រដ្ឋសភាកម្ពុជា អនុម័តថវិកាជាតិ ឬថវិកាបក្ស?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ត្រូវបានរដ្ឋសភាអនុម័តក្រោមសម្លេង៦៦ លើ៦៦ នៃសមាជិករដ្ឋសភាដែលមានវត្តមានមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដោយឡែកសម្រាប់សមាជិកតំណាងរាស្រ្តរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិមិនមានវត្តមានឡើយ។
រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)
រាជធានីភ្នំពេញ - រដ្ឋសភាជាតិកម្ពុជាបានធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលម៉ិញនេះ ជាមួយនឹងការស្នើសុំពីប្រធានរដ្ឋសភា ដោយតំណាងរាស្រ្តសាម៉ី ក្នុងការស្នើនូវយោបល់ដែលទាក់ទងនឹងច្បាប់ទាំងនោះ តែមិនត្រូវបានតំណាងរាស្រ្តណាមួយលើកមកសួរដេញដោល ឬពិភាក្សាលំអិតលើខ្លឹមសារក្នុងមាត្រានីមួយៗ ឬចោទសួរដេញដោលនោះឡើយ។ ផ្ទុយមកវិញកិច្ចប្រជុំរដ្ឋសភា ដែលមានតំណាងរាស្រ្តទាំងអស់មកពីគណបក្សប្រជាជនកម្ពុជាតែមួយនោះ ក្រៅតែពីការលើកដៃគាំទ្រក្នុងការអនុម័ត និងការលើកជាមតិមួយចំនួនដែលឆ្ងាយពីប្រធានបទនោះ មានតែការការលើកសរសើរពីរាជរដ្ឋាភិបាល រួមជាមួយនឹងការដឹងគុណចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ។
លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដ្ឋសភា បានធ្វើការបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៤នេះ រដ្ឋាភិបាលគ្រោងនឹងចំណាយប្រាក់ជាង១៤ ២៣៧ ៤៤៩,៣លានលានរៀល ក្នុងនោះមានចំណូលថវិការជាតិចំនួន១៣ ៦៥៥ ៦២៧លានលានរៀល និងថវិការថ្នាក់ក្រោមជាតិ៥៧១៨២២,៣លានលានរៀល។
ប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារ និងសវនកម្មនៃរដ្ឋសភា បានបញ្ជាក់បន្ថែមថា ថវិកាជាតិគ្រោងនឹងចំណាយក្នុងឆ្នំាំ២០១៤នេះ មានការកើនឡើងជាង១៣% បើធៀបទៅនឹងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣។ មន្រ្តីរូបនេះបានបន្តរថា ទឹកប្រាក់សរុបចំនួន១៤ ២៣៧ ៤៤៩,៣លានលានរៀលក្នុងឆ្នាំ២០១៤នេះ រួមផ្សំជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យម៧% ដែលជំរុញឲ្យរដ្ឋាភិបាលអាចបង្កើនការចំណាយក្នុងគោលបំណងអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានេះតាមគម្រោងទឹកប្រាក់ខាងលើ រាជរដ្ឋាភិបាលត្រូវធ្វើការចំណាយទៅលើវិស័យបួនធំៗ ជាចំបងដូចជា វិស័យរដ្ឋបាលសាធារណៈ វិស័យសង្គមកិច្ច វិស័យសេដ្ឋកិច្ច វិស័យការពារជាតិនិង សន្តិសុខសង្គម ក្នុងក៏បានធ្វើការផ្តោតសំខាន់ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបានខូចខាតដោយសារទឹកជំនន់ និងការដំឡើងនូវប្រាក់បៀវត្សន៍ជូនមន្ត្រីរាជការផងដែរ។ លោកបានចាត់ទុកថា «ច្បាប់នេះជាឧបករណ៍ ដែលអាចឲ្យរាជរដ្ឋាភិបាលប្រែក្លាយគោលនយោបាយទៅជា សកម្មភាពជាក់ស្ដែងសម្រាប់ដឹកនាំប្រទេស ស្របតាមយុត្តិសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលអាណត្តិទីប្រាំប្រកបដោយចិរភាព។»
លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី បានបញ្ជាក់ និងធ្វើការអះអាងថា ក្នុងនាមលោកជារដ្ខមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលនោះ នឹងខិតខំប្រមូល«ថវិកា»ចូលរដ្ឋឲ្យកាន់តែច្រើនឡើង ដោយមិនមានការប៉ះពាល់ជំរុញឲ្យមានការបង្កើន ឬបន្ថែមពន្ធថ្មីនោះទេ។ លោកបានបន្តថាជាសវាងនូវការកិបកេង អំពើពុករលួយ ការស៊ីសំណូកសូកសូកប៉ាន់ជាដើមនោះ ប្រសិទ្ធិភាពនៃការទប់ស្គាត់ ក្រសូងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បាន«បញ្ជា»ឬ តម្រូវឲ្យអ្នកជាប់ពន្ធទាំងអស់ ត្រូវធ្វើការបង់ពន្ធតាមរយៈធនាគារវិញ។
យោងតាមសេចក្តីថ្លែងហេតុ នៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ មានប្រាំជំពូក ១៤មាត្រា និងឧបសម្ព័ន្ធ២៦ទំព័រ រួមទាំងតារាងចំណូល និងចំណាយលម្អិតតាមស្ថាប័នក្រសួងនិមួយៗផងនោះ លោក ជាម យៀប ក៏បានប្រកាស និងបញ្ជាក់ពីចំណាយនៃវិស័យធំទាំងបួនដូចជា វិស័យសង្គមកិច្ចរួមមាន ក្រសួងសុខាភិបាល ត្រូវបានគ្រោងចំណាយ ៩៧ម៉ឺន លានរៀល។ ក្រសួងអប់រំយុវជននិងកីឡា គ្រោងចំណាយជាងមួយលាន លានរៀល។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងចំណាយជាង៥៦ម៉ឺនលានរៀល។ វិស័យសេដ្ឋកិច្ចរួមមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួនជាង១៣ម៉ឺនលានរៀល ក្រសួងធនធានទឹក និងឧតុនិយម គ្រោងចំណាយជាង៦១ពាន់លានរៀល ។ វិស័យរដ្ឋបាលទូទៅ គ្រោងចំណាយជាងមួយលានលានរៀល។ ឯវិស័យការពារជាតិ និងសន្តិសុខរួមមាន ក្រសួងការពារជាតិត្រូវចំណាយជាងមួយសែនលានរៀល និងក្រសួងមហាផ្ទៃ-សន្តិសុខសាធារណៈចំណាយជាងប្រាំពីរសែនលានរៀល។
ក្នុងកិច្ចប្រជុំរដ្ឋសភានេះឃើញមានតំណាងរាស្ត្របីរូប ដូចជាលោកស្រី ឡោក ខេង លោក មុំ ជីមហ៊ុយ និងលោក ឈាង វុន បានឡើងផ្ដល់យោបល់ជាច្រើន ក្នុងការអនុម័តច្បាប់ផ្សេងៗ រួមទាំងច្បាប់ថវិការនេះផងដែរ តែភាគច្រើននៃការលើកឡើងរបស់ពួកគាត់គឺ គាំទ្រមតិអ្នកនេះ ឬមតិអ្នកនោះយ៉ាងវែងអន្លាយ ដោយមិនមានទាក់ទងនឹងខ្លឹមសារច្បាប់ដែលត្រូវអនុម័តនោះឡើយ។ ជាពិសេស គេស្ដាប់លឺមានតែការកោតសរសើរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែប៉ុណ្ណោះ។
