សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង ឲ្យ​រដ្ឋាភិបាលដោះលែង​ជន​ទាំង​២៣​នាក់​

បើទោះជាសមត្ថកិច្ចរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ចាត់ទុកជន២៣នាក់​ដែលត្រូវបាន​ឃាត់​ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ថាជាជនល្មើសក៏ដោយ ក៏មជ្ឈដ្ឋានមួយចំនួន រាប់ទាំងគណបក្សសង្រ្គោះជាតិ អង្គការសង្គមស៊ីវិល សហគមន៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ បានប្រតិកម្មចំពោះការឃាត់ខ្លួននោះ ថាជា​រឿង«អយុត្តិធម៌» និងទទូចឲ្យដោះលែងជនទាំង២៣នាក់នោះជាបន្ទាន់។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាសមត្ថកិច្ចរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ចាត់ទុកជន២៣នាក់​ដែលត្រូវបាន​ឃាត់​ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ថាជាជនល្មើសក៏ដោយ ក៏មជ្ឈដ្ឋានមួយចំនួន រាប់ទាំងគណបក្សសង្រ្គោះជាតិ អង្គការសង្គមស៊ីវិល សហគមន៍ជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ បានប្រតិកម្មចំពោះការឃាត់ខ្លួននោះ ថាជា​រឿង«អយុត្តិធម៌» និងទទូចឲ្យដោះលែងជនទាំង២៣នាក់នោះជាបន្ទាន់។


អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ព្រលែងប៉េងប៉ោងដែលមានរូបតំណាងក្រុមអ្នកចាប់ខ្លួន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ នៅស្នាក់ការសមាគម​ប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/O.Vary)

ប្រព័ន្ធយុត្តិធម៌ - សហភាពអ៊ឺរ៉ុបដែលមាន២៨ប្រទេសជាសមាជិក តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ចុះ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ បានបង្ហាញការព្រួយបារម្ភ ពីស្ថានភាពគោរពសិទ្ធិមនុស្សនៅកម្ពុជា និងការកោះ​ហៅ​មេដឹកនាំគណបក្សសង្រ្គោះជាតិ និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត ដោយតុលាការកម្ពុជា។ សេចក្តីថ្លែងការណ៍​ដដែលនោះ ក៏បានអំពាវនាវឲ្យតុលាការកម្ពុជា ទម្លាក់ចោលការកោះហៅមេដឹកនាំគណបក្សជំទាស់ ជាពិសេសគួរ​ដោះលែងជន២៣នាក់ជាបន្ទាន់ ដែលកំពុងឃុំខ្លួនដោយ«អយុត្តិធម៌»នៅខេត្តកំពង់ចាម។

ជាមួយគ្នានេះ លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំ កម្ពុជា ក្នុងសន្និសីទការសែតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ ក៏បានស្នើឲ្យតុលាការកម្ពុជា ប្តូរកន្លែងឃុំខ្លួន​ជនទាំង​២៣នាក់នោះ ពីខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញវិញ ដើម្បីឲ្យមេធាវី ក្រុមគ្រួសារ និងសាច់ញាតិ មានភាព​ងាយស្រួលក្នុងការចូលសួរសុខទុក និងដំណើការនីតិវិធីច្បាប់ផងដែរ។

ទន្ទឹមនឹងនេះនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤នេះ តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់ ប្រមាណ ៥០ នាក់ ក៏​បាននាំគ្នាទៅដាក់ញត្តិតាមបណ្តាស្ថានទូត អាមេរិក ជប៉ុន អាឡឺម៉ង់ អង់គ្លេស និងអូស្ត្រាលី ដែលប្រចាំនៅកម្ពុជា ឲ្យជួយអន្តរាគមន៍បញ្ចប់ជម្លោះដីធ្លី នៅតំបន់បឹងកក់ និងសុំឲ្យមានការដោះលែងជនទាំ២៣ នាក់នោះ តាមរយៈការ​ទម្លាក់បទចោទប្រកាន់ របស់តុលាការរាជធានីភ្នំពេញ។

គួររម្លឹកថា សមត្ថកិច្ចរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា កាលពីដើមខែមករា ក្រោមហេតុផល​រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានចាត់វិធានការក្តៅ ដោយបង្រ្កាបយ៉ាងហិង្សាទៅ​លើហ្វូងបាតុករ​គណបក្សង្រ្គោះជាតិ និងកម្មករទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារអាមេរិក ដែលបណ្តាលឲ្យមានអ្នក​ស្លាប់​យ៉ាង​តិច៤នាក់ និង២៣នាក់ត្រូវបានចាប់ខ្លួន ខណៈមួយចំនួនទៀតបានរងរបួស ក្នុងនោះក៏មានសមត្ថកិច្ចផងដែរ។

ក្រោយការប៉ះទង្គិចយ៉ាងហិង្សានោះ ការថ្កោលទោស និងការបាតុកម្មតវ៉ា ចំពោះចំណាត់ការរបស់រដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជា ពីសំណាក់ជនជាតិខ្មែរ និងជនបរទេសនៅមុខស្ថានទូត និងស្ថានកុងស៊ុលកម្ពុជា​ប្រចាំ​នៅបរទេស បានកើតឡើងជាបន្តបន្ទាប់ ហើយពួកគេបានលើកជាចម្ងល់ថា ហេតុអ្វីបានជាចាំបាច់បង្រ្កាប​យ៉ាង​ហិង្សាទៅលើកម្មករទាមទារប្រាក់ឈ្នួល? ហើយហេតុអ្វីបានជាឃាត់ខ្លួន និងចោទប្រកាន់ទៅលើកម្មករ រីឯអ្នកដែល​បានបាញ់ប្រហារលើកម្មករមិនត្រូវបានវែកមុខ?

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...