សកម្មជនសិទ្ធិមនុស្សម្នាក់ ថាខ្លួនត្រូវជនអនាមិកផ្លុងពស់គម្រាម
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 18, 2015
- ប្រធានបទ: សិទ្ធិមនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើនរណាម្នាក់ ដែលមិនភ្ញាក់ផ្អើល នៅពេលបានបើកទ្វាផ្ទះ នៅព្រឹកព្រលឹមឡើង ស្រាប់តែឃើញ មានពស់មួយក្បាល នៅខាងមុខផ្ទះនោះ? ប៉ុន្តែសម្រាប់លោក ណៃ វង់ដា និងគ្រួសារ វិញ ករណីនេះ មិនត្រឹមជាការភ្ញាក់ផ្អើល មួយធម្មតានោះទេ។ លោកបានអះអាងថា នេះជាការគម្រាមមួយ ទៅលើរូបលោក ដែលជាសកម្មជនសិទ្ធិមនុស្ស។
បើទោះជាពស់នោះ ជាពស់ស្លាប់ ដែលត្រូវគេច្រកក្នុងស្បោង យកមកដាក់ចោល នៅខាងមុខផ្ទះលេខ ១០អេ ផ្លូវ៣៦១ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក៏ដោយ តែអនុប្រធានផ្នែកសិទ្ធិមនុស្ស និងជំនួយការផ្នែកច្បាប់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា បានថ្លែងអះអាង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាជាចេតនា របស់ជនអនាមិក ក្នុងការ«គម្រាម»លោកតែម្តង។ លោកបានធ្វើការសន្និដ្ឋានថា៖ «ទីមួយ នៅភ្នំពេញគ្មានទេ ប្រភេទពស់អញ្ចឹង។ ទីពីរ ច្រកស្បោង យកមកដាក់មុខផ្ទះ ហើយបញ្ចេញក្បាលពស់ងាប់នោះ ថែមទាំងលានអណ្តាតមកទៀត វាហាក់ដូចជាការគម្រាមថា កុំឲ្យយើង ធ្វើសកម្មភាពការងារសិទ្ធិមនុស្សច្រើនពេក ខ្លាំងក្លាពេក ប្រយ័ត្នមានករណីអញ្ចឹង កើតឡើង។ (...) ខ្ញុំគិតថា វាអាចជាការគម្រាម។»
សម្រាប់សកម្មជនសិទ្ធិមនុស្សរូបនេះ វាមិនមែនជាលើកទីមួយទេ ដែលលោក និងគ្រួសារគិតថា ពិតជាកំពុងរង នូវការគម្រាមរបស់ ជនអនាមិកនោះ។ លោកប្រាប់ថា លើកទីមួយ មានការគម្រាមមួយ តាមរយៈគ្រោះថ្នាក់ចរាចរណ៍ តែមិនមានគ្រោះថ្នាក់ធំដុំទេ ដោយគ្រាន់តែ កូនៗរបស់លោក មានការភិតភ័យខ្លះៗដែរ។ លើកទីពីរ មានការផ្ញើររូប ជារូបកាំភ្លើង និងគ្រាប់ ដោយជនអនាមិក ទៅក្នុងគណនេយ្យហ្វេសប៊ុក របស់ប្រពន្ធលោក។ ហើយនាព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ជាលើកទីបី ដែលមានការទម្លាក់ពស់«ងាប់» នៅមុខផ្ទះលោក។
ការផ្លុងពស់ ទាក់ទងនឹងតុលាការ?
កន្លងមកនេះ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានធ្វើសកម្មភាពខ្លាំងក្លា ទៅលើការសង្កេតការណ៍នានា ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ជាពិសេសការឃ្លាំមើល ការអនុវត្តច្បាប់ របស់តុលាការកម្ពុជា។ លោក ណៃ វង់ដា ក៏ជាមន្ត្រីឯករាជ្យ វោហាបានមួយរូប នៅចំពោះអ្នកសារព័ត៌មាន ដែលតែងប្រមាញ់សុំប្រតិកម្ម ឬការធ្វើអត្ថាធិប្បាយពីលោក ទាក់ទងនឹងសំនុំរឿងរសើបៗ ឬករណីនយោបាយ ដែលតែងកើតមាននៅក្នុងប្រទេស។
លោកបានលើកយកសំនុំរឿងក្ដី ចោទប្រកាន់ទៅលើសកម្មជន គណបក្សសង្គ្រោះជាតិ មកបញ្ជាក់ ដោយបានថ្លែងជាទូទៅ ប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើតុលាការណាមួយ ដែលមិនគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ មិនមានឯករាជ្យភាព មិនផ្តល់យុត្តិធម៌ដល់ពលរដ្ឋទេ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ខ្ញុំសូមអំពាវនាវកុំឲ្យគោរព កុំឲ្យតម្លៃតុលាការបែបហ្នឹងតទៅទៀត។ តែបើតុលាការគេល្អ ចៅក្រមគេល្អ ព្រះរាជអាជ្ញាគេល្អ យើងគោរពឲ្យតម្លៃគេទៅ។»
សំនុំរឿងរសើបចុងក្រោយ ដែលបានកើតឡើង នៅមុនមួយថ្ងៃ នៃការផ្លុងពស់នេះ គឺសមាគមរបស់លោក បានដាក់មេធាវី និងការពារដល់អង្គរក្សខ្សែរទីពីរ របស់លោក សម រង្ស៊ី ត្រូវបានតុលាការខេត្តកណ្តាល ចេញដីការបង្គាប់ឲ្យចាប់ខ្លួន ពាក់ព័ន្ធនឹងការប្តឹងថា បានឆរបោកប្រាក់គេ ចំនួនប្រាំពាន់ដុល្លា។ នៅក្នុងករណីនេះ លោកបានផ្តល់ប្រឹក្សាយោបល់ ដើម្បីកុំឲ្យមានការចាប់ខ្លួន មន្ត្រីអង្គរក្សទាំងនោះ និងរៀបចំឲ្យមានមេធាវី ការពារជាបន្ទាន់ដែរ។
មិនអាចសុំការបកស្រាយ ពីអាជ្ញាធរមូលដ្ឋាន ទាក់ទងនឹងករណី«ផ្លុង»ពស់ងាប់នេះបានទេ នៅក្នុងពេលភ្លាមៗនេះ៕