ទាក់ទងនឹងបញ្ហានេះ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព (PDP) បានលើកឡើងថា ច្បាប់ដែលបានអនុម័តនេះមិនមានលក្ខណៈពេញលេញ តំណាងឲ្យប្រយោជន៍ជាតិ និងប្រជារាស្រ្តទាំងមូលនោះទេ។ លោកបានចាត់ទុកថា នេះជាការសម្រេចដោយឯកបក្ស ឬជាការសម្រេចក្នុងនាម«បក្ស» មិនមែនប្រទេសជាតិ ឬប្រជាពលរដ្ឋនោះទេ ព្រោះតែគ្មានការជជែកដេញដោលគ្នា។
លោកបន្តរទៀតថា «ការអនុម័តច្បាន់នេះ បានធ្វើឲ្យមានការមន្ទិល ពីបណ្តាអ្នកវិភាគមួយចំនួន ព្រោះតែគ្មានការដេញដោល ការសួរទល់គ្នា ការជជែក ការតម្រង់ទិសដល់រដ្ឋាភិបាល ដែលបង្ហាញពីការធ្វើតុល្យភាពក្នុងការសម្រេច ឬអនុម័តនោះ ទោះបីអ្នកដែលត្រូវជជែកដេញដោលទាំងនោះ ជាតំណាងរាស្រ្តមកពីបក្សតែមួយ ដែលជាបក្សរបស់ខ្លួនក៏ដោយ។» លោកបានបន្ថែមថាក្នុងតំណាក់កាលនេះ ប្រទេសកំពុងស្ថិតក្នុងភាពចម្រូងចម្រាស់បញ្ហានយោបាយ ដែលត្រូវធ្វើស្វែងរកនូវការស្រុះស្រួលគ្នា ដើម្បីបង្ហាញភាពជឿជាក់ទៅកាន់បណ្តាប្រទេសជាម្ចាស់ជំនួយ។ «ថវិកាដែលអនុម័តទាំងនេះមិនមែនយកត្រឹមតែពីពន្ធនោះទេ គេត្រូវយកពីសហគមអន្តរជាតិផងដែរ ដូច្នេះហើយទើបគេត្រូវការ ឲ្យមានការចូលរួមពីភាគីបក្សប្រឆាំង ដែលជាបក្សមិនកាន់អំណាច។»
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូមិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាំក្យគណបក្សសង្គ្រោះជាតិបានទេ ក្នងថ្ងៃនេះ។ តែតាមកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរីកាលពីម្សិលម៉ិញ លោកសុន ឆ័យ បានហៅការប្រជុំសភានេះថា ជាការប្រជុំរបស់គណបក្សប្រជាជនកម្ពុជា។ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ពិតជាមិនហ៊ានហើបមាត់តវ៉ា ឬជជែកនៅក្នុងសភាដើម្បីប្រយោជន៍ជាតិទេ។ គម្រោងចាយលុយជាតិ ជាការសម្រេចលើមនុស្សមួយក្រុមប៉ុណ្ណោះ។ «ថវិកាលើកនេះជាថវិកាចម្លែកមួយ ជាថវិកាដែលអនុម័តដោយបក្ស មិនមែនជាថវិកាដែលអនុម័តដោយសភាដែលតំណាងឲ្យប្រជាជាតិខ្មែរនោះ ទេ។ ខ្ញុំមានការសោកស្ដាយថា ថវិកាជាតិហ្នឹងត្រូវ មិនអាចធ្វើឲ្យប្រញាប់អ៊ីចឹងបានទេ គ្មានមូលដ្ឋាននៃការប្ដូរយោបល់ មុននឹងរៀបចំការចាយវាយថវិកាជាតិ ហ្នឹង»។
សូមរម្លឹកថា ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ដែលកំណត់ឲ្យរដ្ឋាភិបាលមានលទ្ធិភាព និងសិទ្ធិចាយវាយថវិកាជាតិជាង១៤លានលានរៀល ពិសេសការអនុញ្ញាតឲ្យរាជរដ្ឋាភិបាល«ខ្ចីបំណុល»ពីបរទេសជាង៩រយលានដុល្លារក្នុងអត្រាការប្រាក់អនុគ្រោះ និងកម្ចីសម្បទាននេះ រដ្ឋសភាក៏បានអនុម័តសេចក្ដីព្រាងច្បាប់បីដោយឡែកទៀត ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ ការបង្កើតក្រសួងឧស្សាហកម្ម សិប្បកម្ម និង ការបង្កើតក្រសួងរ៉ែ និងថាមពល។
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