ព្រះរាជអាជ្ញារងចោទ ឡាយ វណ្ណៈ និងបងប្រុសពីបទឃាតកម្ម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ មេសា ២០១៨
- កែប្រែចុងក្រោយ: April 03, 2018
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅមុននេះបន្តិច ដំណឹងបានធ្លាក់មកដល់ ជុំវិញការសាកសួរជនសង្ស័យ៦នាក់ ពីសំណាក់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសំនុំរឿងឃាតកម្ម ទៅលើអ្នកស្រី ចេវ សុវឌ្ឍនា។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូង បានថ្លែងឲ្យដឹង តាមរយៈប្រព័ន្ធផ្ញើរសារ «តេឡេហ្គ្រាម» ដូច្នេះថា លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង បានសម្រេចចោទប្រកាន់ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
មនុស្សពីរនាក់ទៀត ដែលរងការចោទប្រកាន់ដែរនោះ មានលោក ម៉េន សាម៉ៃ អ្នកបើករថយន្ដឲ្យលោក ឡាយ វណ្ណៈ និងលោក ជឹម វុធ ហៅ ថូត អ្នកបម្រើការ នៅក្នុងផ្ទះអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានចោទពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។
មនុស្សទាំងបួននាក់ខាងលើ នឹងត្រូវបញ្ជូនឡើង ទៅឲ្យចៅក្រមស៊ើបអង្កេតសម្រេច ដើម្បីកំណត់ថា តើពួកគេត្រូវស្ថិតក្រោមការឃុំខ្លួន ជាបន្តឬយ៉ាងណា។
ចំណែកឯមនុស្សពីរនាក់ទៀត មានលោក តាក់ រតនា អ្នកបើករថយន្ដឲ្យលោក ឡាយ ណារិទ្ធ និងអ្នកស្រី ចាន់ រី អ្នកបម្រើការនៅក្នុងផ្ទះអ្នកស្រី ចេវ សុវឌ្ឍនា (ត្រូវជាភរិយារបស់លោក ជឹម វុធ) ត្រូវមានសេរីភាព និងត្រូវបានអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ។
កាលពីមុនពេលត្រូវបានចាប់ខ្លួន លោក ឡាយ វណ្ណៈ បានបដិសេធការជាប់ពាក់ព័ន្ធ នៅក្នុងឃាតកម្មលើអ្នកស្រី ចេវ សុវឌ្ឍនា ដែលលោកសារភាពថា ពិតជាមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្នុងមួយរយៈពេលកន្លងមកនោះមែន។ លោកបានហៅការចោទប្រកាន់ ទៅលើរូបលោក និងបងប្រុសរបស់លោក ថាមានលក្ខណៈមិនពិត ហើយបានអះអាង ថាមិនរត់ចេញក្រៅប្រទេសឡើយ ដោយសុខចិត្តនៅក្នុងប្រទេស ដើម្បីទាមទាររកយុត្តិធម៌។
អ្នកស្រី ចេវ សុវឌ្ឍនា ដែលជាបុគ្គលិកផ្នែកពិធីការ របស់រដ្ឋសភាជាតិ ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងផ្ទះជួលមួយ ដែលស្ថិតនៅ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ នៅពេលភ្លាមៗបន្ទាប់ពីកើតហេតុ របាយការណ៍របស់នគរបាលខេត្ត បានសន្និដ្ឋានថា ស្ត្រីអាយុ៣៦ឆ្នាំរូបនេះ បានធ្វើអត្តឃាត ដោយសារតូចចិត្ត ក្នុងបញ្ហាស្នេហា៕