ហ៊ុន សែន ថា​គ្មាន​បញ្ហា បើ​អាមេរិក​កាត់​ជំនួយ​១០០%

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅថ្ងៃនេះ ថាលោកមិនខ្វាយខ្វល់ឡើយ បើទោះជាសហរដ្ឋអាមេរិក កាត់​ជំនួយ​ទាំង​ស្រុង​ពីកម្ពុជា។ លោកថា ទោះកាត់ ១០០% ក៏កាត់ទៅចុះ។ ការលើកឡើងរបស់លោក បានធ្វើ​ឡើង បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាលថ្មី របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) គ្រោង​​នឹង​​កាត់​​បន្ថយ​​ជំនួយ​​​សម្រាប់​​​ឆ្នាំ​២០១៨ ដល់​ប្រទេស​កម្ពុជា រហូត​​ដល់​​ទៅ ៧០,៥ភាគរយ។
ហ៊ុន សែន ថា​គ្មាន​បញ្ហា បើ​អាមេរិក​កាត់​ជំនួយ​១០០%
រូបនៅខាងលើ និងមុខគេបង្អស់៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​អគ្គមេបញ្ជាការកងទ័ព-​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា និងជាបង្គោលគ្រួសារដ៏សំខាន់ នៅក្នុង«The Hun Famely Tree»។ (រូបថត Global Witness)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 15, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មិនមានបញ្ហាទេ ទោះកាត់១០០ភាគរយ ក៏កាត់ទៅ ព្រោះខ្មែរយើងអត់មានអីផង» នេះជាការលើកឡើង របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីតបទៅនឹង​គម្រោង​កាត់​ជំនួយ​អាមេរិក សម្រាប់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋបាល​​ប្រធានាធិបតី​អាមេរិកថ្មី លោក ដូណាល់ ត្រាំ (Donald Trump)។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ នៅចំពោះនិស្សិតបញ្ចប់ការសិក្សា ជាច្រើនរយនាក់ នៅក្នុងពិធីចែក​សញ្ញា​បត្រ​​មួយ ក្នុងព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ដោយនិយាយ​ការពាររដ្ឋបាល​ប្រធានាធិបតីអាមេរិកថា លុយ​មិន​មែន​ធ្លាក់​ពី​លើមេឃទេ ដែលជាហេតុធ្វើឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវកាត់​បន្ថយជំ​នួយ​ទៅ​ក្រៅ​ប្រទេស ចំនួន​៣០ភាគរយ សម្រាប់គម្រោងថវិកាឆ្នាំក្រោយៗ របស់ប្រទេសមហាអំណាច។

លោក ហ៊ុន សែន បានថ្លែងថា៖ «ដូណាល់ ត្រាំ ត្រូវការលុយ អញ្ជឹងលុយវាមិនមែនធ្លាក់ពីលើមេឃមកទេ វាត្រូវ​មានតុល្យភាព អញ្ចឹងគាត់កាត់ជំនួយ ទៅក្រៅប្រទេសចំនួន៣០ភាគរយ។ ចំពោះខ្មែរយើង​​មិនមានបញ្ហាទេ ទោះ​កាត់១០០​​ភាគរយ ក៏កាត់ទៅ ព្រោះខ្មែរយើងអត់មានអីផង»។

គម្រោងកាត់​បន្ថយ​ជំនួយ ​ពីសំណាក់រដ្ឋបាលលោក ដូណាល់ ត្រាំ សម្រាប់​ឆ្នាំ​២០១៨ ដល់​ប្រទេស​កម្ពុជា មាន​ទំហំរហូត​ដល់​ទៅ ៧០,៥% ដែលនឹង​ធ្វើ​ឲ្យ​កម្ពុជា​ អាច​បាត់បង់​ទឹក​ប្រាក់​ជំនួយ​ ពី​អាមេរិក សម្រាប់​ឆ្នាំ​២០១៨ រហូត​​ដល់​ទៅ​ជាង ៥៤​លាន​ដុល្លារ​អាមេរិក ខណៈទឹកប្រាក់ជំនួយ សម្រាប់​ឆ្នាំ​២០១៦ កន្លង​​ទៅ មានចំនួនសរុប​ជាង ៧៧​លាន​ដុល្លារ​អាមេរិក។ នេះ បើតាមការការផ្សាយ របស់ទស្សនាវដ្ដី​គោលនយោបាយ​ការបរទេស (Foreign Policy Magazine) កាល​​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា កន្លង​ទៅ​។

