ច្បាប់សហជីព៖ អាត់ ធន់ ថាជាច្បាប់រិតបន្តឹង សិទ្ធិសេរីភាពសហជីព
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 29, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានថ្លែងអះអាងថា សេចក្តីព្រាងច្បាប់សហជីព ដែលក្រសួងការងារ និងភាគីពាក់ព័ន្ធ កំពុងធ្វើការពិភាក្សាដេញដោល ក្នុងពេលបច្ចុប្បន្ននេះ គឺជាច្បាប់មួយបង្កើតឡើង ដើម្បីរិតត្បិតសេរីភាពកម្មករនិយោជិក។ ប៉ុន្តែសម្រាប់រដ្ឋមន្ត្រីក្រសួងការងារវិញ បានថ្លែងថា វានៅមិនទាន់ហួសពេលនៅឡើយទេ ក្នុងការជជែកវែកញែកទៅលើ សេចក្ដីព្រាងច្បាប់នេះ។
ច្បាប់ - ក្នុងបទសម្ភាសជាមួយអ្នកសារព័តមាន នៅថ្ងៃទី២៨ ខែឧសភានេះ ស្របពេលដែលច្បាប់សហជីពស្ថិតនៅក្នុងការពិគ្រោះយោបល់នៅឡើយ លោកអាត់ ធន់ បានឱ្យដឹងថា លោកក៏ដូចជាសហជីពផ្សេងទៀត មិនចង់ឱ្យមានច្បាប់នេះនោះទេ ព្រោះបើកាលណាមានច្បាប់ នឹងត្រូវរិតបណ្តឹងសកម្មភាពរបស់សហជីពហើយ ម្យ៉ាងទៀតច្បាប់នេះគឺជាកាស្នើឡើងរបស់និយោជក ដើម្បីដាក់កំហិត និងការត្រួតពិនិត្យ ឱ្យបានតឹងរ៉ឹងលើសហជីព។
លោកអធិប្បាយបន្តថា ច្បាប់នេះអាចនឹងធ្វើឱ្យសហជីពខ្សោយ ដោយលោកបានពិនិត្យទៅលើមាត្រាមួយចំនួន ឃើញថា មានការរិតត្បិត និងការដាក់សម្ពាធមកខាងសហជីព។ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជារូបនេះ បានពន្យល់យ៉ាងដូច្នេះថា៖ «ដូចជានៅក្នុងមាត្រា៣ គឺយើងមានស្នើឱ្យបញ្ចូលមន្រ្តីរាជការ ក៏ដូចជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបង្កើតសហជីព ប៉ុន្តែមកដល់ឃើញសេចក្តីពង្រាងនេះ មិនឃើញទេនៅដដែល»។
«នៅមាត្រា១០មានន័យថា ដាក់កំហិតឱ្យមានចាប់ពី២០ភាគរយនៃកម្មករ ទើបអាចបង្កើតសហជីពបាន ហើយយើងទៅរកឯណាសមាជិក២០ភាគរយបើយើមិនទាន់បង្កើតសហជីពបានផង អាហ្នឹងគឺជាបញ្ហាមួយ។ ហើយបើយើង ចង់បង្កើតសហព័ន្ធ ទាល់តែមានសហជីពមូលដ្ឋាន១៥ អញ្ចឹងតើទៅរក១៥មកពីណា ហើយបើចង់បង្កើតសហភាពទាល់តែមានសហព័ន្ធ១០ទៀត។»
លោកបញ្ជាក់បន្ថែម ការកំណត់ចំនួន គឺការផ្ទុយទៅនឹងអនុសញ្ញាលេខ៨៧ ដែលបានបញ្ជាក់សិទ្ធិ នៃការបង្កើតសហជីពគ្មានការជ្រៀតជ្រែក និងគ្មានការត្រួតពិនិត្យដោយភាគីណាមួយនោះទេ ព្រោះវាជាសិទ្ធិរបស់កម្មករក្នុងការលើកតម្កើងសិទ្ធិសេរីភាពរបស់ខ្លួន។
