ទិសដៅទេសចរណ៍ពិភពលោកឆ្នាំ២០១៦៖ «សៀមរាប-អង្គរ» ធ្លាក់មកលេខ៥
- ដោយ: ដ. កែវ អត្ថបទ - ស្រាវជ្រាវ៖ ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី២២ មេសា ២០១៦
- កែប្រែចុងក្រោយ: May 23, 2016
- ប្រធានបទ: ទេសចរណ៍-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប៉ុន្តែយ៉ាងហោចណាស់ សម្រាប់ចំណាត់ថ្នាក់ នៃទិសដៅទេសចរណ៍ទាំង២៥ ចុងក្រោយ ដែលបណ្ដាជនក្នុងលោកចង់មកកំសាន្ដ និងទស្សនានោះ តំបន់«សៀមរាប-អង្គរ»របស់កម្ពុជា នៅតែគ្រាន់បើជាងរដ្ឋធានី ឬក្រុងធំៗមួយចំនួនដែរ។ នេះជាការចាត់ចំណាត់ថ្នាក់ថ្មីមួយ សម្រាប់តំបន់ខេត្តក្រុង ដែលអ្នកទេសចរណ៍ចង់ទៅកំសាន្ដ និងទស្សនាជាងគេ នៅក្នុងរបាយការណ៍ផ្សាយនៅក្នុងខែឧសភា ឆ្នាំ២០១៦នេះ របស់គេហទំព័រដ៏ធំមួយ ដែលមានបណ្ដាញនៅគ្រប់ទិសទី ជំនាញខាងការរៀបចំដំណើរទេសចរណ៍ (កក់សណ្ឋាគារ ជួលរថយន្ដ ទិញសំបុត្រយន្ដហោះ ...) មានឈ្មោះថា ទ្រីពេវ៉ាយស៊័រ (TripAdvisor)។
ដូចបានជម្រាបក្នុងអត្ថបទមុនៗហើយ ការដាក់ចំណាត់ថ្នាក់នេះ មិនមែនជាការបោះឆ្នោតជាសាធារណៈទេ តែជាការច្របាច់បញ្ចូលគ្នា ទៅលើការឲ្យយោបល់ពីសំណាក់អ្នកទេសចរណ៍ និងពីគុណភាពសេវាកម្មទេសចរណ៍ នៅក្នុងតំបន់នីមួយៗ សម្រាប់រយៈពេល១២ខែ។ បានសេចក្ដីថា ពិន្ទុឬយោបល់ ដែលត្រូវបានអ្នកទេសចរណ៍ដាក់ ឬវាយតម្លៃទៅលើតំបន់នោះ ជាការយល់ឃើញ ដោយការស្រឡាញ់ ពេញចិត្ត ឬស្អប់ខ្នក់ខ្នាញ់ នៅពេលដែលពួកគេ បានទៅកាន់តំបន់ណាមួយដោយផ្ទាល់។
ជាលទ្ធលសម្រាប់ឆ្នាំ២០១៦ ចំណាត់ថ្នាក់ទីមួយ បានទៅលើរាជធានី ឡុងដ៍ នៃប្រទេសអង់គ្លេស អមដោយចំណាត់ថ្នាក់បន្ទាប់ បានទៅលើក្រុង អ៊ីស្តង់ប៊ូល (Istanbul) នៃប្រទេសទួរគី។ ចំណែកខេត្ត សៀមរាប-អង្គរ របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៥ នៅក្រោយរដ្ឋធានី ប៉ារីស នៃប្រទេសបារាំង និងនៅមុនរដ្ឋធានី ប្រាក នៃប្រទេសឆែក។
ចុះតំបន់ខេត្តក្រុងផ្សេងទៀត នៅក្នុងទ្វីបអាស៊ីខាងកើត បានទទួលចំណាត់ថ្នាក់បែបណា? រដ្ឋធានី ហាណូយ នៃប្រទេសវៀតណាម ទទួលបានចំណាត់ថ្នាក់លេខ៨ ខណៈក្រុង អ៊ូប៊ុត (Ubud) នៃប្រទេសឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ ១០។ រីឯរាជធានី បាងកក នៃប្រទេសថៃវិញ ទទួលបានចំណាត់ថ្នាក់លេខ ១៥ - ក្រុងហុងកុង នៃប្រទេសចិន ទទួលបានលេខ ១៨ ខណៈរាជធានី តូក្យូ នៃប្រទេសជប៉ុន ទទួលបានចំណាត់ថ្នាក់លេខ ២១។ ចំណែកឯរដ្ឋធានី កាតាម៉ានឌូ (Katmandou) នៃប្រទេសនេប៉ាល់ ក៏បានស្ថិតក្នុងចំណាត់ថ្នាក់ទាំង២៥ នៃតំបន់ខេត្តក្រុង ដែលគេចូលចិត្តទៅកំសាន្ដ ឬទស្សនានោះដែរ។ រដ្ឋធានីរបស់ ប្រជាជននេប៉ាល់មួយនេះ ទទួលពិន្ទុបានជាប់លេខ ២៣។
គួរឲ្យកត់សម្គាល់ដែរថា តំបន់ខេត្តក្រុងភាគច្រើន នៅក្នុងចំណាត់ថ្នាក់នេះ សុទ្ធសឹងជារាជធានី ឬរដ្ឋធានីធំៗនៃប្រទេស ដែលជាប់ពិន្ទុសម្រាប់លេខរៀងខ្ពស់បំផុត។ ផ្ទុយទៅវិញ រាជធានីភ្នំពេញ (ឬក្រុងគុជ) មិនដែលទទួលបានពិន្ទុខ្ពស់ ហើយជាប់នៅក្នុងតារាងចំណាត់ថ្នាក់ចុងក្រោយនេះទេ។ យ៉ាងណាក៏ដោយ ក៏កម្ពុជានៅមានតំបន់ សៀមរាប-អង្គរ មួយសម្រាប់យោងមុខមាត់ និងដើម្បីទាក់ទាញទេសចរណ៍៕