រកឃើញ ២០០ផ្ទាំងគំនូរដែលគ្មានគំនូរ នៅតាមជញ្ជាំងអង្គរវត្ត (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣០ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 31, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផ្ទាំងគំនូរបូរេប្រវត្តិ ជាង២០០ ត្រូវបានគេរកឃើញ នៅតាមជញ្ជាំងនានាក្នុងប្រាសាទអង្គរវត្ត។ ផ្ទាំងគំនូរភាគច្រើន ដែលមើលមិនឃើញនឹងភ្នែកផ្ទាល់ទាំងនោះ ត្រូវបានតាំងបង្ហាញជារូបថត ដែលឆ្លងកាត់បច្ចេកទេសកៃឆ្នៃ ទើបអាចធ្វើឲ្យអ្នកទស្សនា អាចយល់ និងឃើញពីរូបភាពផ្សេងៗ ប្លែកៗ គួរឲ្យភ្ញាក់ផ្អើល។
រូបគំនូរមួយ ដែលនិយាយពីវង់ភ្លេងពិណពាដ្យខ្មែរ។ (រូបថត Noel Hidalgo Tan)
គំនូរនៅអង្គរ - ភាពសម្បើមអស្ចារ្យ របស់មហាប្រាសាទអង្គរវត្ត របស់ខ្មែរ នៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ នៃខេត្តសៀមរាប នៅមិនទាន់គ្រប់គ្រាន់ទេ បើគេគ្រាន់តែទៅទស្សនាតួប្រាសាទតែមួយនោះ។ មកដល់នៅថ្ងៃនេះ ប្រាសាទបូរាណ ដែលបានចុះក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូនេស្កូ នៅតែបង្ហាញភាពអាថ៌កំបាំងរបស់វា យ៉ាងពិសេសបន្ថែមទៀត។
ដោយសារបច្ចេកវិទ្យាថតរូប និងកម្មវិធីកែឆ្នៃរូបថតដ៏ទំនើប ផ្ទាំងគំនូរបូរេប្រវត្តិចំនួនជាង២០០ ដែលភាគច្រើនមើលមិនឃើញនឹងភ្នែកទទេរនោះ ត្រូវបានគេរកឃើញ។ ជាមួយនឹងបច្ចេកទេសទាំងនេះ បានធ្វើឲ្យគេមើលយល់ពីផ្ទាំងគំនួរជាច្រើន នៅនឹងជញ្ជាំងប្រាសាទដ៏ធំ ដែលក្នុងនោះបានបង្ហាញពីរូបភាពសត្វ នាវាឬទូក អាគារ អាទិទេព និងរូបតួអង្គនៃទេវៈកថាខ្មែរ។
អ្នកជំនាញបានបញ្ជាក់ថា ផ្ទាំងគំនូរដែលទើបនឹងរកឃើញទាំងនេះ ជាតឹកតាងបង្ហាញឲ្យដឹង ពីគម្រោងចង់ជួសជុលប្រាសាទនេះឡើងវិញ នៅសតវត្សន៍ទី១៦ បន្ទាប់ពីប្រាសាទត្រូវបានបោះបង់ចោល ច្រើនសតវត្សន៍កន្លងមក។
ដំបូងឡើយ គឺស្នាមម្ទេសក្រហមជាច្រើន ដិតដាមនៅលើជញ្ជាំងប្រាសាទ គួរឲ្យប្លែកចម្លែកនោះហើយ ដែលបានទាក់ទាញការចាប់អារម្មណ៍ របស់លោក ណូអែល ហ៊ីដាហ្គូ តាន់ (Noel Hidalgo Tan) អ្នកស្រាវជ្រាវមួយរូប ជំនាញខាងសិល្បៈបូរេប្រវត្តិ មកពីសកលវិទ្យាល័យជាតិអូស្ត្រាលី នៅរដ្ឋធានីកង់បេរ៉ា។ នៅឆ្នាំ២០១០ បន្ទាប់ពីលោកបានមកធ្វើការស្រាវជ្រាវពីប្រវត្តិសាស្ត្រ នៅក្នុងប្រាសាទអង្គរវត្តនេះមក លោកបានសម្រេចចិត្តថតរូប ពីស្នាមម្ទេសក្រហមៗទាំងអស់ នៅលើជញ្ជាំងប្រាសាទ ដើម្បីលោកអាចយកមកធ្វើការកែឆ្នៃនៅពេលក្រោយ។
