ជូង ជូងី៖ ការជប់លៀងប៉ះពាល់ដល់តម្លាភាព នៃការបោះឆ្នោតគណៈមេធាវីកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី តុលា ២០១៥
- កែប្រែចុងក្រោយ: October 20, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើពិធីជប់លៀង ជាវិធីសាស្ត្រដោយប្រយោលមួយ សម្រាប់ទាក់ទាញទឹកចិត្ត ឲ្យអ្នកដែលចូលរួម បោះឆ្នោតឲ្យម្ចាស់កម្មវិធីឬ? លោកមេធាវីមួយរូប ដែលជាសមាជិកគណៈមេធាវីកម្ពុជា បានថ្លែងសំដែងការព្រួយបារម្ភថា ការជប់លៀងនោះ ចង់ឬមិនចង់ វាពិតជាអាចប៉ះពាល់ ដល់«តម្លាភាព»នៃការបោះឆ្នោតជ្រើសតាំង សមាជិកក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥កន្លងមកនេះ។
គេមិនដឹងថា តើលោកមេធាវី ជូង ជូងី បានលើកឡើងនេះ ចង់និយាយទៅរកបេក្ខជនណាម្នាកនោះឡើយ។ តែនៅក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា លោកមេធាវីបានថ្លែងថា លោកមិនចង់ឲ្យមាន ឬឃើញនូវវប្បធម៌ នៃការជួបជុំ តាមរយៈការជប់លៀង ដោយធ្វើការអូសទាញមេធាវីមួយចំនួន មកគាំទ្រខ្លួន ព្រោះតែខ្លួនមានអំណាច ណាមួយនោះឡើយ។ លោកថាការអូសទាញរបៀបនេះ អាចធ្វើឲ្យមេធាវី ដែលមានសមត្ថភាពពិតប្រាកដ គ្មានឱកាស នឹងចូលរួមប្រកួតប្រជែង ដោយយុត្តិធម៌ឡើយ។
ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា នៃគណៈមេធាវីកន្លងមកថ្មីៗនេះ ត្រូវបានលោកមេធាវីអះអាងថា នៅតែមានបញ្ហាបន្តិចបន្តួច ដែលកើតចេញពីការបោះឆ្នោតនោះ ហើយវាមិនមានអ្វីគួឲ្យចាប់អារម្មណ៍ទេ។ លោកបន្តថា អ្វីដែលសំខាន់ សុំឲ្យសមាជិកនៃក្រុមប្រឹក្សា គណៈមេធាវីទាំងនោះ ត្រូវបង្ហាញនូវភាពស្មោះត្រង់ និងតម្លាភាព។ លោកមេធាវី ជូងី បានថ្លែងឡើងថា៖ «យើងទទួលយក២៧នាក់នោះទៅធ្វើការទៅ។ សំខាន់២៧នាក់នោះ គាត់ទៅធ្វើការ ស្អាត មិនពុករលួយ មិនធ្វើអ្វីផ្តេសផ្តាស ពិចារណាឲ្យបានត្រឹមត្រូវ ក្នុងការសម្រេចចិត្តផ្សេងៗ។ ចេះពិភាក្សាគ្នា ពិចារណាឲ្យគ្រប់ជ្រុងជ្រោយ កុំឲ្យមានអំពើពុករលួយ កុំឲ្យមានការប្រកាន់បក្សពួក។»
