ហ៊ុន ម៉ាណែត ឡើង​ជា​មេទ័ព​កំពូល សម្រាប់​រយៈពេល​បី​ថ្ងៃ

នៅទើសតែពាក្យ «ស្ដីទី» ពីរម៉ាត់​ប៉ុណ្ណោះ! កូនប្រុសច្បងនាយករដ្ឋមន្ត្រី ត្រូវបានប្រគល់តួនាទី ឲ្យឡើងជាមេទ័ពកំពូលស្ដីទី នៃកងយោធពលខេមរភូមិន្ទ ជំនួសលោក សៅ សុខា ដែលអះអាងថា ត្រូវទៅសម្រាកព្យាបាលជំងឺ នៅក្រៅប្រទេសជាច្រើនថ្ងៃ។
ហ៊ុន ម៉ាណែត ឡើង​ជា​មេទ័ព​កំពូល សម្រាប់​រយៈពេល​បី​ថ្ងៃ
ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ហ៊ុន សែន។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៨ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 28, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឪពុកកាន់តំណែង ជានាយករដ្ឋមន្ត្រីផង និងជាអគ្គមេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធផង ខណៈពេលនេះ កូនប្រុសកំពុងបោះជំហាន ទៅកាន់តំណែង ជាអគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ដែលជាតំណែងដ៏កំពូល នៅក្រោមបញ្ជា ត្រឹមតែឪពុកខ្លួនប៉ុណ្ណោះ។ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បង របស់លោក ហ៊ុន សែន ដែលកំពុងកាន់តួនាទី ជា​អគ្គ​មេបញ្ជាការ​រង ​នៃ​កង​យោធពល​ខេមរភូមិន្ទ ត្រូវ​បាន​ប្រគល់​តួនាទី​ ជា​អគ្គ​មេបញ្ជាការ​ស្ដីទី ​នៃ​កង​យោធពល​ខេមរភូមិន្ទ ជំនួស លោក សៅ សុខា ក្នុង​ពេល​លោក​សម្រាក​ព្យាបាល​ជំងឺ ​នៅ​ប្រទេស​សឹង្ហបុរី ចំនួន​បី​ថ្ងៃ។

​លិខិត​ប្រគល់​តំណែង​មេទ័ពកំពូលស្ដីទី ​នៃ​កង​យោធពល​ខេមរភូមិន្ទ ចុះ​ថ្ងៃ​ទី២៤ សីហា ដែលបានមកដល់ដៃ​អ្នក​សារព័ត៌មាន​ ​នៅ​ថ្ងៃ​ទី២៧ សីហា បានបញ្ជាក់ពីមូលហេតុ នៃការប្រគល់តំណែងនេះថា គឺដោយសារលោក សៅ សុខា ត្រូវ​ទៅ​ព្យាបាល​ជំងឺ ​នៅ​ប្រទេស​សឹង្ហបុរី ចំនួន​៣ថ្ងៃ គឺ​ពី​ថ្ងៃ​ទី២៦ ដល់​ថ្ងៃ​ទី​២៨ សីហា។

លោក​ ហ៊ុន ម៉ាណែត ដែលពីមុនមក មានតួនាទីត្រឹម​ជានាយ​រង​សេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការ​រង​ កងទ័ពជើង​គោក ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ កាលពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៨ ប្រគល់​ភារកិច្ច​ ឲ្យឡើងកាន់តួនាទី «ស្ដីទី» ជំនួសមន្ត្រីយោធាជាន់ខ្ពស់ពីរនាក់ គឺលោក គន់ គីម (អគ្គមេបញ្ជាការរង ​នាយ​សេនាធិការ​ចម្រុះ) និងលោក មាស សុភា (អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើង​គោក)។

ការដាក់កូនប្រុសនាយករដ្ឋមន្ត្រី ឲ្យឡើងជំនួសតួនាទី តំណែងមេទ័ពគ្រាក់ៗ របស់របបដឹកនាំលោក ហ៊ុន សែន ត្រូវបានអ្នកនាំពាក្យក្រសួងការពារពារជាតិ លោក ឈុំ សុជាតិ ពន្យល់តាមរយៈសារព័ត៌មានក្នុងស្រុកថា ដោយសារលោក គន់ គីម និងលោក មាស សុភា បានទៅឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ហើយអស់លោកទាំងនោះ បានព្យួឈ្មោះពីតួនាទីខ្លួន នៅក្នុងជួរកងទ័ព។

ប៉ុន្តែ នៅប៉ុន្មានថ្ងៃក្រោយមក ពាក្យ«ស្ដីទី»នេះ បានរលាយរូបបាត់ ចេញពីខាងក្រោយ ​ពាក្យ«មេទ័ពរង» ជាស្ថាពរ បន្ទាប់ពីកូនប្រុសច្បង​នាយករដ្ឋមន្ត្រី អាយុ៤០ឆ្នាំ ត្រូវបានព្រះ​មហា​ក្សត្រ ចេញព្រះរាជក្រិត្យ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ តែងតាំង​ឲ្យមានតួនាទី ជា «អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ បន្ថែមលើមុខងារ​បច្ចុប្បន្ន» ពោល គឺឡើងជា មេទ័ពរង«ពេញសិទ្ធិ»។

លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ និងជាអ្នកឃ្លាំមើល បញ្ហានយោបាយខ្មែរ បានថ្លែងនៅមុននេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា យូរឬឆាប់ លោក ហ៊ុន ម៉ាណែត នឹងកាន់តួនាទី ជាមេទ័ពពេញសិទ្ធិ ដោយគ្រាន់តែឆ្លងកាត់ តាមផ្លូវបត់បែន កាច់ចុះកាច់ឡើង ឲ្យល្អមើលជាមុនប៉ុណ្ណោះ។ លោកថា មូលហេតុដែលកូនប្រុសច្បងលោក ហ៊ុន សែន ត្រូវបានឡើងកាន់តំណែង យ៉ាងឆាប់រហ័សដូច្នេះ ត្រូវបានពន្យល់ចេញ ជាពីរចំណុច៖

ទីមួយ លោក ហ៊ុន សែន ចង់ធ្វើឲ្យមុខមាត់ និងរូបភាពកងទ័ពកម្ពុជា មានការផ្លាស់ប្ដូរ បន្ទាប់ពីការដឹកនាំ ដ៏ចាស់វស្សា របស់ឧត្ដមសេនីយ៍មុនៗ ដែលមួយចំនួន មានអតីតភាព ជាទាហានខ្មែរក្រហមផងនោះ មិនសូវទទួលបានការគោរពស្រឡាញ់ ពីមតិជាតិ និងមតិអន្តរជាតិប៉ុន្មានទេ។ និងទីពីរ លោក ហ៊ុន សែន ត្រូវរៀបចំការស្នងតំណែង នៃសន្តិវង្សត្រកូល ហ៊ុន របស់លោក ពីពេលនេះឲ្យហើយ។ លោក ហ៊ុន ម៉ាណែត គ្មានជំនាញខាងសេដ្ឋកិច្ច ឬច្បាប់ទម្លាប់ទេ។ ដូច្នេះចាំបាច់ណាស់ ដែលលោក ហ៊ុន ម៉ាណែត ត្រូវពង្រឹងអំណាចរបស់ខ្លួន តាមរយៈអំណាចយោធា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...