ហ៊ុន សែន ការពារ ឡុង ឌីម៉ង់ រឿងកាត់ក្បាលទាហានមួកខៀវខ្មែរ
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 10, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ផ្ទុយពីការអះអាងជាច្រើន ដែលគេជឿថា គណនេយ្យហ្វេសប៊ុក ដាក់ឈ្មោះ «Long Dimanche» ជាគណនេយ្យរបស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូងនោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានច្រានចោលថា គណនេយ្យនោះ មិនមែនជារបស់លោក ឡុង ឌីម៉ង់ ទេ បន្ទាប់ពីគណនេយ្យមួយនេះ បានបង្ហោះព័ត៌មានមួយកាលពីម្សិលម៉ិញ បង្កការភ្ញាក់ផ្អើលពេញប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា។
ភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន គណនេយ្យខាងលើ បានសរសេរថា៖ «សូមជម្រាបដំណឹងរន្ធត់ និងសោកសៅស្តាយស្រណោះ ចំពោះយោធិនកម្ពុជាមួយរូប ដែលបានបាត់បង់ជីវិត នៅអាហ្វ្រិកកណ្តាល ពេលបំពេញបេសកកម្ម ក្នុងក្របខណ្ឌថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដោយពួកឩទ្ទាមបានកាត់ក្បាលគាត់»។
ព័ត៌មាន ដែលមិនបានបញ្ជាក់ប្រភពមួយនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា (រូមទាំងសារព័ត៌មាន ដែលស្និតនឹងរដ្ឋាភិបាល) និងក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដកស្រង់យកទៅផ្សាយបន្ត ដោយគ្រាន់តែគេជឿថា គណនេយ្យមួយនោះ ជារបស់លោក ឡុង ឌីម៉ង់ មន្ត្រីជាន់ខ្ពស់ម្នាក់ ដែលត្រូវបានលោក ហ៊ុន សែន ស្នើព្រះមហាក្សត្រឲ្យតែងតាំង ធ្វើជាឯកអគ្គរាជទូត ប្រចាំនៅប្រទេសកូរ៉េខាងត្បូង កាលពីអំឡុងខែមេសា ឆ្នាំទៅម៉ិញ។
តែនៅព្រឹកថ្ងៃទី១០ ខែឧសភានេះ ក្នុងពិធីអបអរសាទរខួប១០ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោក ហ៊ុន សែន បានប្រកាសការពារលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ថាមិនមែនជាលោក ឡុង ឌីម៉ង់ ម្ចាស់គណនេយ្យហ្វេសប៊ុកនោះទេ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងថា៖ «ខ្ញុំសុំស្នើឲ្យយកហ្វេសប៊ុក របស់ឈ្មោះ ឡុង ឌីម៉ង់ ដោយសុំឲ្យអ្នក ធ្វើការកែប្រែជាបន្ទាន់ នៅក្នុងការបង្ហោះហ្វេសប៊ុកបែបនេះ។ នេះ ជាការបង្ហោះ ដែលបានបំផ្លិចបំផ្លាញ ទៅដល់កិត្តិយសរបស់កងទ័ព ដែលឈានទៅដល់ថា កាត់កក។ សុំលោក ឡុង ឌីម៉ង់ ដែលមិនមែនជា ឡុង ឌីម៉ង់ ឯកអគ្គរាជទូត នៅកូរ៉េខាងត្បូងទេ ក៏ប៉ុន្តែ ខ្ញុំបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើកិច្ចការងារនេះជាបន្តាន់ ប្រសិនជាគេមិនប្ដូរ និងដករូបភាព នៃការកាត់កនេះចេញ វាមានតម្លៃស្មើនឹងការប្រកាសសង្គ្រាម ជាមួយកងទ័ពកម្ពុជាទាំងមូល។»។
បន្ទាប់ពីបានការពារលោក ឡុង ឌីម៉ង់ នេះរួច នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា នៅបានយកឱកាសនេះ ដើម្បីថ្លែងព្រមានទៅដល់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមាននិន្នាការប្រឆាំងនោះផងទៀត។ លោក ហ៊ុន សែន បានបន្តថ្លែងថា៖ «ប៉ុន្តែអ្នកបង្ហោះហ្វេសប៊ុក ដោយរូបភាពកាត់តបែបនេះ គឺត្រូវទទួលខុសត្រូវ។ ប្រសិនបើជាការដកចេញ នូវរូបភាពនេះ យើងអាចយោគយល់បាន ប៉ុន្តែបើសិនជាអ្នក មិនដករូបភាពនេះចេញទេ យើងនឹងស្វះស្វែងរកមនុស្សនេះ ដើម្បីផ្ដន្ទាទោស។ ហើយបើសិនជាអ្នក ជាសមាជិកបក្សនយោបាយផ្សេង ដែលមានចេតនា បក្សនោះក៏នឹងក្លាយជាសត្រូវ នៃកងកម្លាំងប្រដាប់អាវុធផងដែរ។ (...) បើទោះអ្នកនៅក្រៅប្រទេស អ្នកក៏គង់មានគ្រួសារ នៅក្នុងប្រទេស អ្នកកំភ្លេចឲ្យសោះ។»។
តាមច្បាប់កម្ពុជា ការផ្សាយព័ត៌មានមិនពិត នឹងត្រូវមានទោស។ យ៉ាងណាក៏ដោយ នៅក្រោយការបង្ហោះ នៅប្រមាណជាប៉ុន្មានម៉ោងក្រោយមក គណនេយ្យហ្វេសប៊ុក «Long Dimanche» បានលុបរូបភាព និងព័ត៌មាននោះចេញទៅវិញ ហើយគេមិនអាចចូលទៅមើលឡើងវិញបានទេ។
ក្បួនរថយន្ដរបស់កងកម្លាំងវិស្វកម្មមួកខៀវ របស់កម្ពុជា ដែលមានអមការពារ ដោយកងកម្លាំងមួកខៀវ មកពីប្រទេសម៉ារ៉ុក ត្រូវបានក្រុមឧទ្ទាម «anti-Balaka» ពួនស្ទាក់វាយប្រហារ កាលពីយប់ថ្ងៃចន្ទ វេលាម៉ោងជាង២០ (ម៉ោងក្នុងស្រុក ត្រូវជាម៉ោង១រលងអាធ្រាត នៅស្រុកខ្មែរ) នៅក្នុងភាគខាងត្បូង នៃប្រទេសអាហ្វ្រិកកណ្ដាល បណ្ដាលឲ្យយុទ្ធជនកម្ពុជាបួនរូប ស្លាប់បាត់បង់ជីវិត និងទាហានផ្សេងទៀតរងរបួស។
» អត្ថបទលំអិតដែលទាក់ទង ៖ ទាហានមួកខៀវ៤នាក់ (មានខ្មែរ) នៅអាហ្វ្រិកកណ្ដាលត្រូវបានសម្លាប់
សេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែឧសភានេះ របស់ក្រសួងការពារជាតិកម្ពុជា បានអះអាងពីព័ត៌មានខាងលើ និងបានបញ្ជាក់ពីអត្តសញ្ញាណ របស់យុទ្ធជនទាំងបួនរូប ដូចតទៅ៖ លោកអនុសេនីយឯក គឹម សំ អ្នកបើកបរប៊ិលដូស័រ - លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព - លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និងលោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ៕