សំណុំរឿងឈូក បណ្ឌិត៖ តុលាការខេត្តស្វាយរៀង លើកថ្ងៃសវនាការកាត់ក្ដី
ស្វាយរៀង៖ សាលាដំបូងខេត្តស្វាយរៀងបានប្រកាសពន្យាពេលបើកសវនាការ អតីតៈអភិបាលក្រុងបាវិតដ៏មានឥទ្ធិពល លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីរោងចក្រនៅក្រុងបាវិត៣នាក់ឲ្យរងរបួស ទៅបើកសវនាការជាថ្មីនៅថ្ងៃទី១២ ខែមិថុនា ដោយសារតែអតីតៈអភិបាលក្រុង ដែលជាជនជាប់ចោទរូបនោះ ពុំមានវត្តមាននៅក្នុងថ្ងៃសវនការ ដោយពុំបានដាក់លិខិតសុំពន្យាពេល។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត VOA)
ភាពភ្ញាក់ផ្អើលបានកើតមានឡើងនៅក្នុងបន្ទប់សវនាការដ៏ចង្អៀតណែន ពីសំណាក់ក្រុមអង្គការក្រៅរដ្ឋាភិបាល ម្ចាស់បញ្ជាទិញ Puma ក្រុមសហជីព ដែលបានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីចៅក្រមលោក លាង សួ បានសម្រេចប្រកាសថា សវនាការសុំណុំរឿង ដ៏ចម្រុងចម្រះអតីតៈអភិបាលក្រុងបាវិត ត្រូវបានពន្យាពេលសវនាការ ដោយសារតែមេធាវីរបស់ជនជាប់ចោទបានដាក់លិខិតសុំពន្យារពេល ពីព្រោះជាប់ទៅបំពេញភារកិច្ចនៅក្រៅប្រទេស និងមេធាវីម្នាក់ទៀតបានជាប់បំពេញបេសកម្មនៅឯខេត្តកំពង់ចាម។
លោក លាង សួ ចៅក្រមសាលាដំបូងខេត្តស្វាយរៀង ដែលកាន់រឿងក្តីដ៏ស្មុគស្មាញមួយនេះ បានប្រកាសនៅក្នុងអង្គសវនាការ ដែលមានការចូលរួមពីសាធារណៈជន និងក្រុមអង្គការសង្គមស៊ីវិល ថា សវនាការនេះត្រូវពន្យាពេល ហើយត្រូវកំណត់លើកយកមកដាក់សវនាការជាថ្មីនៅថ្ងៃទី១២ ខែ មិថុនា ម៉ោង ៨ ព្រឹក ដោយសារមេធាវីររបស់លោកឈូក បណ្ឌិតបានដាក់លិខិតសុំពន្យារ ដោយហេតុផល មេធាវីម្នាក់ជាប់ទៅបំពេញបេសកម្មនៅប្រទេសជប៉ុន និងម្នាក់ទៀតជាប់ទៅការពារក្តីនៅឯខេត្តកំពង់ចាម។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «យើងមិនអាចដំណើរការសវនាការបានទេ ដោយយើងគោរពសិទ្ធិមេធាវីទាំងពីរបស់គាត់សុំពន្យារពេល ហើយតួរអង្គសំខាន់នៅក្នុងរឿងក្តីនេះគឺលោកឈូក បណ្ឌិត ក៏អវត្តមានផងដែរ»។
ឡើងថ្លែងតតាំងដើម្បីស្នើរសុំឲ្យតុលាការបន្តនិតិវិធី បើកសវនាការបើទោះជាមានតែសាក្សី ជាមន្ត្រីប៉ូលីសចំនួន១៨នាក់ និងពុំមានសាក្សីរបស់ជនរងគ្រោះក៏ដោយ កញ្ញា សារី បុត្រចរិយា មេធាវីការពារក្តីឲ្យជនរងគ្រោះ របស់អង្គការអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងឲ្យដឹងថា បើពន្យាពេលម្តងហើយម្តងទៀត គឺវាពន្យាពេលកាន់តែយូ ហើយបើទោះបីលោកឈូក បណ្ឌិតដែលជាតួរអង្គសំខាន់ អវត្តមានក៏ដោយក៏គាត់ធ្លាប់បានចូលសាលាឧទ្ទរណ៍ ផ្តល់ចម្លើយរបស់គាត់រួចហើយ ដូច្នេះទោះបីជាគាត់មិនមកក៏ដោយ បើតាមនិតិវិធីច្បាប់គឺអាចបន្តសវនាការ។
