«មហាបាតុកម្មមួយនឹងផ្ទុះឡើង បើមានការចាប់ខ្លួន កឹម សុខា»
សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ និងរបស់សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងធ្លាក់មកដល់ ក្នុងពេលមុននេះ បានប្រកាសព្រមានរួចជាស្រេច ក្នុងការប្រើ«សិទ្ធិ»ធ្វើមហាបាតុកម្ម និងកូដកម្ម ប្រសិនណាជាមានការចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ មានអសនៈសភាជិតពាក់កណ្ដាល នៅក្នុងប្រទេស។ សេចក្ដីប្រកាសព័ត៌មានទាំងនោះ សុទ្ធតែបានអះអាង ថាបុព្វហេតុរបស់ពួកគេ គឺដើម្បីទាមទារឲ្យមានការគោរពច្បាប់ ជាពិសេសនៅត្រង់ ការគោរពអភ័យឯកសិទ្ធិ របស់សមាជិកសភា។
លោក កឹម សុខា បានរងការចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសជាក់ស្ដែង ដោយសារមិនចូលបំភ្លឺ តាមការកោះហៅរបស់តុលាការ។ ការចោទប្រកាន់នេះ បានឈានទៅដល់ ការឃាត់រថយន្ដរបស់លោក និងការសំរុកចូលទីស្នាក់ការកណ្ដាល របស់គណបក្សសង្គ្រោះជាតិ [...]