ចង់ទៅទស្សនាអង្គរ? អ្នកទេសចរណ៍ត្រូវមើលឃ្លីបវីដេអូនេះសិន!
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 23, 2015
- ប្រធានបទ: ទេសចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រមប្រតិបត្តិថ្មីមួយ ត្រូវបានដាក់ជូនទៅក្រុមអ្នកទេសចរណ៍ ដែលមានបំណងចូលមកទស្សនាប្រាង្គប្រាសាទនាតំបន់អង្គរ ដែលជារមណីដ្ឋានប្រវត្តិសាស្ត្រ និងបេតិកភ័ណ្ឌ របស់ប្រទេសកម្ពុជា។ គោលបំណងនៃក្រមប្រតិបត្តិនេះ រហូតដល់បង្កើតជាវីដេអូឡើងមកនេះ គឺចង់បញ្ជៀសនូវទង្វើមិនប្រក្រតីមួយចំនួន នៅក្នុងតំបន់រមណីដ្ឋាន ដែលត្រូវបានចាត់ទុកជាដួងព្រលឹងជាតិ របស់ប្រទេសមួយនេះ។
ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានា នៅក្នុងតំបន់ បានទាក់ទាញទេសចរណ៍ ប្រមាណជាជាង២លាននាក់ ក្នុងមួយឆ្នាំៗ។ ប៉ុន្តែកាលពីពេលកន្លងមក អ្នកទេសចរណ៍ជាច្រើន បានឆ្លៀតឱកាសយកតំបន់ នៃអច្ឆៈរិយៈវត្ថុពិភពលោកមួយនេះ ដើម្បីថតជារូបភាព«សិល្បៈ» តែគ្មានសម្លៀកបំពាក់ (ឬស្រាតននលគោក) ដែលបានប៉ះពាល់យ៉ាងខ្លាំងក្លា ទៅដល់ប្រពៃណីទម្លៀមទំលាប់ របស់ប្រជាជនម្ចាស់ស្រុក។ អ្នកទេសចរណ៍ខ្លះទៀត បានប៉ះពាល់ ឬលោតទន្ទ្រាន ទៅប្រាង្គប្រាសាទទាំងនោះ ទាំងភ្លេចគិតថា ទង្វើនេះអាចបង្កជាការខូចខាត បាក់បែក ប្រេះស្រាំ ទៅដល់រូបចម្លាក់ ដែលមានវ័យដ៏ចំណាស់។
លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានថ្លែងនៅក្នុងវីដេអូនេះថា៖ «យើងទាំងអស់គ្នា ត្រូវមានកាតព្វកិច្ចគោរព និងអនុវត្តតាមក្រមប្រតិបត្តិអង្គរ ដើម្បីជៀសវាង នូវផលប៉ះពាល់ ទៅលើប្រាសាទ បរិស្ថាន និងវប្បធម៌របស់យើង»។
វីដេអូនៃ«ក្រមប្រតិបត្តិអង្គរ» ត្រូវបានដាក់បង្ហោះ នៅលើគណនីវីដេអូ យូធូប (Youtube) របស់លោក សុខ សង្វារ ផ្ទាល់ និងនៅលើទំព័រហ្វេសប៊ុក របស់អាជ្ញាធរអប្សរា បង្កឲ្យមានការចែករំលែក ប្រមាណជាង៨០០ដង។ ក្រមអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានធ្វើការរិះគន់ ទៅលើក្រមប្រតិបត្តិទីមួយ ដែលហាមមិនឲ្យស្លៀកខ្លី ខណៈប្រទេសកម្ពុជា ជាប្រទេសក្ដៅ ហើយអ្នកទេសចរណ៍ ដែលមកទស្សនាអង្គរ មានលក្ខណៈជាការលំហែ ជៀសជាងមកទស្សនាតំបន់នេះ បែរជាតម្រូវឲ្យស្លៀកពាក់ មានឯកសណ្ឌានជិតខ្លួន ដូចកូនសិស្ស ឬជាទាហាន។
រីឯក្រមប្រតិបត្តិទីពីរវិញ ក៏ត្រូវបានបណ្ដាជន បន្ថែមយោបល់ឲ្យដែរថា គួរបង្កើតឲ្យមានជាកន្លែងសម្រាប់ភ្ញៀវ អាចចូលមកជក់បារីបាន នៅក្នុងបរិវេណប្រាសាទ ឬនៅក្រៅបរិវេណប្រាសាទ ដែលនៅជិត ព្រោះប្រាសាទខ្លះ ដូចយ៉ាងប្រាសាទអង្គរវត្តជាដើម មានទំហំធំ ដែលដើរមួយថ្ងៃមិនសព្វនោះ ពិបាកនឹងឲ្យភ្ញៀវ ដើរចេញពីបរិវេណប្រាសាទ ដើម្បីទៅជកបារីនោះណាស់។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូប បាននិយាយថា អាជ្ញាធរអប្សរាដែលមានមេដឹកនាំថ្មីៗ និងសុទ្ធតែមានវ័យ នៅក្មេងៗនេះ មានគំនិតឆ្នៃប្រឌិតគួរឲ្យសរសើរ ប៉ុន្តែអាជ្ញាធរជាតិមួយនេះ គួរមានក្រមប្រតិបត្តិសម្រាប់តំបន់អង្គរ ដែលមានលក្ខណៈទន់ភ្លន់ជាងនេះ ដើម្បីផ្ដល់ភាពញញឹម ទទួលរាក់ទាក់ ទៅកាន់ភ្ញៀវបរទេស ជាពិសេសភ្ញៀវមកពីប្រទេស ដែលមានអាកាសធាតុត្រជាក់៕