នៅក្នុងបន្ទប់សវនាការដ៏តូច៥ង្អៀត ហើយត្រូវបានដាក់ពង្រាយ កងកំលាំងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប៉ូលីសជាច្រើននាក់នៅជុំវិញបរិវេណតុលាការ ជនរងគ្រោះនាង កែវ នា បានថ្លែងនៅខាងមុខតុលាការ ដោយមានកំលាំងប៉ូលីសនិងប៉េអឹមនៅឈរពីក្រោយនោះថា ចំពោះរឿងក្តីនៅថ្ងៃនេះ គឺបានស្តែងចេញខ្លះហើយថា តុលាការមិនមានចេតនា រកយុត្តិធម៌ដល់ពួកនាងទាំងបីនាក់នោះទេ ពីព្រោះលោកឈូក បណ្ឌិតតែងតែសូមពន្យាពេលរហូត នៅពេលដែលតុលាការ ហៅឲ្យមកចូលខ្លូន។ នាងបានថ្លែងឲ្យដឹងទៀតថា ៖«ខ្ញុំត្រូវតែតស៊ូដើម្បីបង្ក្រាបឈូក បណ្ឌិតឲ្យទាល់តែបាន បើទោះបីជាបុគ្គលនេះមានលុយនិងឥទ្ធិពលក៏ដោយ ហើយខ្ញុំគ្មានលុយក៏ដោយ បើពុំដូច្នេះទេអ្នកមានអំណាច និងអ្នកមានលុយនឹងបាញ់ពលរដ្ឋផ្សេងៗទៀត ដោយសារតែពួកគេគិតថាបាញ់អ្នកណាក៏គ្មានទោសពៃរ៍ដែរ»។
រីឯជនរងគ្រោះប៊ុត ចិន្តាបានថ្លែងឲ្យដឹងទៀតថា នាងនៅតែទទូចរកយុត្តិធម៌បើទោះបីជានាងដឹងថា យុត្តិធម៌នៅសែនឆ្ងាយចំពោះនាងក៏ដោយ ក៏នាងនៅតែសង្ឃឹមអាចមានយុត្តិធម៌ ពីព្រោះមន្ត្រីតែងតែថា នេះគឺជាប្រទេសនិតិរដ្ឋ ដូច្នេះមនុស្សគ្រប់រូបត្រូវតែអនុវត្តន៍ច្បាប់។ នាងបានថ្លែងឲ្យដឹងទៀតថា ៖«រឿងយើងបានអូសបន្លាយយូរណាស់មកហើយ តែពុំមានអ្វីប្លែកនោះទេ គឺនៅតែដដែលពួកខ្ញុំខ្លះរៀបការមានកូន ខ្លះបានរៀបការរូចអស់ទៅហើយ តែលោកឈូក បណ្ឌិត នៅតែគ្មានទោស ហើយរស់នៅយ៉ាងមានសេរីភាព»។
សុំរម្លឹកថា កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ ២០១៣ សាលាឧទ្ធរណ៍ បានសម្រេចធ្វើការចោទប្រកាន់សារជាថ្មីឡើងវិញលើលោក ឈូក បណ្ឌិត អតីតៈអភិបាលក្រុងបាវិត ដែលបានបាញ់កម្មការិនីរោងចក្រនៅក្រុងបាវិត៣នាក់ឲ្យរងរបួស ពីបទបង្កររបួសស្នាមដោយអចេតនា ហើយបង្វិលសុំណុំរឿងនេះទៅឲ្យតុលាការខេត្តស្វាយរៀងបើកសវនាសារជាថ្មីឡើងវិញ។ សំណុំរឿងនេះ ត្រូវបានអគ្គព្រះរាជអាជ្ញាសាលាឧទ្ទរណ៍ បានដាក់ពាក្យបណ្តឹងជំនាស់ទៅនឹងសាលាដំបូងខេត្តស្វាយរៀង ក្នុងសំណុំរឿងសម្រេចទម្លាក់ចោលការចោទប្រកាន់ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១២។