​ក្នុង​ចំណោម​ទឹក​ប្រាក់​ជំនួយ​អាមេរិក កាល​ពី​ឆ្នាំ​២០១៦ កន្លង​ទៅ សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ចំនួន​ទឹក​ប្រាក់​សរុប​ជាង ៧៧​លាន​ដុល្លារ​អាមេរិក​នេះ ជំនួយ​​អភិវឌ្ឍន៍ប្រមាណជាង ៣៤​លាន​ដុល្លារ​អាមេរិក និង​មូលនិធិ​​ទ្រទ្រង់​សេដ្ឋកិច្ច​ចំនួន ៨​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​កាត់​បន្ថយ​ទាំង​ស្រុង។ រីឯកម្មវិធី​សុខាភិបាល​សកល ​របស់​ក្រសួង​ការបរទេស​ ចំនួន​ជាង ៦​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​កាត់​បន្ថយ ១៨,៣% មក​នៅ​ត្រឹម ៥​លាន​​ដុល្លារ​អាមេរិក និង​កម្មវិធី​សុខាភិបាល​សកល​របស់ USAID ចំនួន​ជាង ២៨​លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​កាត់​​បន្ថយ ៣៧,៤% មក​នៅ​ត្រឹម​ជាង ១៧​លាន​ដុល្លារ​អាមេរិក​វិញ។

បើតាមតួលេខថ្មីនោះ កម្ពុជា​អាច​ទទួល​បាន​ជំនួយ​សរុប​ពី​អាមេរិក ​សម្រាប់​ឆ្នាំ​២០១៨ ខាង​មុខ នូវ​ទឹក​ប្រាក់​ប្រមាណ​​តែជាង ២២​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

សម្រាប់លោក ហ៊ុន សែន បានទម្លាក់ការទទួលខុសត្រូវ នៃព្រឹត្តិការណ៍នៃការកាត់បន្ថយជំនួយនេះ ទៅលើ​សារព័ត៌មាន​ទៅវិញ ដោយលោក​បាន​បន្ទោស​សារព័ត៌មាន ថាមានបំណងចង់ផ្សាយ ឲ្យកម្ពុជាមាន​ឈ្មោះ​អាក្រក់។ លោកថា៖ «អាមេរិក បានប្រកាសកាត់បន្ថយជំនួយទៅក្រៅប្រទេស ៣០ភាគរយ ប៉ុន្តែអ្នកនៅ​ស្រុក​ខ្មែរ កាសែត​មួយចំនួននៅស្រុកខ្មែរថា កាត់តែកម្ពុជាទេ ដើម្បីឱ្យឃើញថាកម្ពុជានេះ វាអាក្រក់តែឯង។ អញ្ចឹង​បាន ដូណាល់ ត្រាំ គាត់ជេរ​កាសែត​ពួកគាត់​តែម្តង ហើយគាត់ជេរជាងគេ គឺ CNN ហើយអា ញូយ៉កថែម នេះ សុទ្ធតែត្រូវមាត់គាត់ តែទាំងអស់»។

នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាសនៃការថ្លែងនេះ ដើម្បីធ្វើរិះគន់ធ្ងន់ៗ ទៅកាន់សហរដ្ឋអាមេរិកថែមទៀត ដោយលោកគ្រោងនឹងនិយាយ ជាមួយ​លោក ដូណាល់ ត្រាំ ឱ្យបានដឹងថា តើអ្វីទៅដែលធ្វើឱ្យគេ មិនចូលចិត្ត​សហរដ្ឋ​អាមេរិក​ ដូចពេលនេះ។ គម្រោងជួបនិយាយនោះ អាចនឹងធ្វើ​ឡើងក្នុង​កិច្ច​ប្រជុំ អាស៊ាន-អាមេរិក នៅ​ប្រទេស​ឡាវ នៅពេលខាងមុខ ។

ចំពោះលោក មាស នី អ្នកវិភាគនិងអ្នកឃ្លាំមើលបញ្ហាសង្គម បានសំដែងក្ដីបារម្ភថា ការកាត់បន្ថយជំនួយ ពី​សំណាក់​សហរដ្ឋអាមេរិក នឹងធ្វើឲ្យកម្ពុជា​រត់​ទៅខ្ចី​បំណុល ពីបរទេសកាន់តែច្រើន ហើយអាចរុញឲ្យកម្ពុជា ងាក​ទៅរកប្រទេសចិនកុម្មុយនីស កាន់តែខ្លាំងឡើង។ លោកបានមានប្រសាសន៍ តាម​រយៈ​វិទ្យុអាស៊ីសេរីថា៖ «រឿង​​មួយ​ដែល​ធ្ងន់ធ្ងរ​នោះ គឺ​វា​ហាក់​ដូច​ជា​ធ្វើ​ឲ្យ​កម្ពុជា កាន់​តែ​ងាក​ខ្លួន​ ទៅ​រក​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន ហ្នឹង​កាន់​តែ​ធ្ងន់​ទៅៗ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...