«កឹម សុខា នឹងត្រូវ ហ៊ុន សែន បង្ខំចិត្តដោះលែងឆាប់ៗនេះដែរ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ សីហា ២០១៨
- កែប្រែចុងក្រោយ: August 28, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការដោះលែង ក្រុមមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ កាលពីយប់ម៉ិញ ទទួលបានការអបអរសាទរ ពីសំណាក់លោក សម រង្ស៊ី អតីតប្រធានគណបក្សនេះ ជាមួយនឹងពាក្យពេជន៍ លើកសរសើរ ពី«វីរភាព» នៃអស់លោកទាំងនោះ ដែលបានបង្ហាញ នូវ«ភាពក្លាហាន ភាពអត់ធ្មត់ និងភាពស្មោះត្រង់» របស់ពួកគេ ចំពោះគណបក្សសង្គ្រោះជាតិ និងចំពោះប្រជារាស្ត្រខ្មែរ ដែលមេដឹកនាំប្រឆាំងរូបនេះ ស្រដីអះអាងថា កំពុង«ទាមទារ ឲ្យបញ្ចប់របបផ្តាច់ការសព្វថ្ងៃ»។
ប្រធានចលនាសង្គ្រោះជាតិ បានអះអាងដឹងច្បាស់ ថាមិនយូរប៉ុន្មាន ក្នុងពេលខាងមុខ លោក ហ៊ុន សែន ក៏ត្រូវបង្ខំចិត្ត ដោះលែងលោក កឹម សុខា ដែរ។ លោក សម រង្ស៊ី បានថ្លែងថា៖ «លោក កឹម សុខា ក៏នឹងត្រូវលោក ហ៊ុន សែន បង្ខំចិត្តដោះលែង ក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ក្រោមសម្ពាធអន្តរជាតិ ដែលបានដាក់កាលបរិច្ឆេទ ឲ្យលោក ហ៊ុន សែន ដោះលែង អ្នកទោសនយោបាយទាំងអស់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ»។
យ៉ាងណា ការដោះលែងត្រឹមអ្នកទោសនយោបាយ មិនគ្រប់គ្រាន់ទេ។ ដូចដែលបានលើកឡើង កាលពីថ្ងៃអាទិត្យរួច លោក សម រង្ស៊ី បានបញ្ជាក់ជាថ្មី ពីលក្ខខណ្ឌជាច្រើនទៀត ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គឺលោក ហ៊ុន សែន ត្រូវបំពេញថែមទៀត។ លក្ខខណ្ឌទាំងនោះ មានជាអាទិ៍៖
១- យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ
២- អនុញ្ញាតិឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១១៨ រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយពេញលេញដូចមុន
៣- ទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្ត្រីសង្គមស៊ីវិល និងអ្នកសារព័ត៌មានទាំងអស់
៤- ប្រគល់សងតំណែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យទៅសកម្មជន គណបក្សសង្គ្រោះជាតិ ជាង ៥ ពាន់នាក់ ដែលបានជាប់ឆ្នោត ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ២០១៧
៥- រៀបចំការបោះឆ្នោត ព្រឹទ្ធសភា និង រដ្ឋសភា ឡើងវិញ៕