កម្ពុជា៖ បង្កើតបញ្ជីសេវាសាធារណៈ ដើម្បីប្រឆាំង«អំពើពុករលួយ»
រដ្ឋាភិបាលកម្ពុជាបានបង្កើត ឲ្យមានតារាងបញ្ជីសេវាសាធារណៈ ដោយមានកំណត់តម្លៃសេវា ដែលប្រជាពលរដ្ឋត្រូវបង់ចូលរដ្ឋ ក្នុងការធ្វើលិខិតស្នាមនានា ដូចជា ការសុំច្បាប់បើកអាជីវកម្ម និងលិខិតរដ្ឋបាលផ្សេងៗទៀត។ល។
ផ្លាកបង្ហាញរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា។ MONOROOM.info Photo/ D.KEO
ការបង្កើតបញ្ជីសេវាសាធារណៈ ដែលត្រូវបានបង្កើតឡើងរួមគ្នា រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺដើម្បីប្រយុទ្ធប្រឆាំង នឹងភាពមិនប្រក្រដី ពិសេសគឺប្រឆាំងនឹងអំពើ ពុករលួយក្នុងវិស័យ សេវាសាធារណៈ។ នេះជាការថ្លែងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីចែកសញ្ញាប័ត្រ ដល់និសិ្សតបញ្ចប់ការសិក្សា របស់វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣។
លោកនាយករដ្ឋមន្ត្រីបានបន្តថា ការបង្តើតនេះ ដើម្បីពង្រឹងវិស័យ សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអ្នកវិនិយោគទុនទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ លោកបានបន្ថែមទៀតថា ចំពោះក្រសួងការបរទេស និងក្រសួងមហាផ្ទៃ កំពុងធ្វើកិច្ចការនេះបន្ត ដោយឡែកសេវានៅមូលដ្ឋាន កំពុងរៀបចំ។ «អ្នកបង់ឲ្យលើសក៏ត្រូវជាប់ទោស អ្នកទទួលលើសក៏ត្រូវជាប់ទោស» លោកនាយករដ្ឋមន្រ្តីអះអាង។
សូមបញ្ជាក់ថា នៅក្នុងពិធីចែកសញ្ញាប័ត្រនេះ លោកនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង អំពើពុករលួយជាមួយគ្នា ដើម្បីកសាងប្រទេសជាតិ ឲ្យរីកចម្រើន ហើយលោក សង្ឃឹម និងជឿជាក់ថា កម្ពុជានឹងអាចប្រឆាំង នឹងអំពើពុករលួយបាន។
ការបង្កើតឲ្យមានបញ្ជី សេវាសាធារណៈ នៅតាមក្រសួងស្ថាប័នរដ្ឋនានា ដើម្បីកំណត់អំពីកម្រៃសេវា ក្នុងការធ្វើលិខិតស្នាម និងការចុះបញ្ជីផ្សេងៗនោះ ត្រូវបានមជ្ឍដ្ឋានមួយចំនួន មានការគាំទ្រ និងមួយចំនួនទៀតសម្តែងការព្រួយ បារម្ភផងដែរ។ ដោយហេតុថាពួកគេមិនសង្ឃឹមថា យន្តការនេះ នឹងអាចអនុវត្តបាន ប្រកបដោយប្រសិទ្ធភាពនោះទេ។
លោក កែម ឡី ជាអ្នកស្រាវជ្រាវពីបញ្ហាសង្គម និងជាអ្នកវិភាគឯករាជ្យមាន ប្រសាសន៍ថា៖ «ខ្ញុំគាំទ្រចំពោះ ការបង្កើតឲ្យមានបញ្ជីនេះ ប៉ុន្តែចំនុច សំខាន់ស្ថិតនៅលើការអនុវត្ត»។ លោកបន្តថា នាពេលកន្លងមក នៅតាមក្រសួងស្ថាប័ន របស់រដ្ឋមួយចំនួនមានបញ្ជី ដែលមានលក្ខណៈ ប្រហាក់ប្រហែលនេះរួចហើយ ប៉ុន្តែនៅតែមានភាពមិនប្រក្រដី នៅក្នុងការបង់សេវាសាធារណៈ ពោលគឺនៅតែមានការបង់លើស នូវចំនួនទឹកប្រាក់ ដែលមានកំណត់នៅក្នុងបញ្ជី ។ លោកបញ្ជាក់ថា រដ្ឋាភិបាលគួរផ្តល់ប្រាក់ខែដល់ មន្រ្តីរាជការ ឲ្យបានច្រើនជាងនេះ ដើម្បីសម្រួលដល់ជីវភាព របស់ពួកគាត់។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ លោក ឱម យិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា រដ្ឋាភិបាល នឹងចាប់ផ្តើមអនុវត្តផែនការ ប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ពិសេសចាត់ការលើ មន្រ្តីឃុំសង្កាត់ ដែលយកប្រាក់លើស ចំនួនកំណត់ ពាក់ព័ន្ធថ្លៃកម្រៃសេវា ក្នុងការធ្វើលិខិតស្នាមនានា។
ប្រទេសកម្ពុជា ត្រូវបានមជ្ឍដ្នានទូទៅ កត់សម្គាល់ឃើញថា ការផ្តល់សេវាសាធារណៈ របស់រដ្ឋ ដល់ប្រជាពលរដ្ឋ នៅមាន ភាពទន់ខ្សោយនៅឡើយ ក៏ព្រោះតែមានបញ្ហាអំពើពុករលួយ ស្ទើរគ្រប់វិស័យនៅ តាមស្ថា ប័នរដ្ឋនានា បើទោះបីជាមានការចូលរួមខិតខំប្រយុទ្ធប្រឆាំង និងលប់បំបាត់ពីគ្រប់ភាគី ក៏ដោយ។ ប្រទេសកម្ពុជាត្រូវបាន ចាត់ចូលក្នុងចំណាត់ថ្នាក់លេខ១៥៧ ក្នុងចំណោម១៧៦ ប្រទេសដែលពាក់ព័ន្ធ នឹងអំពើពុករលួយ នេះបើយោងតាម ការប្រកាសរបស់អង្គការ តម្លាភាពកម្ពុជាកាលពីឆ្នាំ២០១២៕
--------------------------------------------------------
ដោយៈ អ៊ុំ បុរី - ភ្នំពេញថ្ងៃទី៣០ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