គឹម សុខ៖ «ហ៊ុន សែន ខ្លាំង​តែ​ពីរ​ចំណុច​ប៉ុណ្ណោះ»

ពីកន្លែងសុវត្ថិភាព ដែលលោកភៀសខ្លួន លោក គឹម សុខ បានអះអាងថា លោក ហ៊ុន សែន មិនមានអ្វីខ្លាំង ក្រៅតែពីរចំណុច ដែលបុរសខ្លាំងកម្ពុជា បាននិងកំពុងអនុវត្ត ក្នុងពេលសព្វថ្ងៃនេះទេ។ ពីរចំណុច ដែលគ្រប់គ្រាន់ ជាមូលហេតុធ្វើលោក គឹម សុខ ក្លាយខ្លួនជាពលរដ្ឋម្នាក់ទៀត ដែលត្រូវភៀសខ្លួន ចេញពីប្រទេស​កម្ពុជា។
គឹម សុខ៖ «ហ៊ុន សែន ខ្លាំង​តែ​ពីរ​ចំណុច​ប៉ុណ្ណោះ»
ពីឆ្វេងទៅស្ដាំ៖ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 03, 2018
  • ប្រធានបទ: នយោបាយ​​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លាក់ខ្លួន មិនមានន័យថា លោក គឹម សុខ លាក់សម្លេងនោះឡើយ។ អ្នកវិភាគនយោបាយ និងសង្គម បានបន្តបរិហារនាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន ដោយវាយតម្លៃបុរសខ្លាំងរូបនេះ ថា«មិនមានចំណុចអ្វី ដែលខ្លាំង» នោះទេ។

ស្រង់សំដី ដោយលោក ជុន ច័ន្ទបុត្រ នាយករង និងជាអ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី លោក គឹម សុខ បានលើកឡើង ពីកន្លែងសុវត្ថិភាព ដែលលោកលាក់ខ្លួនថា៖ «លោក ហ៊ុន សែន មានចំណុចខ្លាំងតែពីរប៉ុណ្ណោះ គឺទីមួយ លោកហ៊ានប្រើល្បិចកល អាក្រក់គ្រប់សព្វបែបយ៉ាង ឲ្យតែបានអំណាច និងទីពីរ បានអំណាចហើយ នៅបន្តគំរាមកំហែង ពលរដ្ឋស្លូតត្រង់ទៀត»។

ការថ្លែងរបស់លោក គឹម សុខ ធ្វើឡើង បន្ទាប់ពីតុលាការរាជធានីភ្នំពេញ តាមរយៈចៅក្រុមស៊ើបសួរ លោក លាង សំណាត់ បានចេញដីកា នៅថ្ងៃចន្ទទី ៣ ខែកញ្ញា នេះ កោះហៅអ្នកវិភាគមិនសំចៃមាត់ ឲ្យចូលខ្លួន មកឲ្យតុលាការសាកសួរ យកចម្លើយ ពីបទបរិហាកេរ្តិ៍​ជា​សាធារណៈ និងញុង​ញង់ ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ទាំងគ្មានអ្នកប្ដឹង។

ដីកាកោះ ដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃចន្ទដដែល បានបង្គាប់ឲ្យលោក គឹម សុខ ឲ្យចូល​ខ្លួន​ មកកាន់​សាលាដំបូង​រាជធានី​ នៅព្រឹក ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខ។ បើមិនចូលខ្លួន តាមដីកាកោះនេះទេ ចៅក្រមស៊ើបសួរខាងលើ នឹងចេញដីកាមួយទៀត ឲ្យនាំខ្លួនលោក។

នៅដើមខែកញ្ញានេះ មានសេចក្ដីរាយការណ៍ជាច្រើន បានអះអាងថា លោក គឹម សុខ បានភៀសខ្លួន ចេញពីប្រទេសកម្ពុជា ទៅកាន់ទីកន្លែងមួយ ដែលត្រូវបានអះអាងថា មានសុខសុវត្ថិភាព។ ប្រភពពីនគរបាល ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក បានអះអាងថា លោក គឹម សុខ បានចាកចេញ ទៅកាន់ប្រទេសថៃ។

គេមិនដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី លោក លាង សំណាត់ បានកោះហៅលោក គឹម សុខ ក្រោមមូលហេតុអ្វី ឬដោយសារលោក គឹម សុខ បានប្រព្រឹត្តិកំហុសអ្វីនោះទេ ខណៈអ្នកវិភាគរូបនេះ បានចេញពីពន្ធនាគារ កាលពីថ្ងៃទី ១៧ ខែសីហាកន្លងមក បន្ទាប់ពីលោកអនុវត្តិទោស ១៨ ខែ នៅក្នុងពន្ធនាគារ ចប់សព្វគ្រប់។

យ៉ាងណា ដីកាកោះក្រមសាលាដំបូង ធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយការថ្លែងជាសាធារណៈ របស់លោក ហ៊ុន សែន ដែលគម្រាមចាប់លោក គឹម សុខ ដាក់ពន្ធនាគារឡើងវិញ បើលោក គឹម សុខ មិនសងប្រាក់ជំងឺចិត្ត ចំនួន៨០០លានរៀល ដែលតុលាការបានសម្រេច ក្នុងខែសីហា ឆ្នាំ២០១៧ ឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ឈ្នះក្ដីលើលោក គឹម សុខ ក្នុងបណ្ដឹងតែមួយនោះ។

ក្នុងជំនួបជាមួយកម្មករ - កម្មការិនី ក្នុងព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានថ្លែងឡើង ដោយមិនចេញឈ្មោះថា៖ «គណបក្សប្រជាជនកម្ពុជា ត្រូវគេជំពាក់៨០០លានរៀល។ អញ្ចឹងត្រូវរកលុយសង។ បើមិនសងលុយទេ ប្រហែលជាចូលគុកវិញ ព្រោះអ្នកឯងមិនសងលុយ។ អ្នកឯងជាប់ទោស រួចតែទោសទេ តែលុយត្រូវសង បើករណីលើកលែងទោស ត្រូវរួចទាំងអស់។»។

បុរសខ្លាំងកម្ពុជា បានបន្តថា៖ «អញ្ចឹង ត្រូវបែងចែកគ្នាឲ្យច្បាស់ ស្អីនីតិមាត់ ឥឡូវខ្ញុំនិយាយនីតិមាត់ នីតិមាត់ហ្នឹង វាចេញពីនីតិរដ្ឋ។ អ្នកឯងចង់និយាយថា ខ្ញុំនីតិមាត់ ឥឡូវខ្ញុំនិយាយ ចង្អុលនីតិមាត់ ខ្ញុំនិយាយអ្វីដែលយោង ទៅលើទិដ្ឋភាពច្បាប់ អ្នកឯងមិនទាន់បានសងលុយ ដែលជាភាគីរងគ្រោះ ដែលតុលាការបានកាត់ ឲ្យអ្នកឯងសង៨០០លាន អ្នកឯងបានសងឬនៅ? ចឹងមេធាវី របស់គណបក្សប្រជាជន ត្រូវបន្តតាមទារលុយ កុំអាលព្រហើន គុកវានៅរងចាំ គុកវានៅចំហរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...