ក្រសួងការងារ សន្យាធ្វើកំណែទម្រង់វិស័យការងារឲ្យប្រសើរឡើង
ក្រសួងការងារកម្ពុជាបានប្ដេជ្ញាធ្វើកំណែទម្រង់លក្ខខណ្ឌការងារ ក្នុងវិស័យការងារកម្ពុជា ឲ្យបានប្រសើរឡើង ដើម្បីទាក់ទាញវិនិយោគបន្ថែម និងធានាការអភិវឌ្ឍន៍យូរអង្វែង។ ការប្ដេជ្ញានេះ សហជីពការងារបានសម្តែងការអបអរសាទរ តែមិនបានសម្តែងការជឿជាក់ទាំងស្រុងនោះទេ ព្រោះផែនការនិងយុទ្ធសាស្រ្ត ពាក់ព័ន្ធវិស័យការងារ ដែលរដ្ឋាភិបាល បានសន្យាកាលពីពេលកន្លងមកនោះ ហាក់ដូចជាមិនមានប្រសិទ្ធភាព ក្នុងការអនុវត្តនោះទេ ដូច្នេះចាំបាច់ណាស់ ត្រូវមានយន្តការអនុវត្តច្បាស់លាស់ ដើម្បីជៀសវាងបញ្ហាកើតឡើងដដែលៗ។
កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ រូបថត flickr.com/photos/pictim។
រាជធានីភ្នំពេញ - រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា លោក អិត សំហេង ក្នុងជំនួបជាមួយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅក្រសួងការងារ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ បានថ្លែងថា ក្រសួងកាងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានដាក់ចេញនូវ ចំណុចយុទ្ធសាស្ត្រចំនួន ៥ ដើម្បីធ្វើឲ្យប្រសើរ ឡើងនូវស្តង់ដារការងារនៅក្រកម្ពុជា ដើម្បីធានាការអភិវឌ្ឍន៍ឲ្យបានត្រឹមត្រូវ និងយូរអង្វែង ។
លោករដ្ឋមន្រ្តីរូបនេះ បានលើកឡើងនូវចំណុចយុទ្ធសាស្រ្តសំខាន់ៗទាំង៥ នោះ រួមមាន៖
ទី១- អភិវឌ្ឍន៍វិស័យការងារ ដូចជាប្រាក់ឈ្នួល លក្ខខណ្ឌការងារ បញ្ហាវិវាទការងារ ការសម្របសម្រួល ទំនាក់ទំនងវិជ្ជាជីវៈ អនាម័យ និងសុខភាពនិយោជិត នៅកនែ្លងធ្វើការ។
ទី២- ការបង្កើតការងារ ផ្តល់សេវាការងារ ព័ត៌មាន ទីផ្សារការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ។
ទី៣- អភិវឌ្ឍន៍វិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់នូវជំនាញពិតប្រាកដជូនប្រជាពលរដ្ឋ។
ទី៤- ការផ្តល់នូវសន្តិសុខសង្គមជូនកម្មករ និយោជិត ដូចជាធានារ៉ាប់រងគ្រោះថ្នាក់ការងារ សុខភាព និងសោធននិវត្តន៍ជាដើម។
ទី៥- អភិបាលកិច្ចការងារល្អ ភាពជាដៃគូជាមួយដៃគូសង្គម ទាំងកំរិតជាតិ និងអង្គការអន្តរជាតិ។
ទាក់ទងបញ្ហានេះ អ្នកដានស្ថានការណ៍សង្គមកម្ពុជាបានកត់សម្គាល់ថា បើទោះជារដ្ឋាភិបាល និងក្រសួងការងារ បានអះអាងពីការដោះស្រាយយ៉ាងនេះក្តី ក៏បញ្ហាទាំងនេះ នៅតែបន្តកើតមាន នៅក្នុងវ័យការងារកម្ពុជា ហើយមានបញ្ហាខ្លះមានលក្ខណៈស្មុគស្មាញ និងពិបាកដោះស្រាយ ហើយបន្តអូសបន្លាយរហូតមកដល់ពេលនេះ បើទោះជាបញ្ហាទាំងនោះត្រូវបានសហជីព និងកម្មករ និយោជិត បានតវ៉ាទាមទារច្រើនឆ្នាំមកហើយក្តី។
ជុំវិញករណីនេះ ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សោម អូន បានស្តែងការសាទរចំពោះការប្ដេជា្ញរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការកំណែទម្រង់ និងការធ្វើឲ្យប្រសើរឡើង នូវវិស័យការងារកម្ពុជា សម្រាប់អាណត្តិទី៥នេះ។
តែប្រធានក្រុមប្រឹក្សាសហជីពដដែលនេះ បានលើកឡើងថា ដើម្បីធានាឲ្យការផ្តេជ្ញា របស់រដ្ឋាភិបាល អាចអនុវត្តទៅបានល្អនោះ ចាំបាច់ក្រសួងការងារ ត្រូវដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដូចជា ការធានាប្រសិទ្ធិភាពដោះស្រាយវិវាទការងាររវាងនិយោជក និងនិយោជិត ដោយឈរលើគោលការណ៍ច្បាប់ ក្រសួងការងារត្រូវចុះអធិការកិច្ចឲ្យបានទៀងទាត់ និងដោះស្រាយបញ្ហាសំខាន់ៗ មួយចំនួនទៀតឲ្យបានលិចចេញជារូបរៀងពិតប្រាកដ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