទាំងការបាញ់គ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងកៅស៊ូ ប្រឆាំង​ក្រុមបាតុករដៃទទេនោះផង។ នៅក្នុងសន្និសិទការសែតមួយ អ្នកនាំពាក្យរបស់ស្ថាប័នមួយនេះ បានស្នើសុំឲ្យមាន​ការ​ស៊ើប​អង្កេតយ៉ាងឆាប់រហ័ស និងស៊ីជម្រៅមួយ ទៅលើករណីខាងលើ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្នងការជាន់ខ្ពស់នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងកាលពីថ្ងៃសុក្រទី១៥ខែវិច្ឆិកាកន្លងមកនេះ ពីកង្វល់របស់ខ្លួននៅចំពោះអំពើហិង្សា ដែលបានកើតឡើងកាលពីពេលថ្មីៗ នៅកម្ពុជា ជាពិសេសការបង្ក្រាបរបស់​កង​កម្លាំងនគរបាល ទៅលើបាតុកម្មដោយសន្តិវិធី ដោយមានទាំងការបាញ់គ្រាប់កាំភ្លើងពិត និងគ្រាប់កាំភ្លើងកៅស៊ូ ប្រឆាំង​ក្រុមបាតុករដៃទទេនោះផង។ នៅក្នុងសន្និសិទការសែតមួយ អ្នកនាំពាក្យរបស់ស្ថាប័នមួយនេះ បានស្នើសុំឲ្យមាន​ការ​ស៊ើប​អង្កេតយ៉ាងឆាប់រហ័ស និងស៊ីជម្រៅមួយ ទៅលើករណីខាងលើ។


លោក រូពែរ៍ ខូលវីល អ្នកនាំពាក្យនៃស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។ (រូបថត HCDH)

សិទ្ធិមនុស្ស - នៅក្នុងសន្និសិទសារព័ត៌មាន នៅទីស្នាក់ការកណ្ដាលនៃស្នងការជាន់ខ្ពស់ ដែលមានទីតាំងនៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស អ្នកនាំពាក្យរបស់ស្ថាប័នអន្តរជាតិមួយនេះ លោក រូពែរ៍ ខូលវីល (Rupert Colville) បានគូស​បញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅស្ទឺងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១២ខែវិច្ឆិកាកន្លងមកនេះ គួរតែធានា​ឲ្យបាននូវការស៊ើបអង្កេតដ៏ជាក់លាក់មួយ ដើម្បីរកមើលពីឬសគល់ និងសកម្មភាពរបស់អ្នកទទួលខុសត្រូវ ដែល​ឈាន​ទៅដល់ការប្រើប្រាស់កម្លាំងហួសហេតុរបស់អាជ្ញាធរ។

ការប្រឈមមុខគ្នា បានផ្ទុះឡើងខ្លាំង នៅបន្ទាប់ពីកូដកម្ម របស់ក្រុមកម្មករមកពីរោងចក្រអេសអ៊ិល បានដង្ហែក្បួនដោយ​ថ្មើរជើង ឆ្ពោះទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំឲ្យមានការដោះស្រាយវិវាតការងាររបស់ពួកគេ ជាមួយនឹងភាគីម្ចាស់រោងចក្រ។

លោក ខូលវីល បានពន្យល់ទៀតថា «មនុស្សមិនដឹងអីមួយរូប ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវ​បានធ្វើឲ្យរបួស នៅក្នុងការប្រឈមមុខគ្នា រវាងបាតុករ និងកងកម្លាំងនគរបាល ព្រមទាំងជនស៊ីវិលផ្សេងទៀត ដែល​មិន​បាននៅជាមួយក្រុមបាតុករនោះទេ។» លោក ខូលវីល បានបន្ថែមថា មានសាក្សីជាច្រើន បានឃើញកងកម្លាំងអាជ្ញាធរ​ទាំងនោះ វាយសំពងទាត់ធាក់ និងបានប្រើកាំភ្លើងគ្រាប់ពិត ព្រមទាំងគ្រាប់កៅស៊ូបាញ់ ទៅលើបាតុករ។

បើតាមអ្នកនាំពាក្យរូបនេះ ពលរដ្ឋកម្ពុជាដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន មានមួយចំនួនធំត្រូវបានដោះលែងឲ្យរួចខ្លួន តែ​មានពលរដ្ឋមិនទាន់គ្រប់អាយុពីរនាក់ (១៤ និង១៧ឆ្នាំ) នៅជាប់ក្នុងការឃុំឃាំងនៅឡើយ។

របាយការណ៍មួយ របស់ស្នងការជាន់ខ្ពស់នៃ អង្គការសហប្រជាជាតិ ដែលទទួលបន្ទុកខាងសិទ្ធិមនុស្ស បាននិយាយថា ហេតុការណ៍ហិង្សារបៀបនេះ មិនមែនទើបតែកើតឡើងជាលើកដំបូងទេ។ កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៣មុន ការប្រឈមមុខមួយផ្សេងទៀត នៅស្ពានអាកាសក្បាលថ្នល់ ក៏បានកើតឡើងយ៉ាងខ្លាំងក្លាដែរ ដែលធ្វើឲ្យបុរសម្នាក់​បាន​ស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួស ដោយការបាញ់រះគ្រាប់កាំភ្លើងពិត របស់ក្រុមកងកម្លាំងអាជ្ញាធរ ទៅលើហ្វូង​មនុស្ស។

