ILO អបអរ​គណៈកម្មការ​អន្តរ​ក្រសួង អង្កេត​ឃាតកម្ម ជា វិជ្ជា

អង្គការពលកម្មអន្តរជាតិ រួមនឹងឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​មួយ ស្វាគមន៍ការបង្កើតគណៈកម្មការពិសេស របស់រដ្ឋាភិបាល ដើម្បី​ស៊ើប​អង្កេត​ករណី​ឃាតកម្ម លើ​លោក ជា វិជ្ជា និងសហសេវិកពីររូបទៀត។ សម្រាប់លោក ជា មន្នី ប្អូនប្រុសលោក ជា មុន្នី ការ​បង្កើត​គណៈ​កម្មការ​នេះ ទំនងជារដ្ឋាភិបាល បានធ្វើឡើងព្រោះរងសំពាធ ពីអង្គការខាងលើ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី២៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 26, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការពលកម្មអន្តរជាតិ (ILO) រួមនឹងឧត្តមស្នងការ អង្គការសហប្រជាជាតិ​ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំ​កម្ពុជា (OHCHR Cambodia) បានស្វាគមន៍​ នៅ​ថ្ងៃសុក្រនេះ សេចក្ដីសម្រេច របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​គណៈកម្មការពិសេស ដើម្បី​ស្វែង​រក​ជនដៃ​ដល់ ដែលបាន​សម្លាប់មេដឹកនាំសហជីព​លោក ជា វិជ្ជា និង​សហសេវិក​របស់​លោក ​២រូប ទៀត។​

នៅក្នុងសេចក្តីថ្លែងការណ៍​ ចេញរួមគ្នា បានឲ្យដឹង​ថា អង្គការអន្តរជាតិទាំងពីរ ស្វាគមន៍ការដែល​រដ្ឋាភិបាល​កម្ពុជា បានបង្កើតគណៈកម្មការ​ ដើម្បីស៊ើបអង្កេតករណីឃាតកម្ម លើមេដឹកនាំសហជីពកម្មករ៣រូប ដែល​រួម​មាន លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ​ (FTU) ក៏ដូចជា លោក រស់ សុវណ្ណារ៉េត និងលោក ហ៊ី វុទ្ធី តំណាងសហជីពសេរីកម្មកររោងចក្រ (FTU) ។

សេចក្ដីសម្រេចមួយ របស់លោកនាយករដ្ឋមន្រ្តី ដែលចុះថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០១៥ ហើយដែលបានធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែមិថុនាម្សិលម៉ិញ​នេះ បានប្រកាសពីការបង្កើតគណៈកម្មការ អន្តរក្រសួងមួយឡើង ដើម្បីអង្កេតទៅលើឃាតកម្ម ដ៏ឃោឃៅ ធ្វើ​ទៅ​លើ​សកម្មជនសហជីពដ៏ល្បីៗ នៅ​កម្ពុជា។ សេចក្តីសម្រេច ដែលចុះហត្ថលេខា ដោយលោកនាយក​រដ្ឋមន្រ្តី​នោះ មានបួនប្រការ ដែលបាន​សម្រេច​ថា៖ «ត្រូវបង្កើតគណៈកម្មការអន្តរក្រសួង ស៊ើបអង្កេតពិសេស លើ​ករណី​បណ្តឹងលេខ២៣១៨ ស្តី​ពី​ករណីឃាតកម្ម លើមេដឹកនាំសហជីព លោកជា វិជ្ជា ហ៊ី វុទ្ធី និងរស់ សុវណ្ណារ៉េត» និងមានសមាសភាព​ចូល​រួម មកពី​រដ្ឋលេខាធិការក្រសួងការងារ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងទីស្តីការគណៈរដ្ឋមន្រ្តី អគ្គ​ស្នង​ការ​នគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតំណាងអាជ្ញាធរពាក់ព័ន្ធ។

ស្ថាប័នអន្តរជាតិធំៗទាំងពីរ បានសម្តែងនូវក្តីសង្ឃឹម នៅក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួនថា៖ «គណៈកម្មការ​អន្តរក្រសួងមួយនេះ នឹងខិតខំប្រឹងប្រែង ស្វែងរកជនដៃដល់ពិតប្រាកដ ដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម​នេះ និងធានាថា នឹងរកឃើញយុត្តិធម៌នៅទីបញ្ចប់ ស្របតាមការប្តេជ្ញាចិត្ត របស់ប្រទេសកម្ពុជា នៅកម្រិតជាតិ និង​អន្តរជាតិ»។

ចំពោះការបង្កើតគណកម្មការថ្មី របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នេះ មិនត្រូវបានលោក ជា មន្នី ដែល​ជា​ដើម​បណ្តឹង​ព្រហ្មទណ្ឌ លើករណីឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ចំពោះបងប្រុសរបស់លោកនោះ ធ្វើការ​ស្វាគមន៍​ឡើយ។ លោក ជា មុន្នី បានថ្លែងប្រាប់ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា​៖ «អស់ពេល១១ឆ្នាំមកហើយ សម្រាប់ឃាតកម្មលើលោក ជា វិជ្ជា និង​ប្រាំបី​ឆ្នាំ​​សម្រាប់​លោក ហ៊ី វុទ្ធី។ ការបង្កើតគណកម្មការនេះ ហាក់បី​ដូចជា ទើបមានការភ្ញាក់រលឹក។ ចុះ​ពេល​​ឃាតកម្ម​ភ្លាមៗ ម្តេចមិនបង្កើតគណៈកម្មការ? ហេតុអ្វីទើប​មក​បង្កើត នា​ពេលនេះ? ។ (…) វា​ដូច​ជា​ចម្លែក មកដល់​បច្ចុប្បន្ន សាក្សី​ជា​ច្រើន​ទៀត​ពិបាករកណាស់។»

សម្រាប់លោក ជា មុន្នី ដែលបានឡើង ជាប្រធានសហជីបសេរីកម្មករកម្ពុជា បន្ទាប់ពីមរណៈភាព របស់​បង​ប្រុសលោកនោះ ការចេញសេចក្ដីសម្រេច បង្កើតគណៈកម្មការពិសេស របស់រដ្ឋាភិបាលកម្ពុជា ទំនង​ជា​ធ្វើ​ឡើង ដោយរងសំពាធ ពីអង្គការពលកម្មអន្តរជាតិនេះឯង។ សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយ​ចុច​នៅ​លើ​ទី​នេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...