កឹម សុខា៖ មហាបាតុកម្មអាចកើតឡើងជាថ្មី
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អនុប្រធានគណបក្សសង្រ្គោះជាតិលោកកឹម សុខា បានព្រមានថាមហាបាតុកម្ម ដឹកនាំដោយគណបក្សសង្រ្គោះជាតិ អាចនឹងកើតឡើងជាថ្មី ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនសម្រួលឲ្យមានការកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ឲ្យមានភាពយុត្តិធម៌ត្រឹមត្រូវ។
លោក កឹម សុខា នៅលើវេទិកា ក្នុងបាតុកម្មថ្ងៃទី២៥ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)
នយោបាយ - ក្នុងជំនួបជាមួយលោក ប្រសាទ សូរីយា សូបេឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីបញ្ហាសិទិ្ធមនុស្ស លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ចំណុចគន្លឹះ ដែលនាំឲ្យអូសបន្លាយ ដល់ការចរចានយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គឺទាក់ទងនឹងការខ្វែងគំនិតគ្នា លើការកែទម្រង់ការបោះឆ្នោត។
បើតាមអនុប្រធានគណបក្សជំទាស់រូបនេះ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាចង់បានសំឡេងហាសិបបូកមួយ រីឯគណបក្សសង្រ្គោះជាតិ ចង់បានសំឡេងពីរភាគបី នៃសមាជិកសភា ដើម្បីអនុម័តសមាសភាពសមាជិក គ.ជ.ប។ លោក កឹម សុខា បន្តថាការកែទម្រង់រដ្ឋាភិបាល រដ្ឋសភា ដីធ្លី តុលាការ និងវិស័យផ្សេងៗទៀត នឹងមិនអាចទៅរួចនោះទេ ដរាបណាមិនទាន់មានការកែទម្រង់ គ.ជ.ប ឲ្យបានត្រឹមត្រូវ ដើម្បីធានាថា គ.ជ.ប អាចមានលទ្ធភាពពេញលេញ និងយុត្តិធម៌ ក្នុងការរៀបចំដំណើរការបោះឆ្នោត ជ្រើសរើសរដ្ឋាភិបាលស្របច្បាប់។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ដែលសួរពាក់ព័ន្ធនឹងភាពទាល់ច្រក ក្នុងការចរចារវាងគណបក្សទាំងពីរ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានឆ្លើយតប ដោយសង្កត់ធ្ងន់ប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបជាមួយលោក ប្រាសាទ សូរីយា សូបេឌី នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ នេះថា៖ «គណបក្សសង្រ្គោះជាតិអត់បិទទេ តែបើគណបក្សប្រជាជនបិទ យើងរកច្រកផ្សេងទៀតធ្វើ។ បើមិនបិទ យើងនៅរកវិធីជជែកគ្នា ព្រោះយើងចង់រកច្រកដោះស្រាយ។ (...) បើបិទវាអាចទាំងអស់ យើងមិននៅដេកឲ្យងាប់ទេ បើគេខ្ទប់ច្រមុះ យើងនឹងដកដង្ហើមតាមមាត់។»
ហេតុផលដែលគណបក្សប្រជាជនកម្ពុជា ច្រានចោលសំឡេងពីរភាគបី របស់គណបក្សសង្រ្គោះជាតិ ត្រូវបានលើកឡើងដោយលោក ព្រំ សុខា ជាប្រធានក្រុមចរចាគណបក្សប្រជាជនកម្ពុជា ដោយលោកថាសំឡេងពីរភាគបី នឹងនាំឲ្យមានការជាប់គាំងដល់ការបង្កើត គ.ជ.ប ដែលជាឧបសគ្គបង្កឲ្យរាំងស្ទះ ដល់ការបង្កើតរដ្ឋាភិបាល និងរដ្ឋសភា។ បន្ទរពីការអះអាងរបស់លោកព្រំ សុខា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅគ្រាចុងក្រោយនេះ បានព្រមានថារដ្ឋាភិបាល នឹងមិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិ ធ្វើមហាបាតុកម្មជាថ្មីដាច់ខាត ហើយថារដ្ឋាភិបាលនឹងចាត់វិធានការម៉ឺងម៉ាត់ ចំពោះមហាបាតុកម្មណាក៏ដោយ ដែលរដ្ឋាភិបាលវាយតម្លៃថា ធ្វើឡើងដោយខុសច្បាប់។
ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គម្បីប្រឹងប្រែងថែមទៀត ដោយមិនត្រូវបណ្តោយស្ថានការណ៍ ឈានដល់ការចុះតវ៉ាតាមផ្លូវជាថ្មីទេ ខណៈលទ្ធភាពនៅមាន។ ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៤ នេះលោក យ៉ង់ គឹមអេង បញ្ជាក់ថា៖ «បាតុកម្មអហិង្សាជាដំណោះស្រាយល្អ ក្រោយការចរចាទាល់ច្រក នៅប្រទេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ តែយ៉ាងណាយើងមិនគួរមានការគំរាមកំហែងណាមួយ ដល់ការបង្ក្រាបដោយហិង្សា ក្នុងនាមជារដ្ឋាភិបាល៕»