ម៉ម សូណង់ដូ៖ បុគ្គលិកធ្វើកូដកម្ម ព្រោះ អាត់ ធន់ នៅពីក្រោយ

អតីតបុគ្គលិក៤នាក់ របស់វិទ្យុសំបុកឃ្មុំ ដែលផ្ទុះការតវ៉ាទាមទារ ឲ្យបើកប្រាក់ខែ និងជំរុញឲ្យគោរពច្បាប់ការងារ ត្រូវបាននាយកវិទ្យុ លោក ម៉ម សូណង់ដូ ចោទប្រកាន់ថា មានអ្នកនៅពីក្រោយខ្នង នៃការធ្វើកូដកម្មនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៣ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 14, 2015
  • ប្រធានបទ: ការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ បានព្រមានថា នឹងប្តឹងអតីតបុគ្គលិក ដែលលោកបានបញ្ឈប់នោះ រួម​ទាំង​អ្នក​នៅពីក្រោយផង ទៅកាន់តុលាការ ពីបទមានចេតនា បំបិទសំឡេងវិទ្យុសំបុកឃ្មុំ។ លោក ម៉ម សូណង់ដូ បានចង្អុល ទៅប្រធានសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ថាជាអ្នកញុះញង់ និងនៅពីក្រោយការតវ៉ា របស់អតីតបុគ្គលិករបស់លោក។

ការថ្លែងរបស់លោក ម៉ម សូណង់ដូ បានធ្វើឡើង ក្នុងសន្និសិទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា នេះ នៅ​ទីស្នាក់ការវិទ្យុសំបុកឃ្មុំ បន្ទាប់ពីក្រុមបុគ្គលិក បានធ្វើកូដកម្ម តាំងពីថ្ងៃទី១១ ខែមីនានេះ នៅលើទីតាំង ស្ថិតនៅ​បណ្តោយ​ផ្លូវ៨៦ BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមបុគ្គលិកទាំងនោះ បានធ្វើការ​ទាមទារ​ឲ្យលោក លោក ម៉ម សូណង់ដូ បើកប្រាក់ខែសម្រាប់ខែកុម្ភៈ និងផ្តល់នូវប្រាក់អត្ថប្រយោជន៍ ទៅតាម​ច្បាប់​ការងារ នៅពេលបុគ្គលិកធ្វើការ ក្នុងថ្ងៃឈប់សម្រាក។

លោក ម៉ម សូណង់ដូ បានបញ្ជាក់ដូច្នេះថា៖ «បើគាត់មានគំនិតព្យាបាទអញ្ចឹង ហើយពូនឹងពឹងមេធាវី ដើម្បីឲ្យគាត់​ដាក់​ទណ្ឌកម្ម ទៅតាមច្បាប់។ (…) ពូអត់គំរាមទេ ប៉ិនពូ ត្រូវធ្វើតាមច្បាប់។ (…) អ្នកដែលចងបំបិទ សម្លេងវិទ្យុសំបុកឃ្មុំ គឺ​ធ្ងន់ធ្ងរ​ណាស់។ អាត់ ធន់ នោះជាអ្នកញុះញង់។ (…) អាត់ ធន់ ហ្នឹងមិនមែនមានឈ្មោះល្អឯណា។»

អតីតពិធីករ វិទ្យុសំបុកឃ្មុំ លោក ឈ្មោះ ផាវ ភីរម្យ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក ម៉ម សូណង់ដូ បានចោទ​បុគ្គលិកមួយចំនួន ថាមិនធ្វើការឲ្យវិទ្យុគាត់ តែបែរជាទៅធ្វើការ ឲ្យគណបក្សនយោបាយ ឬធ្វើការឲ្យសហជីព។ លោក ភីរម្យ បានបន្តថា ការចោទប្រកាន់របស់លោក ម៉ម សូណង់ដូ នាពេលនេះ ដើម្បីគេចវេសមិនទទួលខុសត្រូវ ក្នុងការ​បើកប្រាក់ខែ ឲ្យបុគ្គលិកទាំងនោះ ប៉ុណ្ណោះ ។

ប្រធានស្ថានីវិទ្យុសំបុកឃ្មុំ បានបកស្រាយថា លោកនឹងមិនផ្តល់ប្រាក់អត្ថប្រយោជន៍ តាមការស្នើសុំ របស់បុគ្គលិក​នោះ​ឡើយ ព្រោះពួកគេធ្វើការតិចម៉ោង មិនដូចដែលច្បាប់បានចែងនោះទេ (តិចជាង៨ម៉ោង)។ មួយទៀតអ្នកទាំងនោះ សុទ្ធ​តែជាសមាជិក របស់គណបក្សសង្គ្រោះជាតិ និងសហជីព របស់លោក អាត់ ធន់ ដែលរូបលោកផ្ទាល់ ក៏ធ្លាប់ធ្វើការ​ព្រមានតាមលិខិត ជាច្រើនដង។

ប្រធានសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក អាត់ ធន នៅចំពោះមុខអ្នកសារព័ត៌មាន បានអះអាងថា ការពិតទៅ លោកជាប្រធានសហជីព ត្រូវធ្វើការបំរើឲ្យកម្មករទាំងអស់ មិនរើសអើង និងជម្រុញឲ្យក្រុមហ៊ុនទាំងនោះ ត្រូវតេគោរពតាមច្បាប់របស់កម្ពុជាប៉ុណ្ណោះ។ ប្រធានសហជីពដ៏ល្បីឈ្មោះ បានបន្តថា ចំពោះវិវាទនេះ លោកបាន​ព្យាយាម ធ្វើការដោះស្រាយជាច្រើនសារមកហើយ តែមិនមានលទ្ធផលឡើយ ព្រោះលោក ម៉ម សូណង់ដូ រឹងត្អឹងពេក មិនព្រមបន្ទន់ឥរិយាបទសោះ។ លោកបន្តថា តែបែរជាយកអ្នកនាំពាក្យ មកពីគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មកសម្រុះសម្រួលទៅវិញ។

សូមបញ្ជាក់ថា បុគ្គលិកត្រូវបានបញ្ឈប់ពីការងារ ដោយប្រធានវិទ្យុសម្បុកឃ្មុំ លោក ម៉ម សូណង់ដូ រួមមានអ្នកស្រី យាន សុវ៉ារី បុគ្គលិកផ្នែកអ្នកយកព័ត៌មាន និងផលិតកម្មវិធីវិទ្យុ លោក ឆូយ ប៊ុនសុជា អ្នករចនាគេហទំព័រ លោក ស៊ិម សារុន លោក ធឿន ធា ដែលអ្នកទាំងពីរជាជំនួយការរដ្ឋបាល។ បើតាមលោក សូណង់ដូ ដដែល បុគ្គលិកពីរនាក់ និង​បន្ថែមបួននាក់ទៀត នឹងត្រូវលោកបណ្ដេញចេញ ពីការងារដូចគ្នា៕

លោក អាត់ ធន់ ថ្លែង នៅខាងក្រៅស្ថានីយ៍វិទ្យុ ទៅកាន់ក្រុមអ្នកយកព័ត៌មាន៖

អ្នកស្រី យាន សុវារី អតីតពិធីការិនី ដែលត្រូវបានបណ្ដេញចេញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...