លោកបានថ្លែងថា៖ «ខ្ញុំមិនបានដឹងថា រូបភាពទាំងនេះមានលក្ខណៈលំអិតអញ្ចឹងនោះទេ ហើយវាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់»។ គ្រាន់តែកែឆ្នៃបន្តិច រូបគំនូរដើមទាំងនោះ បានពន្លិចរូបរាង និងបង្ហាញនូវរូបភាពបូរេប្រវត្តិជាច្រើន ដូចជាដំរី តោ ប្រាសាទ មនុស្សជិះនៅលើសេះ និងរូបភាពតំណាងឲ្យទេវៈ ដូចជាហនុមានជាដើម។
ត្រូវប្រើកម្មវិធីកំព្យូទ័រ ដើម្បីមើលឃើញ
ដើម្បីមើលឃើញពីគំនូរ ដែលមានអាយុកាលច្រើនសតវត្សន៍មកហើយនេះបាន លោក តាន់ បានប្រើកម្មវិធីមួយក្នុងកំព្យូទ័រ ដើម្បីលើកកម្រិតគុណភាពរបស់រូបភាព ជាពិសេសរូបភាពដែលមានលក្ខណៈបូរាណៗ បែបនេះ។ កម្មវិធីនោះ មានលទ្ធភាពអាចធ្វើឲ្យស្លាកស្នាមទាំងឡាយ ដែលគេមើលមិនឃើញនឹងភ្នែកផ្ទាល់ ឲ្យចេញរូបរាងច្បាស់ឡើង និងបែងចែកឲ្យកាន់តែឃើញខ្លាំង រវាងពណ៌ទាំងឡាយ ដែលគេបានប្រើក្នុងពេលគូរ។
បើទោះជាគេដឹងថា ប្រាសាទអង្គរវត្ត ត្រូវបានចាប់ផ្ដើមសាងសង់ នៅដើមសតវត្សន៍ទី១២ ដោយព្រះមហាក្សត្រសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះវិស្នុ និងរយៈពេលក្រោយៗទៀតក៏ដោយ តែគេមិនអាចដឹងបាន ពីពេលវេលានៃផ្ទាំងគំនូរ ដ៏អាថ៌កំបាំងទាំងនេះនៅឡើយ។ លោក តាន់ បានគិតថា រូបភាពទាំងនេះ អាចត្រូវបានគូរដោយវិចិត្រករខ្មែរ ក្នុងរជ្ជកាលព្រះបាទអង្គចន្ទ នៅពេលដែលប្រាសាទត្រូវបានជួលជុល រវាងពីឆ្នាំ១៥២៨ ដល់ឆ្នាំ១៥៦៦។
ក្បាច់ចម្លាក់ជាច្រើន ដែលនៅមិនទាន់ឆ្លាក់រួច នៅលើប្រាង្គនានា នៃប្រាសាទអង្គរវត្ត ត្រូវបានគេបង្ហើយ នៅក្នុងសតវត្សន៍ទី១៦ ហើយបានធ្វើឲ្យប្រាសាទអង្គរវត្ត ក្លាយទៅជាទីអាស្រ័យរបស់អ្នកតាំងធម៌ នៃព្រះពុទ្ធសាសនាទៅវិញ។ អ្វីដែលគួរជាទីសង្ឃឹមជាងនេះនោះ ផ្ទាំងគំនូរដែលរកឃើញថ្មី នឹងអាចជួយឲ្យអ្នកស្រាវជ្រាវ និងបូរាណវិទូ អាចដឹងកាន់តែច្បាស់ថែមទៀត ពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា៕
រូបថត និង វីដេអូ ស្ដីពីផ្ទាំងគំនូរទាំងនេះ៖