សុខ ប៊ុន ត្រូវនាំមកសាលាដំបូងរាជធានី ដោយមិនដាក់ខ្នោះ (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៨ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 19, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សុខ ប៊ុន កំពុងស្ថិតក្រោមការសាកសួរ របស់ចៅក្រមសើមសួរ លោក លាង សំណាត់ លើករណីការប្រើហឹង្សាជាក្រុម ទៅលើអតីត ពិធីការិនីទូរទស្សន៍ នាង ឯក សុជាតា ហៅកញ្ញា សាសា។ នេះបើតាមការអះអាង របស់ភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន នៃទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដែលបានប្រចាំការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។
ការនាំខ្លួនលោក សុខ ប៊ុន មកកាន់តុលាការនេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែកក្កដា បានប្រកាស ឲ្យបុរសអ្នកមានប្រាក់រូបនេះ ចូលខ្លួនមកកាន់តុលាការ និងបញ្ជាឲ្យមានការនាំខ្លួនជាបន្ទាន់ ដោយមិនអាចរង់ចាំបានឡើយ។
លោកនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅពេលនោះថា៖ «ទោះក្មួយស្រី សាសា មិនប្តឹង ក៏ផ្នែករដ្ឋ ផ្នែកតុលាការ ត្រូវតែធ្វើសកម្មភាពដែរ។ (…) បើទោះជាក្មួយស្រី សាសា ធ្វើការសម្រុះសម្រួលជាមួយលោក សុខ ប៊ុន ក៏ផ្លូវតុលាការ មិនអនុញ្ញាត ឲ្យសំណុំរឿងនេះរួចដែរ។ ព្រោះវាជាសំណុំរឿងព្រហ្មទណ្ឌ។ (…) រឿងព្រហ្មទណ្ឌហើយ ទោះបីជាសម្រួលគ្នា ក្រៅតុលាការ ប៉ុន្តែឲ្យរលត់បណ្តឹងអាជ្ញា គឺអត់ទៅរួចទេ»។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ក៏បានថ្លែងបញ្ជា ឲ្យសមត្ថកិច្ចជំនាញ និងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវតាមស្វែងរកចាប់ខ្លួន លោក សុខ ប៊ុន មកចាត់ការតាមផ្លូវច្បាប់ ទោះបីជារត់គេច ឬលាក់ខ្លួននៅក្រហែងណា ក៏ដោយ។
ដោយឡែក កញ្ញា សាសា ដែលជាដើមបណ្ដឹង ត្រូវបានតុលាការសាកសួរ កាលពីថ្ងៃទី១៧ ខែកក្កដា មួយថ្ងៃមុនការនាំខ្លួន លោក សុខ ប៊ុន មកកាន់តុលាការ នាព្រឹកនេះ។ មកទល់ម៉ោង ជិត១១ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥នេះ លោក សុខ ប៊ុន កំពុងស្ថិតនៅក្តោមការសាកសួរ របស់លោកចៅក្រមស៊ើបសួរនៅឡើយ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចសុំប្រតិកម្មពីលោក ពុធ ធាវី មេធាវិការពារកញ្ញា សាសា បានទេនាព្រឹកនេះ ដោយលោកពុំទទួលទូរស័ព្ទ៕
» វីដេអូបង្ហាញពីលោក សុខ ប៊ុន ដែលត្រូវបានសមត្ថកិច្ចនាំខ្លួន មកកាន់តុលាការ ដោយពុំមានដាក់ខ្នោះ៖