ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន អំណោយផលដល់ ការអភិវឌ្ឍន៍
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: February 20, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដោយ មនោរកុមារ MonoKOMA - ប៉ារីស ថ្ងៃទី ២០ កុម្ភះ ២០១២
តាមទីភ្នាក់ងារពត៌មានចិន Xinhua ចេញផ្សាយពីថ្ងៃម្សិលមិញបានអោយដឹង អំពីការប្រកាសរបស់មន្ត្រីរដ្ឋាភិបាលខ្មែរ ស្ដីពី ការកើនសន្ទុះយ៉ាងខ្លាំងក្លា ក្នុងវិស័យ វិនិយោគទុន ពាណិជកម្ម និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងចិន ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្ដាលមកពីចំណងទាក់ទងស្អិតរមួត រវាងប្រទេសទាំងពីរ ។
កាលពីឆ្នាំ ២០១១ កន្លងទៅ ប្រទេសចិនបានចូលមក វិនិយោគទុន នៅក្នុងគំរោងចំនួន ២២ ដែលវិនិយោគ មានជាអាថ៌ ទៅលើវិស័យ អចលនវត្ថុ អាជីវកម្មរ៉ែមាស រោងចក្រតំល៉ើងម៉ូតូ រោងចក្រអង្ករ និងរោងចក្រសំលៀកបំពាក់ ។ បើគណនាជាទឹកប្រាក់សរុប ទៅលើការវិនិយោគ ទាំងនេះ មានប្រមាណជា ២,៥០កោដិ ដុល្លា ត្រូវជា ៧៣% ប្រៀបធៀបទៅនឹងឆ្នាំមុន ខុសគ្នាបន្តិច ទៅនឹងការប្រកាសរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា CDC ដែលនិយាយពី ទឹកប្រាក់វិនិយោគទុន របស់ចិនចំនួនតែ ១,១៩កោដិដុល្លាអាមេរិច ក្នុងឆ្នាំ ២០១១ កើនឡើង ៧១% បើប្រៀបធៀបទៅឆ្នាំ២០១០ ដែលមានចំនួនត្រឹមតែ៦៩៤លានដុល្លា ប៉ុណ្ណោះ។
លោកឆេង គឹមឡុង សាស្រ្តាចារ្យ សេដ្ឋកិច្ចនៃសកលវិទ្យាល័យកម្ពុជា បានថ្លែងបា្រប់ទីភ្នាក់ងារសារពត៌មានដដែលថា ទំនាក់ទំនងការទូតដ៏រលូនរវាង កម្ពុជានិងចិន ជាដើមចមសំខាន់ នៃការវិវឌ្ឍន៍ ដ៏ខ្លាំងនេះ ។ លោកសាស្រ្តាចារ្យក៏បាន បន្ថែមថា ប្រទេសកម្ពុជាបានអនុវត្តន៍នយោបាយ យោគយល់ដល់អ្នកវិនិយោគទុន និងជាពិសេស គឺស្ថេរភាពខាងនយោបាយនេះតែម្ដង ។
រឺឯ របាយការណ៍ពីខាងសង្គមស៊ីវិល ឬអង្គការការពារសិទ្ធិមនុស្ស ឯណោះវិញ បានលើកជារ៉ើយៗ អំពីការរំលោភបំពាន លើសិទ្ធកម្មករ ប្រជាពលរដ្ឋ ដែលរស់នៅលើដី ដែលគ្រោងនឹងអភិវឌ្ឍន៍ ពីសំណាក់ អ្នកវិនិយោគទុនបរទេស ទាំងនោះ ។ របាយការណ៍នោះ ក៏បាននិយាយទៅដល់ដែរ ការមិនរវល់អើពើ ពីសំណាក់ អាជ្ញាធរខ្មែរ ពីការទាមទាររកយុត្តិធម៌របស់ កម្មករ ឬប្រជាពលរដ្ឋ ជាជនរងគ្រោះ ទាំងនោះទេ។ រាល់ការទាមទារ ឫប្រកែកតវ៉ា របស់កម្មករ ឬប្រជាពលរដ្ឋ អ្នករងគ្រោះ តែងតែទទួលរង ត្រឡប់មកវិញ នូវការបង្ក្រាប ដោយហឹង្សាពីសំណាក់ កងកំលាំងអាជ្ញាធរខ្មែរ ។
ការដែលបើកទ្វាទទួល អ្នកវិនិយោគទុន គឺជាគន្លឹសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេស ជាតិ ។ តែការមិនបានគិតដិតដល់ ទៅដល់ផលប៉ះពាល់ នៃប្រជាពលរដ្ឋខ្លួនឯង គឺវាមិនត្រឹមតែធ្វើអោយប្រទេសកម្ពុជា មានឈ្មោះមិនល្អ ក្នុងការគោរពសិទ្ធិមនុស្ស នៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែវានឹងធ្វើអោយប្រទេសកម្ពុជា ធ្លាក់ក្នុងវិបត្តិសង្គម យ៉ាងធ្ងន់ធ្ងរមួយ នាពេលអនាគត ឬក្នុងថ្ងៃណាមួយ ជាមិនខាន ។
មុននឹងទៅដល់ការអភិវឌ្ឍន៍ និងវិភាគអោយស៊ីជំរៅ ក្នុងបរិយាកាសសង្គម និងនយោបាយនៃប្រទេសកម្ពុជា អ្នកវិភាគ ខាងផ្នែកសេដ្ឋកិច្ចជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ទៅលើប្រព័ន្ធការិយាធិបតេយ្យ និងថ្លៃរត់ការក្រដាសស្នាម ដែលគេចង់យោងសំដៅទៅលើអំពើ ពុករលួយ មានលក្ខណៈស៊ីរូងផ្ទៃក្នុង របស់ប្រទេសកម្ពុជា បើទោះជាខាងរដ្ឋាភិបាលបាល បានខិតខំបង្កើត ច្បាប់និងអង្គភាព ប្រឆាំងអំពើពុករលួយ យ៉ាងណាក៏ដោយចុះ ។ ប្រព័ន្ធការិយាធិបតេយ្យ និងថ្លៃរត់ការ ក្រដាសស្នាម ទាំងនេះ បានបង្កអោយមានភាពរារែក ទៅដល់អ្នកវិនិយោគទុនផ្សេងៗ ទៀត ដែលមានបំណងចង់ចូលមក បណ្ដាក់ទុនរកទទួលទាន នៅក្នុងប្រទេសកម្ពុជាដែរនោះ ៕
Crédit photo : peopledaily.com.cn