សំងំ​សូត្រ​ធម៌​១ម៉ោង រួច​ដក​កាំភ្លើង​បាញ់​ក្នុង​ព្រះ​វិហារ ស្លាប់​៩នាក់

ជនសង្ស័យដំបូងគេ នៅក្នុងការបាញ់បោះ ដោយកាំភ្លើង នៅក្នុងព្រះវិហារមួយ នៃសហគមន៍ជនស្បែកខ្មៅ នៅអាមេរិក កំពុងស្ថិតក្នុងការគេចខ្លួន នៅឡើយ។ ប៉ុន្តៃសាក្សី បានអះអាថា ជននេះបានសំងំសូត្រធម៌ អស់រយៈពេល១ម៉ោង នៅ​ក្នុង​ព្រះវិហារ មុននឹងបើកការវាយប្រហារ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 18, 2015
  • ប្រធានបទ: បាញ់បោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្មាន់កាំភ្លើង ដែលបានបើកការបាញ់ប្រហារ បង្កឲ្យមានមនុស្សស្លាប់៩នាក់ នៅយប់ថ្ងៃពុធ ក្នុងព្រះវិហារមួយ នៃ​សហគមន៍ជនស្បែកខ្មៅ នាភាគខាងជើង នៃក្រុងឆារឡេស្ដុន (Charleston - រដ្ឋការ៉ូលីនខាងត្បូង សហរដ្ឋ​អាមេរិក) ត្រូវបានគេដឹងថា បានចូលមកសំងំសូត្រធម៌ អស់រយៈពេល១ម៉ោង មុននឹងដកកាំភ្លើង បាញ់រះទៅលើ​បណ្ដាជន។ បន្ទាបមក ជននេះបានរត់គេចខ្លួន និងកំពុងត្រូវអាជ្ញាធរ កំពុងស្វែងរកចាប់ខ្លួននៅឡើយ រហូត​មក​ដល់​ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។ នេះបើតាមប្រភព ពីមន្ត្រីនគរបាល។

លោក គ្រេហ្គ័រី មូឡេន (Gregory Mullen) នាយនគរបាលក្រុង ឆារឡេស្ដុន បានថ្លែងប្រកាស នៅក្នុង​សន្និសីទ​សារព័ត៌មានថា ជនសង្ស័យ ជាជនស្បែកស និងប្រកបដោយសភាពគ្រោះថ្នាក់នេះ បានស្ថិតនៅ​ប្រមាណ​ជា ១ម៉ោង ជាមួយនឹងក្រុមមនុស្ស ដែលកំពុងសិក្សាពីគុម្ពីប៊ីប ក្នុងព្រះវិហារ មុននឹងបើកការ​បាញ់​ប្រហារ។

ដើម្បីស្វែងរក ចាប់ខ្លួនជននេះ នគរបាលក្រុងបានសហការជាមួយ កងកម្លាំងស៊ើបអង្កេត នៃនគរបាលសហព័ន្ធ ដែលហៅកាត់ថា អេហ្វប៊ីអាយ (FBI) និងកម្លាំងនគរបាល មកពីរដ្ឋធានីវ៉ាស៊ីនតោន។

រូបថតដែលផ្សព្វផ្សាយ ដោយក្រុមនគរបាលតំបន់ បានបង្ហាញឲ្យឃើញដែរថា ជននេះមានស្បែកស មានមាឌ​មាំមួនធម្មតា និងពាក់អាវពណ៌ប្រផេះ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំង ទៅលើជនសង្ស័យ គឺសក់ក្បាល​ត្រូវ​បានកាត់ ដូចចានគ្រប មានពណ៌ទង់ដែងភ្លឺ។ បើតាមនគរបាល ជនសង្ស័យមានអាយុជាង២០ឆ្នាំ និងមាន​កំពស់​១,៨០ម៉ែត្រ។ ជននេះបានចាកចេញ ពីកន្លែងកើតហេតុ ដោយបើករថយន្ដតូច ពណ៌ខ្មៅមួយទៅ​ជា​មួយ។

នគរបាលបានព្រមាន ទៅដល់បណ្ដាជនថា ជននេះមានអាវុធ នៅនឹងដៃ ហើយហាមមិនឲ្យនរណាម្នាក់ ចូល​ទៅ​ជិតជនសង្ស័យឡើយ។

មនុស្ស៩នាក់ ត្រូវបានបាញ់សម្លាប់ នៅនឹងកន្លែង ក្នុងនោះបុរស៣នាក់ និងស្ត្រី​៦នាក់។ ក្នុងចំណោមជន​រង​គ្រោះ​ទាំងនេះ ក៏មានអាចារ្យកាតូលីក ប្រចាំនៅព្រះវិហារ ឈ្មោះ ក្លេម៉ង់តា ពីនគ្នី (Clementa Pinckney) ម្នាក់​ដែរ។ មិនត្រឹមជាអាចារ្យប៉ុណ្ណោះទេ តែលោក ក្លេម៉ង់តា ពីនគ្នី ជាព្រឹទ្ធសមាជិក​មួយ​រូប ប្រចាំនៅក្នុងរដ្ឋ ការ៉ូលីន​ខាងត្បូង នេះថែមទៀត។ នេះបើតាមការអះអាង របស់ព្រឹទ្ធសមាជិកប្រចាំរដ្ឋនេះ ម្នាក់ទៀត លោក ម៉ារឡុង គីមព្សុន (Marlon Kimpson) ដែលបានថ្លែងប្រាប់ ប្រព័ន្ធផ្សព្វផ្សាយតំបន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...