ទូតអាមេរិកថា ការលើកឡើងរបស់ ហ៊ុន សែន ជារឿងឆ្កួតៗ
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១៩ មីនា ២០១៨
- កែប្រែចុងក្រោយ: March 19, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វា«គ្រាន់តែជារឿងឆ្កួតៗ ហើយជារឿងដែលមិនចាំបាច់លើកឡើង សម្រាប់ការពិភាក្សានោះឡើយ»។ នេះ ជាការថ្លែងឡើង របស់លោក វីល្លៀម ហេដត៍ (Willaim Heidt) ឯកអគ្គររដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ជុំវិញការលើកឡើងកាលពីថ្ងៃសុក្រ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញករណីឃាតកម្មលើលោក កែម ឡី និងករណីគម្រាមកំហែង ដល់ជីវិត លើលោក ជុន ចាន់បុត្រ នាយករងវិទ្យុអាស៊ីសេរី។
ថ្លែងនៅចំពោះ ពលរដ្ឋខ្មែរ-អូស្ត្រាលីច្រើនរយនាក់ ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា នាយករងវិទ្យុអាស៊ីសេរី ដែលលោកហៅឈ្មោះខុសនោះ ថាបានទាក់ទងកូនប្រុសច្បងរបស់លោក និងឧត្ដមសេនីយ៍ម្នាក់ ឲ្យជួយការពារ ដោយប្រយ័ត្នខ្លាច «ពួកអាមេរិកសម្លាប់ដូច កែម ឡី»។
បុរសខ្លាំងកម្ពុជា ដែលចូលចិត្តនិយាយច្រើនម៉ោង តែម្នាក់ឯង បានថ្លែងឡើងដូច្នេះ៖ «ជុន ច័ន្ទបុត្រ បានទៅជួបឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច៧០ មុន ជុន ច័ន្ទបុត្រ ជួប ហ៊ុន ម៉ាណែត កូនប្រុសរបស់ខ្ញុំ។ តើ ជុន ច័ន្ទបុត្រ គាត់និយាយថាម៉េចទេ គាត់សុំឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជួយការពារផង ប្រយ័ត្នពួកអាមេរិកសម្លាប់ដូច កែម ឡី។»
តបទៅនឹងការលើកឡើងនេះ លោក វីល្លៀម ហេដត៍ បានថ្លែងជាភាសាអង់គ្លេស ពីខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃអាទិត្យម្សិលម៉ិញ ក្នុងអត្ថន័យជាខេមរភាសាថា៖
«ខ្ញុំចង់និយាយបន្ដិច អំពីការអត្ថាធិប្បាយមួយចំនួន ពីប្រទេសអូស្ដ្រាលី កាលពីចុងសប្ដាហ៍នេះ។ ពិតណាស់ ការថ្លែងមួយកាលពីថ្ងៃសុក្រ អំពីសហរដ្ឋអាមេរិក និងព្រឹត្តិការណ៍ដ៏សោកសៅ អំពីលោក កែម ឡី។ ពិតណាស់ ការថ្លែងទាំងពីរនេះ គឺមិនច្បាស់លាស់ និងជាការវាយប្រហារ មកលើសហរដ្ឋអាមេរិក។ អ្នកទាំងអស់គ្នានៅកម្ពុជា សុទ្ធតែដឹងហើយថា យើងបានគាំទ្រយ៉ាងពេញទំហឹង ផ្នែកប្រជាធិបតេយ្យ យើងគាំទ្រដល់អង្គការសង្គមស៊ីវិល។ យើងធ្លាប់បាននិយាយ តាំងដើមមក នៅពេលលោក កែម ឡី ត្រូវបានគេសម្លាប់ យើងបាននិយាយអំពីសារសំខាន់ នៃការបើកការស៊ើបអង្កេត [លើឃាតកម្មសម្លាប់ លោក កែម ឡី]ដោយតម្លាភាព។»។
» លោក វីល្លៀម ហេដត៍ ឯកអគ្គររដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា៖
ឯកអគ្គរដ្ឋទូតនៃប្រទេសមហាអំណាច បានផ្ដាំទៅលោក ហ៊ុន សែន ថាមិនគួរថ្លែងពីករណីទាំងនេះ នៅក្នុងប្រទេសអូស្រ្តាលី ដែលជាប្រទេសប្រជាធិបតេយ្យ និងជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកនោះទេ។
លោក ហេដត៍ បានរៀបរាប់ពីករណីលោក ជុន ចាន់បុត្រ បន្តទៀតថា៖ «អាមេរិកគឺជាប្រទេសមួយ ដែលបើកសេរីភាព ផ្នែកសារព័ត៌មានខ្លាំងជាងគេ នៅលើពិភពលោក។ ខ្ញុំអាចនិយាយបានថា អ្នកកាសែតទាំងអស់ មិនមានការភ័យខ្លាចនោះទេ។ ដូច្នេះការលើកឡើង ដែលថាលោក ជុន ច័ន្ទបុត្រ មានការភ័យខ្លាចនោះ គឺគ្រាន់តែជារឿងឆ្កួតៗ ហើយជារឿង ដែលមិនចាំបាច់លើកឡើង សម្រាប់ការពិភាក្សា នោះឡើយ។»៕