លោក ខូលវីល បានប្រកាសនៅក្នុងសន្និសិទការសែតនោះទៀតថា «យើងបានតាមដានព្រឹត្តិការណ៍នេះ ជាមួយនឹង​អាជ្ញាធរដែលពាក់ព័ន្ធ ហើយស្នើសុំដោយទទូច ឲ្យបើកការស៊ើបអង្កេតមួយ យ៉ាងឆាប់រហ័ស និងស៊ីជម្រៅ ដើម្បីរក​ឲ្យ​ឃើញអ្នកទទួលខុសត្រូវ ក្នុងការប្រើប្រាស់កម្លាំងជ្រុលហួសហេតុនេះ។ (...) យើងក៏ស្នើសុំដូចគ្នា នូវការធានាដ៏​ពិត​ប្រាកដមួយ ថាពលរដ្ឋឃាត់ខ្លួនដែលមិនទាន់គ្រប់អាយុ ត្រូវបានគាំពារក្នុងលក្ខខ័ណ្ឌមួយសមរម្យ និងសមស្របទៅ​តាមបទដ្ឋានអន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស »។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាល សុំប្រតិកម្មបានទេ នៅយប់ថ្ងៃទី១៦ខែវិច្ឆិកានេះ។ ប៉ុន្តែ​រហូតមកដល់ពេលនេះ អាជ្ញាធរនៃប្រទេសកម្ពុជា បានបង្កើតគណកម្មការពិសេសមួយហើយ ដើម្បីស៊ើបអង្កេតជុំវិញ​អំពើ​ហិង្សា ដែលឈានទៅដល់មរណភាពនៃស្ត្រីអ្នកលក់បាយមួយរូប និងពលរដ្ឋផ្សេងទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍​ថ្ងៃ​ទី​១២ខែវិច្ឆិការ នៅស្ទឹងមានជ័យ។ ជានិច្ចជាកាលអាជ្ញាធរតែងតែបានបដិសេធថា មិនមានកងកម្លាំងអាជ្ញាធរណាម្នាក់ បាន​ប្រើគ្រាប់កាំភ្លើងពិត បាញ់ទៅលើបាតុករ ឬពលរដ្ឋនោះទេ ហើយអាជ្ញាធរបានទម្លាក់កំហុសនេះទៅលើ ជនទីបី ឬជន​ឱកាសនិយម ដែលគេមិនទាន់ស្គាល់ថាជានរណានោះនៅឡើយ។

ប៉ុន្តែរាល់ការប្រកែករបស់អាជ្ញាធរ តែងរងនូវការរិះគន់ត្រឡប់មកវិញ ពីសកម្មជនការពារសិទ្ធិមនុស្ស ដែលធ្វើការស្និត​នឹង​សំនុំរឿង ថា​គ្មានចេតនាពិតប្រាកដដើម្បីរកអ្នកទទួលខុសត្រូវ មកទទួលទោស។ ក្រុមសកម្មជនទាំងនោះ ថែមទាំង​បាន​បរិហាថា ការ​ស៊ើបអង្កេតរបស់អាជ្ញាធរ មិនមានភាពឯករាជ្យពិតប្រាកដ និងមិនមានបំណង​ដើម្បីស្វែងរកយុត្តិធម៌ ឲ្យជន​រងគ្រោះ​នោះ​ទេ។ តែផ្ទុយទៅវិញ គណកម្មាការស៊ើបអង្កេតនោះ គ្រាន់តែជាឆាកល្ខោន ដើម្បីបំភ័នភ្នែក​គ្រាន់នឹងល្អមើល ហើយជួយ​បិទបាំងឲ្យអំពើ ដែលអាជ្ញាធរខ្លួនឯងបានប្រព្រឹត្តិប៉ុណ្ណោះ។ នៅក្នុងហេតុការណ៍ទាំងអស់ខាងលើ សាក្សីនិង​ភស្ដុតាង​ជា​ច្រើន រួមទាំងរូបភាពដែលអ្នកការសែតឯករាជ្យជាតិ និងអន្តរជាតិបានថតបាននោះផង បានបង្ហាញថា កង​កម្លាំងអាជ្ញាធរ​នៅពេលនោះ បានប្រើកាំភ្លើង និងបានវាយដុំច្រំធាក់ យ៉ាងសាហាវព្រៃផ្សៃទៅលើក្រុមពលរដ្ឋ ដែល​មួយ​ចំនួនពីក្នុងនោះ ជាពលរដ្ឋសមញ្ញា មិនមានជាប់ពាក់ព័ន្ធអ្វីសូម្បីបន្តិចឡើយ៕

-----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...