អតីតអភិបាលក្រុងដ៏មានឥទ្ធិពលមួយនេះ ត្រូវបានតុលាការខេត្តស្វាយរៀង ធ្វើការចោទប្រកាន់បង្ករបួសស្នាមដោយអចេតនា ទាក់ទិននៅនឹងព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ ដែលបានបាញ់កម្មករ៣នាក់ឲ្យរងរបួសនៅ ខណៈកម្មករជាង ៦០០០នាក់មកពីរោងចក្រ៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្នុងក្រុងបាវិត បានធ្វើការតវ៉ានិងទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន។ ប៉ុន្មានថ្ងៃបន្ទាប់មក លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសឈ្មោះ លោកឈូក បណ្ឌិត ជាលើកដំបូងថាគឺជាជនសង្ស័យ ដែលជាប់ពាក់ព័ន្ធទៅនឹងការបាញ់ប្រហារទៅលើកម្មករ។ បន្ទាប់មក នៅពីថ្ងៃទី ៥ មីនា ឆ្នាំ ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យរបស់រដ្ឋាភិបាល បានបង្គាប់ឲ្យ អតីតអភិបាលក្រុងបាវិត ទៅធ្វើការនៅសាលាខេត្តស្វាយរៀង ប៉ុន្តែគ្មានមុខតំណែងដើម្បីធ្វើការឡើយ។
យោងទៅតាមដីការដំណោះស្រាយ របស់សាលាដំបូងខេត្តស្វាយរៀង ចុះហត្ថលេខាដោយលោកប៉ិច ឈឿត ចៅក្រមសាកសួរសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១២ បានឲ្យដឹងថា នៅវេលាម៉ោង៩ ព្រឹក ដោយឃើញស្ថានភាពហ្វូងបាតុករ ឃាត់មិនស្តាប់ ឈ្មោះ ស ចន្ថា នាយផ្នែកព្រហ្មទណ្ឌនគរបាលក្រុងបាវិត ដែលស្ថិតនៅពីមុខអាគារទី២ ទល់មុខបន្ទប់ទឹកស្រ្តីក្នុងរោងចក្រកៅវ៉េ បានដកកាំភ្លើងខ្លីម៉ាកឡុកចិនបាញ់ចំនួនពីរទៅបីគ្រាប់ក្នុងហ្វូងបាតុករ ដើម្បីទប់ស្កាត់អំពើហឹង្សា។ ស្របពេលនោះឈូក បណ្ឌិត បានចុះពីលើរថយន្តរបស់ខ្លួន ចូលទៅក្នុងចំណោមកម្មករ ដើម្បីរកដំណោះស្រាយបញ្ឈប់សកម្មភាពហឹង្សា ក៏ត្រូវហ្វូងកម្មករនៅតែនាំគ្នាស្រែកនិងសម្រុកចូល ដោយមានកាន់ដំបង ដុំថ្មបានវាយគប់ទៅលើរោងចក្រ និងវាយមកលើឈូក បណ្ឌិត។ លោកក៏បានដកកាំភ្លើងខ្លីម៉ាកឡុកចិន កាន់លើកកាណុងឡើងលើគំរាមដាក់កូដករ ទើបបណ្តាលឲ្យអាវុធកាន់នៅក្នុងដៃ«ផ្ទុះគ្រាប់»ឡើង និង«អាក់ស៊ីដង»។
ប៉ុន្តែលោក ស ចន្ថា បានឆ្លើយតបនៅក្នុងបរិវេណតុលាការខេត្តស្វាយរៀងថា លោកពុំបានធ្វើអ្វីទាំងអស់ ហើយលោកក៏ពុំបាននៅក្នុងកន្លែងកើតហេតុនោះដែរ នៅថ្ងៃដែលមានបញ្ហានោះ ពីព្រោះលោកប្រចាំការនៅកន្លែងផ្សេង តែបែរជាត្រូវចោទប្រកាន់ទៅវិញ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«ថ្ងៃក្រោយគ្មានសមត្ថកិច្ចណាហ៊ានធ្វើការអីទៀតនោះទេ បើខ្លួនជាអ្នកប្រព្រឹត្តតែបែរជាចោទគេឯងទៅវិញ ពីព្រោះប៉ូលីសបានយាម នៅកន្លែងហ្វូងបាតុកម្មនោះបួនថ្ងៃពុំមានរឿងអ្វីកើតឡើងសោះ ស្រាប់តែគាត់មកដល់ភ្លាមមានរឿងកើតឡើងតែម្តង»។
