ហ៊ុន សែន ប្រកាស​បិទ​ផ្លូវ​ចរចា​ជាមួយ សម រង្ស៊ី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងខ្លាំងៗ នៅព្រឹកថ្ងៃអង្គារនេះ ថាលោកនឹងមិនធ្វើការចរចាអ្វីទាំងអស់ ជាមួយនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសព្វថ្ងៃជាប្រធានចលនាសង្គ្រោះជាតិ ដោយនាយករដ្ឋមន្ត្រីកម្ពុជា នៅតែលើកឡើងជាថ្មី ពីមូលហេតុជាច្រើន ដែលទាក់ទងទិដ្ឋភាពផ្លូវច្បាប់ និងពីបញ្ហាផ្ទាល់ខ្លួនរបស់លោក។
ហ៊ុន សែន ប្រកាស​បិទ​ផ្លូវ​ចរចា​ជាមួយ សម រង្ស៊ី
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២៧ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 27, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«និយាយពីរឿងចរចា ខ្ញុំប្រកាសដាច់ខាត គ្មានការចរចា ជាមួយពួកក្បត់ជាតិ ទី២គ្មានការបន្ធូបន្ថយទោស និងលើកលែងទោស ឲ្យពួកក្បត់ជាតិ» នេះជាការលើកឡើងខ្លាំង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបិទលទ្ធភាពទាំងឡាយណា ដែលអាចឈានទៅរកការចរចា រវាងរូបលោក និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ។

ការថ្លែងរបស់លោក ហ៊ុនសែន ធ្វើឡើងក្នុងពិធីចែកសញ្ញាប័ត្រ ទៅដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងព្រឹកថ្ងៃអង្គារ ទី២៧ ខែមីនានេះ ក្នុងរាជធានីភ្នំពេញ។ ដូចក្នុងការដកស្រង់សំដីខាងលើ បុរសខ្លាំងកម្ពុជា បានលើកឡើងពីមូលហេតុពីរយ៉ាង (១) ផ្លូវច្បាប់ និង(២) បញ្ហាផ្ទាល់ខ្លួនរបស់លោក។

លោក ហ៊ុន សែន ថ្លែងពន្យល់ថា៖ «ខ្ញុំនិយាយពីទិដ្ឋភាពផ្លូវច្បាប់ ខ្ញុំគ្មានលទ្ធភាពចរចា។ ច្បាប់លើកលែងសិទ្ធិធ្វើនយោបាយ ចំនួន១១៨នាក់ វាមិនដែលមាន។ មានតែច្បាប់លើកលែងទោស ដល់អ្នកដែលតុលាការ បានកាត់ទោសរួចហើយ តែគ្មានច្បាប់លើកលែងទោស ឲ្យអ្នកកាត់សិទ្ធិធ្វើនយោបាយនោះទេ ។»។

នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថា៖ «អ្នកឯងដុតរូបខ្ញុំ ហើយមកចង់ចរចា! អ្នកឯងប្រមាថប្រពន្ធកូនខ្ញុំ។ លោកឯងប្រមាថ ប្រពន្ធខ្ញុំ ! លោកឯង ប្រមាថកូនខ្ញុំ! ចោទប្រពន្ធនិងកូនប្រុសរបស់ខ្ញុំ ជាប្រពន្ធនិងកូនប្រុស របស់មេដឹកនាំវៀតណាម។ តើអ្នកឯងដោះស្រាយយ៉ាងម៉េច រឿងហ្នឹង? ឥឡូវនេះអ្នកឯងបន្តថា កងទ័ពកំពុងប្រឆាំងហ៊ុន សែន។ ឥឡូវនេះកងទ័ពក៏ប្រឆាំង មន្រ្តីរាជការក៏ប្រឆាំង មិនបាច់ចរចាទេ។»។

លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានធ្វើសេចក្ដីអំពាវនាវ នៅចុងសប្ដាហ៍កន្លងមក និងពីម្សិលម៉ិញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដើម្បីទទូចឲ្យមានការចរចាមួយ ដើម្បីអ្វីមួយ ដែលលោកពន្យល់ថា ជាការដោះស្រាយវិបត្តិនយោបាយ រវាងខ្មែរនិងខ្មែរ។ សេចក្ដីអំពាវនាវ របស់មេដឹកនាំប្រឆាំង បានធ្វើឡើង នៅក្រោយកិច្ចអន្តរាគមន៍មួយ កាលពីសប្ដាហ៍កន្លងមកនេះ ពីសំណាក់លោក កង់តារ៉ូ សូនូរ៉ា (Kentaro SONOURA) ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីជប៉ុន ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានលើកពី ស្ថានភាពនយោបាយកម្ពុជា ទីកាន់មន្ត្រីរដ្ឋាភិបាលកម្ពុជាច្រើននាក់។

