ថ្នាក់ដឹកនាំ ស៊ីខាវឌូ នឹងត្រូវតុលាការកោះហៅឲ្យបំភ្លឺ រឿងលុយកម្មករ
បន្ទាប់ពីរងបណ្តឹងរបស់កម្មករ២៩នាក់កាលពីខែកុម្ភៈ លោកអាត់ធន់ និងអនុប្រធានពីរនាក់ ក៏ត្រូវរងបណ្តឹងបន្ថែមពីកម្មកររោងចក្រអ៊ីហ្គាមិន១១ផ្សេងទៀត។ ហើយនៅថ្ងៃទី០២ ខែមេសាខាងមុខនេះ លោកនឹងឡើងបំភ្លឺទាក់ទងនឹងបណ្តឹងរបស់កម្មករនេះ តាមការកោះហៅរបស់តុលាការ។
ការប្តឹងផ្តល់ -មេដឹកនាំសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលហៅកាត់ថា ស៊ីខាវឌូ បីរូប រួមមានលោកអាត់ ធន់ លោក គង់ អាទិត្យ និងលោកឯក សុភក្តី ត្រូវបានរងការប្តឹងពីកម្មករ ចំនួនបីបណ្តឹង។ បណ្តឹងលើកទីមួយ មានកម្មករ២៩នាក់ ប្តឹងពីបទគៃបំបាត់ប្រាក់រំលឹករបស់កម្មករជា៩ម៉ឺនដុល្លា បណ្តឹងលើកទី២ ត្រូវបានកម្មករ៥នាក់ផ្សេង ប្តឹងពីបទរំលោភលើសេចក្តីទុកចិត្ត ដោយបានកៃបំបាត់ប្រាក់ឈ្នួលរំលឹករបស់កម្មករបន្ទាប់មានកិច្ចព្រមព្រៀងជាមួយថៅកែរោងចក្រអ៊ីហ្គាមិន និងបណ្តឹងបន្ថែមពីកម្មករចំនួន៦នាក់ផ្សេងទៀត។
លោក ចាន់ ពៅ ជាម្ចាស់បណ្តឹងម្នាក់ក្នុងចំណោមកម្មករ៤០នាក់ដែលបានប្តឹង ថ្នាក់ដឹកនាំសហជីព ស៊ីខាវឌូ បានបញ្ជាក់ថា តាមកិច្ចព្រមព្រៀងប្រាក់ ដែលលោកទទួលបានមានចំនួន២៩៧២ដុល្លា រីឯប្រាក់ដែលទទួលបានជាក់ស្តែង ពីសហជីពស៊ីខាវឌូមានចំនួន ២១០០ដុល្លា។ ហេតុដូច្នេះហើយលោកប្តឹងលោក អាត់ ធន់ រួមជាមួយអនុប្រធានពីររូបទៀត ដើម្បី សងលុយមកកម្មករ តាមកិច្ចព្រមព្រៀង នូវចំនួនទឹកប្រាក់ដែលនៅសល់ និងកម្មករខ្លះមិនទាន់បានបើក កែប្រែប្រព័ន្ធផ្ទៃក្នុងរបស់ស៊ីខាវឌូ និងអនុញ្ញាតអោយលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ចូលធ្វើការធម្មតាវិញ។
បើតាមការបញ្ជាក់របស់លោក អ៊ុំ វិសាល អតីតមន្រ្តីផ្នែកនយោបាយ និងច្បាប់ដែលត្រូវបណ្តេញកាលពីខែកុម្ភៈ ក៏ដូចជាកម្មករបានអោយដឹងថា នៅថ្ងៃទី០២ ខែមេសា ខាងមុខនេះ ថ្នាក់ដឹកសហជីពស៊ីខាវឌូទាំងបីនាក់ និងត្រូវបានតុលាការកោះហៅដើម្បីបំភ្លឺក្នុងករណីនេះ បន្ទាប់ពីលើកពេលតាមការកោះហៅរបស់តុលាការកាលពីថ្ងៃទី២១ ខែមិនា។ រីឯដើមបណ្តឹង៤០នាក់ ជាកម្មករមកនោះវិញ ត្រូវបានតុលាការធ្វើការសាកសួររួចរាល់ហើយ។
នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៤នេះថ្នាក់ដឹកនាំសហជីព រួមមានលោក អាត់ ធន់ លោក គង់ អាទិត្យ និងលោក ឯក សុភក្តី មិនអាចធ្វើការទំនាក់ទំនងបានទេ។ ប៉ុន្តែកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១០១៤ ប្រធានសហជីពស៊ីខាវឌូ បានចេញលិខិតផ្លូវការមួយ ដោយបញ្ជាក់ថា មានកម្មករនៅរោងចក្រអ៊ីហ្គាមិនមួយចំនួន បានបើកប្រាក់លើសពីកិច្ចព្រមព្រៀង និងមានមួយចំនួនទៀតបានខ្ចីប្រាក់ពីសហជីពស៊ីខាវឌូ។ យោងតាមលិខិតជូនដំណឹងដដែល កម្មករ១៩នាក់ ត្រូវបានសហជីពមួយនេះ តម្រូវសងប្រាក់អោយបានមុនថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៤ បើមិនដូចនោះទេ ប្រធានសហជីពស៊ីខាវឌូ នឹងចាត់វិធានការតាមផ្លូវច្បាប់។
លោក ឌួង តុលា ដែលអះអាងថាខ្លួនជាជនរងគ្រោះម្នាក់ ពីការរំលោភលើសេចក្តីទុកចិត្តនោះ បានបញ្ជាក់ថា «សូមអោយគាត់បង្ហាញកិច្ចព្រមព្រៀងថា តើកិច្ចព្រមព្រៀងហ្នឹងគេនិយាយយ៉ាងម៉េច សូមអោយបង្ហាញនូវគោលការណ៍ ប្រាក់រំលឹក ដែលក្រុមហ៊ុនត្រូវសងពួកខ្ញុំក្នុងមួយនាក់មានប៉ុន្មាន? ប្រសិនបើពួកគាត់ចោទប្រកាន់ពួកខ្ញុំ បិរហារកេរ្ត៍គាត់មែន សូមអោយគាត់បង្ហាញកិច្ចព្រមព្រៀង និងវិក័យប័ត្រដែលរោងចក្របង្វិលសងកម្មករមក៕»
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៩ មិនា ២០១៤