ឆ្លើយតបទៅនឹងការសម្រេច របស់តុលាការខេត្តស្វាយរៀង Dr. Reiner Hengstmann, Global Director of Safe SupplyChain of Puma ដែលបានជិះយន្តហោះពីប្រទេសអាឡឺម៉ង ដើម្បីមកតាមដានរឿងក្តីនោះ បានមានប្រសាសន៍ថា លោកបានធ្វើការហោះហើរពីអាឡឺម៉ង់មកទីនេះ គឺដើម្បីធ្វើការតាមដានករណីនេះ ហើយករណីនេះគឺជាករណីដ៏ធ្ងន់ធ្ងរ។ លោកបានឲ្យដឹងទៀតថា៖ «ខ្ញុំខកចិត្តចំពោះការលើកពេលរបស់សាលាដំបូងខេត្តស្វាយរៀង ប៉ុន្តែយើងនៅតែបន្តតាមដានករណីនេះទៀត ពីព្រោះយើងមកទីនេះដើម្បីស្វែងរកយុត្តិធម៌»។
ចំណែករីឯ លោកជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជាឯណោះវិញ បានថ្លែងឲ្យដឹងថា នេះគឺល្បែងមួយរបស់តុលាការនៅក្នុងប្រទេសកម្ពុជា ហើយការលើកពេលនេះ វាខុសនិតិវិធី ពីព្រោះលោកឈូក បណ្ឌិត គឺជាជនត្រូវចោទ បើទោះជាមេធាវីពន្យាពេល ក៏ដោយក៏គាត់ត្រូវតែមានវត្តមាន។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ឈូក បណ្ឌិត គឺជាជនល្មើសទៅហើយ ដូច្នេះហើយជនល្មើសដែលមិននៅក្នុងពន្ធនាគារ ធ្វើឲ្យការដំណើរការក្តី វាមិនប្រក្រតីដូចនៅថ្ងៃនេះ»។
រីឯលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងនៅក្នុងសន្និសិទ្ធការសែត នៅខាងមុខរបងតុលាការថា ការពន្យាពេលនេះវាគ្មានហេតុផលនោះទេ តែបើតុលាការថាសមហេតុផលនោះ លោកនៅតែមានការសោកស្តាយ ពីព្រោះគាត់គួរតែជូនដំណឹងមុន ដល់ជនរងគ្រោះក៏ដូចជាសាក្សី ដើម្បីកុំឲ្យចំណាយពេលវេលាឥតប្រយោជន៍។ លោកបានឲ្យដឹងទៀតថា ៖ «ការពន្យាពេលសវនាការនៅថ្ងៃនេះ គឺហាក់ដូចជាផ្តល់ផលប្រយោជន៍មួយដល់លោកឈូក បណ្ឌិត ពីព្រោះការពន្យាពេលនេះគឺបានបង្ហាញថាលោកឈូក បណ្ឌិត មានចេតនាមិនចង់ចូលក្នុងសវនាការនេះទេ។ ទោះជាយ៉ាងណាក៏ដោយ រឿងនេះគឺជារៀងមជ្ឈឹមគឺនៅតែអាចបន្តសវនាការបាន តែតុលាការគ្រាន់តែធ្វើជាការបង្គ្រប់និតិវិធីតាមផ្លូវច្បាប់តែប៉ុណ្ណោះ ធាតុពិតនៃការរកយុត្តិធម៌ដល់ជនរងគ្រោះ នៅតែមិនមានទាល់តែសោះ រីឯឈូក បណ្ឌិត នៅតែរស់ក្រៅពន្ធនាគារជាដរាប។»
លោកបានបន្តឲ្យដឹងទៀតថា នេះគឺជាលើកទី១ តែប្រសិនបើលើកទី២ នៅតែពុំមានវត្តមានរបស់ជនជាប់ចោទ ឈូក បណ្ឌិត នៅឯតុលាការទេ ក្នុងនាមសង្គមស៊ីវិល លោកទទូចហើយទទូចទៀត សូមឲ្យដំណើរការទៅតាមផ្លូវច្បាប់ ដើម្បីផ្តល់យុត្តិធម៌ទៅដល់ជនរងគ្រោះ។ លោកបានឲ្យដឹងទៀតថា ៖ «លោកឈូកបណ្ឌិតដឹងថា រដូវនេះគឺជារដូវបោះឆ្នោត។ ដូច្នេះប្រសិនបើគាត់ចូលខ្លូន មកតុលាការគឺវាមានរឿងមិនល្អចំពោះរូបគាត់ ពីព្រោះគណបក្សនយោបាយ គឺចង់បានប្រជាប្រិយភាពពីអ្នកបោះឆ្នោត៕»
----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