ជាពិសេស នៅក្នុងជំនួបជាមួយលោក ហ៊ុន សែន កាលពីរសៀលថ្ងៃសុក្រ ទី២៣ ខែមីនា មន្ត្រីជាន់ខ្ពស់ជប៉ុន បានថ្លែងសួរនាយករដ្ឋមន្ត្រីកម្ពុជា ពី​«លទ្ធភាព»​ណាមួយ ដែលឈានទៅដល់ការចរចា ជាមួយក្រុមមន្ត្រីគណបក្សប្រឆាំង ដោយមិនបានថ្លែងអះអាង ពីឈ្មោះលោក សម រង្ស៊ី នោះទេ។ ពាក្យសំដី ដែលចេញពីជំនួបនោះ ត្រូវបានដកស្រង់ឡើងវិញ ដោយលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងនៅក្រោយជំនួប ទៅកាន់ក្រុមអ្នកសារព័ត៌មាន មុននឹងត្រូវបានលោក ហ៊ុន សែន អះអាងជាថ្មី នៅព្រឹកថ្ងៃអង្គារនេះ។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «គាត់ [លោក កង់តារ៉ូ សូនូរ៉ា]ស្ទាប់ស្ទង់ មើលតើមានលទ្ធភាពចរចាឬទេ ! ខ្ញុំសួរគាត់ថាចរចាជាមួយអ្នកណា ? គាត់ថាចរចាជាមួយមនុស្សមួយក្រុម គាត់មិនបញ្ជាក់អ្នកណា ឬអតីត គណបកសសង្រ្គោះជាតិនោះទេ។ ខ្ញុំថា ខ្ញុំគ្មានសិទ្ធិចរចាទេ ខ្ញុំមិនប្រឆាំងនឹងសាលក្រមតុលាការកំពូល គាត់បញ្ជាក់ហើយបញ្ជាក់ទៀត សម្រាប់ការផ្ដល់ជំនួយនិងកិច្ចសហប្រតិបត្តិការ។»។

បុរសខ្លាំងកម្ពុជា បានបញ្ជាក់បន្ថែមថា នៅក្នុងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសជប៉ុន មកកម្ពុជា ក្នុងសប្ដាហ៍ខាងមុខ មិនមានការគ្រោងទុកជាមុន នូវរបៀបវារៈ ស្ដីពីការជួបចរចា ជាមួយក្រុមមន្ត្រីគណបក្សប្រឆាំង ឬបើនិយាយឲ្យចំ គឺលោក សម​ រង្ស៊ី នោះទេ។

លោក ហ៊ុន សែន ថា៖ «ជប៉ុនគេមិនមកធ្វើ រឿងឆ្កួតៗនោះទេ ! ជប៉ុនស្គាល់អធិបតេយ្យភាព កម្ពុជាច្បាស់ណាស់។ ប្រហែលជារឿងធំ នៅលើពិភពលោកបច្ចុប្បន្ន គឺ រឿងនុយក្លេអ៊ែរកូរ៉េខាងជើង និងរបបគាំពារនិយម លើវិស័យពាណិជ្ជកម្មរបស់អាមេរិក។ អង់គ្លេសដេញអ្នកការទូតរបស់រុស្ស៊ី រុស្ស៊ីដេញ អង់គ្លេសវិញ។ រឿងនេះ ជារឿងត្រូវពិភាក្សាថ្នាក់ដឹកនាំ មិនមែនរឿង ក្បាលអ្នកឯងប៉ុន្មាន នាក់នោះទេ ។ ជប៉ុនគេធ្វើអ្វី តម្រូវប្រជាជនកម្ពុជា ជាង១៥លាននាក់។ អត់ចរចា អត់មានការ លើកលែងទោស មានការបោះឆ្នោត។ ឥឡូវពួកអ្នកឯងចូលបក្សណាចូលទៅ !បង្កើតទៅ ចូលរួមបោះឆ្នោតទៅ !»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...