រតនគីរី៖ អភិបាល​ស្រុក​លំផាត់ អាច​នឹង​ត្រូវ​នាំ​ខ្លួន ពី​បទ​កាប់​បំផ្លាញ​ព្រៃ

បើតាមការអះអាររបស់មន្ត្រីតុលាការ បានឲ្យដឹងថា លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី អាចនឹង​ប្រឈមទៅនឹងការនាំខ្លួន ពីតុលាការខេត្ត ប្រសិនបើគាត់មិនចូលខ្លួន ឆ្លើយបំភ្លឺតាមកាលកំណត់ ពាក់ព័ន្ធករណី​កាប់រានដីព្រៃ ក្នុងតំបន់តំបន់ការពារធម្មជាតិ និងជាតំបន់អេកូរ ទេសចរណ៍អូរស៊ិនលែរ ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមការអះអាររបស់មន្ត្រីតុលាការ បានឲ្យដឹងថា លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី អាចនឹង​ប្រឈមទៅនឹងការនាំខ្លួន ពីតុលាការខេត្ត ប្រសិនបើគាត់មិនចូលខ្លួន ឆ្លើយបំភ្លឺតាមកាលកំណត់ ពាក់ព័ន្ធករណី​កាប់រានដីព្រៃ ក្នុងតំបន់តំបន់ការពារធម្មជាតិ និងជាតំបន់អេកូរ ទេសចរណ៍អូរស៊ិនលែរ ។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី ដែលរកដើមឈើមួយដើមគ្មាន។ (រូបថតឯកសារ២០០៦ MONOROOM.info/​ Bunthoeun C)

ប្រព័ន្ធច្បាប់ - លោក សួស ឡា ប្រធានតុលាការខេត្តរតនគីរី បានថ្លែងថា តុលាការបានចេញដីការកោះអញ្ជើញ លោក គង់ ស្រ៊ុន អភិបាលស្រុកលំផាត់ ខេត្ដរតនគីរី ឲ្យចូលបំភ្លឺជុំវិញបទ«សង្ស័យ បញ្ជាការកាប់រាន​ដីព្រៃ​តំបន់​ការពារធម្មជាតិ និងជាតំបន់អេកូរទេសចរណ៍ ស៊ិនលែរ» ម្ដងរួចមកហើយ កាលពីថ្ងៃទី២៨ខែមីនា ប៉ុន្តែគាត់បាន​ស្នើរសុំពន្យាពេលចូលឆ្លើយបំភ្លឺនៅតុលាការ ។ ហើយតុលាការបានចេញដីការកោះជាលើកទី២ ដើម្បីឲ្យគាត់ចូល​មកបំភ្លឺជុំវិញករណីខាងលើនេះ នៅថ្ងៃទី២៣ ខែមេសា ។ លោកថា៖ «តុលាការនឹងចេញដីការឲ្យនាំខ្លួន ឬយ៉ាងណា​ទៅតាមច្បាប់ និង នីតិវិធីរបស់តុលការ ក្នុងករណីគាត់នៅតែមិនចូលបំភ្លឺតាមកាលកំណត់ នៃដីការកោះជា​លើក​ទី២នេះ។»

លោក ផាត់ ភឿន នាយរងផ្នែករដ្ឋបាលព្រៃឈើ ខេត្តរតនៈគីរី បានថ្លែងថា កាលពីខែតុលា ឆ្នាំ២០១៣ អង្គភាព​រដ្ឋបាល​ព្រៃឈើខេត្តរតនគីរី បានដាក់ពាក្យប្ដឹងប្រឆាំងទៅនឹងជនល្មើសមួយចំនួន ដែលបានកាប់រាន​ទន្ទ្រាន​កាន់​កាប់ដីព្រៃ ក្នុងតំបន់ការពារអូរសិនលែរ ទៅតុលាការខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។ លោកថា៖ «ខ្ញុំគិតថា លោក គង់ ស្រ៊ុន ទំនងជាអ្នកនៅពីក្រោយនៃបទល្មើសខាងលើនេះ ទើបគាត់ត្រូវបានតុលាការកោះហៅឲ្យចុលបំភ្លឺ បន្ទាប់ពីតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់»។

លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តរតនគីរីបាននិយាយថា នៅក្នុងករណីខាងលើនេះ តុលាការខេត្ត បានឃុំខ្លួនជនសង្ស័យពីររូបជាបណ្ដោះអាសន្ន ក្នុងនោះរួមមាន លោក ម៉ឺង ប៊ុនហ៊ិន ប្រធាន​ការិយាល័យសុរិយោដី ស្រុកលំផាត់ និងលោក ហ៊ិន ស៊ីថា អតីតមន្ត្រីអង្គរក្សនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជា​អតីត​មេការក្រុមហ៊ុនចំការកៅស៊ូ DM Group ពីបទជាប់ពាក់ព័ន្ធ នឹងការកាប់បំផ្លាញ ព្រៃនៃតំបន់ធម្មជាតិអូរស៊ិនលែរ ។

ស្វែងរកអាវក្រោះ?

លោក ឆាយ ធី បានប្រាប់ឲ្យដឹងផងដែរថា ថ្មីៗនេះមានពាក្យចចាមអារាមជាច្រើន ពីប្រជាពលរដ្ឋ ក្នុងស្រុកលំផាត់ថា ការខកខានរបស់លោក គង់ ស្រ៊ុន ក្នុងការបង្ហាញខ្លួននៅតុលាការដើម្បីឆ្លើយបំភ្លឺជុំវិញបទសង្ស័យខាងលើនោះ គឺ​បណ្ដាលមកពី គាត់ទៅភ្នំពេញ ដើម្បី ស្វែងរកមន្ដ្រីជាន់ខ្ពស់ណាម្នាក់ ក្នុងក្រសួងមហាផ្ទៃដើម្បីជួយការពារគាត់។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក គង់ ស្រ៊ុន មិនអាចទំនាក់ទំនងសុំការពន្យល់បានទេ កាលពីម្សិលមិញ ប៉ុន្តែស្ត្រី​ម្នាក់ ដែលបានលើកទូរស័ព្ទរ ហើយអះអាងថា គាត់ជាប្រពន្ធរបស់លោក គង់ ស្រ៊ុន បានប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា ប្ដីរបស់គាត់ [លោក គង់ ស្រ៊ុន] «កំពុងសម្រាកព្យាបាលជំងឺលើសឈាម និង ជំងឺខ្លាញ់រំបេះដូង នៅក្នុងមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញ» ហើយថារហូតមកដល់ពេលនេះ គាត់មិនបានដឹងរឿងប្ដីគាត់ ត្រូវបាន​ជាប់សង្ស័យ ពីបទបញ្ជាការឲ្យគេកាប់រុករានដីព្រៃ ក្នុងតំបន់ការពារអូរសិនលែរនោះទេ៕

------------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១០ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...