យ៉ាងណា លោកបានធ្វើការរិះគន់ខ្លាំងៗ ទៅកាន់ក្រុមប្រឹក្សាគណៈមេធាវីមួយចំនួន ដែលបានឈ្នះឆ្នោតថ្មីៗនេះថា មានភាពអវិជ្ជមាន ព្រោះការជាប់ឆ្នោតនៃអ្នកខ្លះនោះ មិនបានបង្ហាញនូវសមត្ថភាព និងចំណេះដឹងរបស់ខ្លួនឡើយ តែជាការបង្ហាញនូវអំណាច ដោយការអូសទាញ ឬទឹកចិត្ត ពីមេធាវីដទៃទៀត ដែលមិនបានពិចារណា តាមរយៈការជប់លៀង មុនការបោះឆ្នោតកើតឡើងជាដើម។ ក្រោយការជប់លៀង ចង់មិនចង់ មេធាវីទាំងនោះ ច្បាស់ជាបោះឆ្នោត ឲ្យអ្នកដែលបានហៅខ្លួន ទៅជប់លៀងនោះហើយ។ ហើយក៏មិនបានគិតគូរច្រើន ទៅដល់អ្នកដែលមានសមត្ថភាពពិតប្រាកដ ដែលមិនមានពិធីជប់លៀងនឹងគេ។ នេះជាការបាត់បង់ឱកាស ក្នុងការប្រកួតប្រជែង ដោយសមភាព និងតម្លាភាព ដោយយកចំណេះដឹងជាគោល។
ប្រភពក្រៅផ្លូវការមួយ បានបង្ហើបឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពីបេក្ខជនជាប់ឆ្នោត ជាសមាជិក-សមាជិកាក្រុមប្រឹក្សា គណៈមេធាវីអាណត្តិទី៨ ទាំង២៧នាក់ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៦ ខែតុលា ដូចខាងក្រោម៖
១-លោកមេធាវី សាំង វណ្ណៈ អត្តលេខ៣៥៧
២-លោកមេធាវី អ៊ឹង កិរិយា អត្តលេខ៥៨៧
៣-លោកមេធាវី កែត ឃី អត្តលេខ០៧៩
៤-លោកមេធាវី អ៊ីវ ប៉ូលី អត្តលេខ៥៩៣
៥-លោកមេធាវី ខៀវ សំបូរ អត្តលេខ៣៧៣
៦-អ្នកស្រីមេធាវី ជា សុកនួន អត្តលេខ៤៦៧
៧-លោកមេធាវី សាន់ ជួយ អត្តលេខ២៩៩
៨-លោកមេធាវី ថាន ផានិត អត្តលេខ៤១៣
៩-លោកមេធាវី កេង សុម៉ាឡា អត្តលេខ៥០៧
១០-លោកមេធាវី ជូ ចាន់ធីរ៉ា អត្តលេខ០៧០
១១-អ្នកស្រីមេធាវី ម៉ី ឧសភា អត្តលេខ៣៩៦
១២-លោកមេធាវី សេង សុខឃីម អត្តលេខ៣៣១
១៣-លោកមេធាវី លីវ សុវណ្ណា អត្តលេខ០៨៥
១៤-អ្នកស្រីមេធាវី ឈីវ ភិរម្យ អត្តលេខ៥២០
១៥-លោកមេធាវី សំ សុគង់ អត្តលេខ៣២១
១៦-លោកមេធាវី នង មានន្ទ អត្តលេខ៤៤២
១៧-អ្នកស្រីមេធាវី អ៊ូ ធីតាពៅ អត្តលេខ៥៤៥
១៨-លោកមេធាវី លី ពីង អត្តលេខ២៩៦
១៩-លោកមេធាវី យឹម វិស្សុត អត្តលេខ៣៨០
២០-អ្នកស្រីមេធាវី លឹម ច័ន្ទលីដា អត្តលេខ៨០៣
២១-លោកមេធាវី កៃ វិសាល អត្តលេខ២៣៣
២២-លោកមេធាវី ហូ លីហូវ អត្តលេខ៤៦០
២៣-លោកមេធាវី វ៉ា ពិសី អត្តលេខ១៥៣
២៤-លោកមេធាវី ជា ហុងរី អត្តលេខ៦៩៣
២៥-អ្នកស្រីមេធាវី សៅ កញ្ញា អត្តលេខ៣១១
២៦-អ្នកស្រីមេធាវី ម៉ុន វិមានចំប៉ា អត្តលេខ៥៦៥
២៧-លោកមេធាវី ឈី សម្បត្តិ អត្តលេខ២៩៨៕