សុខ ប៊ុន ត្រូវចាប់ខ្លួនបានសម្រេច ព្រោះខ្លាច«ហ្វេសប៊ុក»?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 19, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបញ្ជាឲ្យតាមចាប់ខ្លួន លោក សុខ ប៊ុន ពីសំណាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការបញ្ជា ពីលោកនាយករដ្ឋមន្រ្តី ឲ្យលោក សុខ ប៊ុន មកបង្ហាញខ្លួននោះ ជាការ«ភ័យខ្លាច» និង«ញញើត» នូវព័ត៌មានជាវីដេអូ ដែលបណ្តាញសង្គមហ្វេសប៊ុក បានផ្សាយចេញទៅ ហើយក្នុងនាមរដ្ឋាភិបាល មិនអាចព្រងើយ មិនដោះស្រាយនោះឡើយ។ នេះជាការបញ្ចេញទស្សនៈ របស់មន្ត្រីអ្នកឃ្លាំមើលបញ្ហាសង្គម លោក យ៉ង់ គឹមអេង ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ។
លោក យ៉ង់ គឹមអេង ដែលជាប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពនោះ បានពន្យល់ថា៖ «មានការដាក់សម្ពាធ តាមប្រព័ន្ធហ្វេសប៊ុកខ្លាំង។ អំពើហិង្សានោះ ដូចជាព្រៃផ្សៃទៅលើស្រ្តីម្នាក់ ដែលមិនគួរឲ្យកើតមាន ដែលជារឿងអសីលធម៌មួយធំ ក្នុងសង្គម និងជាអំពើឧក្រិដ្ឋ ដែលមានភាពសាហាវ និងឃោឃៅ។»
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដ្លែងថា អំពើហិង្សាលើ កញ្ញា សាសា ពីសំនាក់លោក សុខ ប៊ុន និងអង្គរក្សនោះ ជាអំពើសាហាវ យង់ឃ្នង។ ហើយ លោកបានប្រកាស ឲ្យលោក សុខ ប៊ុន ចូលបង្ហាញខ្លួន ចំពោះមុខតុលាការ និងចេញបញ្ជា ឲ្យអាជ្ញាធមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ព្រហ្មទណ្ឌ ក្នុងរណីខាងលើនេះ។
នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ បន្ទាប់ពីត្រូវបាននគរបាលអន្តរជាតិ នាំខ្លួនត្រឡប់មកកម្ពុជាវិញ តាមព្រលានយន្ដហោះអន្តរជាតិភ្នំពេញ លោក សុខ ប៊ុន ក៏ត្រូវបាននាំខ្លួនភ្លាម ចូលមកឲ្យសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរ។ នៅរសៀលថ្ងៃដដែល តុលាការក៏បានសម្រេច បញ្ជូនលោក សុខ ប៊ុន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស ដោយមិនទាន់បានសម្រេច ពីការផ្តន្ទាទោស ឬយ៉ាងណានៅឡើយ។
ចំណែកដើមបណ្ដឹង កញ្ញា សាសា វិញ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅពេលចេញពីការសាកសួរ របស់សាលាដំបូង នាថ្ងៃទី១៧ ខែកក្កដា ថាតាមរយៈវីដេអូឃ្លីប ដែលបែកខ្ចរខ្ចាយ តាមបណ្ដាញសង្គម និងការគាំទ្រពីសាធារណៈជន អង្គការសង្គមស៊ីវិលផងនោះ កញ្ញានឹងអាចទទួលបានយុត្តិធម៌ ពីតុលាការកម្ពុជា។ អតីតពិធីការិនីទូរទស្សន៍ បានប្ដឹងលោក សុខ ប៊ុន ពីបទបង្ករបួសស្នាម ដោយចេតនា ក្នុងទង្វើដ៏សាហាវព្រៃផ្សៃមួយ កាលពីយប់ថ្ងៃទី១ មកថ្ងៃទី២ ខែកក្កដាកន្លងមក។
នៅលើបណ្ដាញសង្គម យ៉ាងហោចណាស់ វីដេអូចំនួនពីរ ព្រមទាំងរូបថតជាច្រើនសន្លឹក ទាក់ទងនឹងការវាយតប់ បោចសក់ ជាន់កសម្រាត កញ្ញា សាសា ត្រូវបានគេយកមកបង្ហោះ និងចែករំលែកតៗគ្នា បង្កឲ្យមានការបញ្ចេញកំហឹងជាទូទៅ ពាសពេញប្រទេស។ ហេតុការណ៍នេះ ថែមទាំងបានល្បី ចេញទៅក្រៅប្រទេស ជាពិសេសនៅលោកខាងលិចនោះផង ដែលធ្វើរូបភាពរបស់ប្រទេសកម្ពុជា កាន់តែជាប់ប្រលាក់ នឹងអំពើហិង្សារបៀបនេះ បេះមិនចេញ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ បានថ្លែងបញ្ជា ឲ្យសមត្ថកិច្ចជំនាញ និងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវតាមស្វែងរកចាប់ខ្លួន លោក សុខ ប៊ុន មកចាត់ការតាមផ្លូវច្បាប់ ទោះបីជារត់គេច ឬលាក់ខ្លួននៅក្រហែងណា ក៏ដោយ។ លោក ស ខេង ថែមទាំងបានព្រមានមន្ត្រីក្រោមបង្គាប់ ដោយជៀសចេញឲ្យឆ្ងាយ ពីការប៉ុនប៉ងធ្វើអន្តរាគមន៍ ចង់លូកដៃជួយលោក សុខ ប៊ុន។
យ៉ាងណាក៏ដោយ ក៏លោក យ៉ង់ គឹមអេង បានស្នើសុំឲ្យមន្រ្តីសាធារណៈ របស់រដ្ឋទាំងអស់ ទាំងលោក ស ខេង ទាំងលោកនាយករដ្ឋមន្រ្តី ត្រូវយកចិត្តទុក្ខដាក់ដូចគ្នា គ្រប់រឿងគ្រប់បទល្មើសទាំងអស់ ឲ្យដូចករណីកញ្ញា សាសា នេះ។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «មិនមែនតែបទល្មើសមួយនេះទេ ដែលត្រូវតែ ចាត់ការនោះ។ (...) ប៉ុន្តែករណីផ្សេងៗទៀត ក៏ត្រូវមានចំណាត់ការ កុំឲ្យជនល្មើស នៅក្រៅសំណាញ់ច្បាប់ដូចគ្នា។»៕