ចំណែកបញ្ហាមួយទៀត នៅក្នុងមាត្រា១៦ ដែលនិយាយពីការចុះបញ្ជីសហជីព ត្រូវបានប្រធានសហជីបដ៏ល្បីឈ្មោះ អះអាងថា មានភាពមិនប្រក្រតី ព្រោះក្រសួងអាចមានហេតុផលមួយចំនួន ក្នុងការពន្យាពេលមិនចុះបញ្ជីបាន ដូចជាការពិនិត្យមើលមានភាពមិនត្រឹមត្រូវ មិនឯករាជ្យស្ថិតក្រោមឥទ្ធិពលអ្វីមួយ ឬក៏មានឯកសារមិនគ្រប់គ្រាន់ជាដើម។ លោកបន្តថា៖ «នៅពេលបច្ចុប្បន្ននេះ មិនទាន់មានច្បាប់ហ្នឹងផង ក្រសួងពន្យាពេលមិនចុះបញ្ជី ចុះទម្រាំមានច្បាប់បានន័យថា ក្រសួងមានហេតុផលច្រើនណាស់ ដែលពន្យាពេលមិនចុះបញ្ជី អញ្ចឹងវាធ្វើឱ្យមានការស្មុកស្មាញ។»
«ហើយនៅមាត្រា៦៦ និយាយពីការអនុវត្តមិនត្រឹមត្រូវរបស់សហជីព អញ្ចឹងបើគ្រាន់តែកម្មករប្រមូលសមាជិកធ្វើកូដកម្ម ហើយយើងមិនពេញនឹងអនុសញ្ញារួម ឬការចរចាអីមិនបាននោះ គឺត្រូវដាក់នៅក្នុងការអនុវត្តមិនត្រឹមត្រូវ។ ហើយបើនិយាយ ពីទោសវិន័យនៅក្នុងមាត្រា៧៨ កាលណាកម្មករធ្វើកូដកម្មខុសនិតិវិធី គេព្យួរបញ្ជីការរយៈពេល២ខែ ហើយនៅតែបន្តនឹងព្យួរ៦ខែ ហើយនៅតែបន្តទៀតព្យួរ១២ខែ ហើយចុងក្រោយអាចនឹងរំលាយចោល អង្គការវិជ្ជាជីវៈនេះចោលតែម្តង។» នេះជាការបញ្ជាក់បន្ថែមរបស់លោក អាត់ ធន់។
ឆ្លើយតបនឹងបញ្ហាខាងលើនេះលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានបញ្ជាក់ថា ការរៀបចំបង្កើតច្បាប់នេះ មិនមែនជាការកាត់បន្ថយសិទ្ធិសេរីភាពទេ តែជាការពង្រឹងសហជីពឱ្យកាន់តែប្រសើឡើង។ រដ្ឋាភិបាល គ្មានគំនិតអ្វី ទៅរិតបណ្តឹងសិទ្ធិសេរីភាពសហជីពនោះទេ។ លោករដ្ឋមន្ត្រី បានថ្លែងថា៖ «ដូចប្រសាសន៍សម្តេចតេជោ គាត់បានលើកហើយ ថាកម្ពុជាបានចាត់ទុកការអនុវត្តសិទ្ធិសេរីភាពសហជីព និងសិទ្ធិកម្មករនិយោជិតនេះ គឺជាសិទ្ធិមនុស្សនៅកម្ពុជា។ (...) សិទ្ធិសេរីភាពសហជីពនៅកម្ពុជា ពិតជាមានលក្ខណៈទូលំទូលាយខ្លាំងណាស់។»។
លោក អ៊ិត សំហេង បានស្នើរបន្ថែមថា៖ «បើមានអ្នកណានិយាយថា ច្បាប់នេះគាបអ្នកនេះអ្នកនោះ នៅក្នុងពេលនេះ ជារឿងមួយដែលឆាប់រហ័សពេក។ អញ្ចឹងទេ ខ្ញុំស្នើថាភាគីនិមួយៗ នៅមានឱកាសក្នុងការពិភាក្សា នៅដំណាក់កាលពិគ្រោះយោបល់ នៅក្នុងសេចក្តីព្រាងច្បាប់នេះ»៕