អង្គរ័ក្ស ថោង សារ៉ាត់ ទាំង៤ អាចនឹងត្រូវដោះលែងទៀត?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៩ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 10, 2015
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជនជាប់ចោទដែលជាអង្គរក្សលោកឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ សៀង វាសនា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ហៅមកសារសួរបន្ថែម កាលពីព្រឹកថ្ងៃចន្ទទី៩ ខែកុម្ភៈ ម្សិលម៉ិញ ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោក អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងត៍ត្បូងពេជ្រ និងជាប្រធានក្រុមហ៊ុន Shimmex Group កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមក។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី លោក លី សុខឡេង បានកោះហៅ ជនជាប់ចោទរូបនេះមកសាកសួរបន្ថែមទៀត បន្ទាប់ពីសមត្ថកិច្ចសង្ស័យថាជាជនដៃដល់ ក្នុងឃាតកម្មមួយដ៏កក្រើកនេះ ដែលបានកើតនៅមុខហាងលក់ផ្លែឈើឡោតិចសេង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ពីបញ្ចប់ការសាកសួររបស់ចៅក្រម ទៅលើជនជាប់ចោទរួច លោក គា អ៊ាវ មេធាវីការពារក្តីឲ្យឈ្មោះ សៀង វាសនា បានប្រាប់ថា លោកចៅក្រមស៊ើបសួរបានសួរលោក សៀង វាសនា ឡើងវិញពីដើមដល់ចប់ និងបានសួរពីទីកន្លែងដែលជនរងគ្រោះបានទៅ នៅថ្ងៃកើតហេតុនោះ។ លោកមេធាវីបន្ថែមថា៖ «កូនក្តីខ្ញុំបានឆ្លើយថា នៅព្រលប់ថ្ងៃទី២២ វិច្ឆិកានោះ និងនៅពេលដែលក្តីឃាតកម្ម កំពុងកើតឡើងគឺគាត់ស្នាក់នៅក្នុង ខេត្តកំពង់ឆ្នាំង ជាមួយនឹងក្រុមគ្រួសារ។ គាត់ពុំមានវត្តមាននៅក្នុងរាជធានីភ្នំពេញទេ។ គាត់ក៏បដិសេធថា គាត់មិនដែលសារភាពម្តងណានោះទេ។»។
លោកមេធាវី និយាយដែរថា យោងតាមចម្លើយ សៀង វាសនា គឺគាត់មិនពាក់ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទេ តែជាជនរងគ្រោះនៅក្នុងរឿងក្តីនេះ។
ការស៊ើបសួរឡើងវិញខាងលើ របស់ចៅក្រមសាលាដំបូង ត្រូវបានក្រុមអ្នកតាមដានសំនុំរឿងមើលឃើញថា អាចជាច្រកទ្វាដ៏សំខាន់មួយ ដើម្បីឈានទៅរកការដោះលែងជនសង្ស័យទាំងអស់ (ក្នុងនោះ រួមទាំងលោក ថោង សារ៉ាត់ ផង) បន្ទាប់ពីចៅក្រមស៊ើបសួរលោក លី សុខឡេង ដដែលនេះ បានដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់ ឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្នោះ កែវ សារី (ជាម្តាយ) ឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ និងដោះលែងជាផ្លូវការនៅថ្ងៃបន្ទាប់។
ខុសបច្ចេកទេស...
លោក ឈីម ឃីម អតីតមន្រ្តីយោធាម្នាក់ មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឪពុកម្តាយលោក ថោង សារ៉ាត់ ដែលមានចេតនាលាក់កាំភ្លើងស្វ័យប្រវត្តិជាច្រើនដើម ត្រូវបានដោះលែងរួចទៅហើយ តើមានអ្វីដែលមិនអាចដោះលែងបាន ចំពោះអង្គរក្សទាំងបួន ឬលោក ថោង សារ៉ាត់ ផ្ទាល់នោះ? លោកបានដាក់ការសង្ស័យថា ការដោះលែងនេះ ទំនងជាមិនចំណាយប្រាក់មិនតិច ហើយអាចមានអ្នកធំនៅជ្រោមជ្រែងពីក្រោយ។ លោកបានយល់ឃើញទៀតថា៖ «បន្តិចទៀត តុលាការប្រើអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ដើម្បីដោះលែងអ្នកទាំងបួន ដោយមិនខ្វល់ពីអ្នកដែលចាប់ឡើយ។ ហើយសារជាថ្មី តុលាការអាចលើកឡើងថា មកពីបញ្ហាខុសបច្ចេកទេសក៏បាន ទើបសម្រេចដោះលែងនោះ ព្រោះគ្មានច្បាប់សម្រាប់ដាក់ទោសលើមន្រ្តីតុលាការ ដែលអនុវត្តឆន្ទានុសិទ្ធិរបស់ខ្លួន ស្រេចតែនឹងចិត្ត។»
សម្រាប់លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បានលើកឡើងថា ក្នុងបច្ចុប្បន្នភាពនេះ ពិបាកនឹងបន្ទោសចៅក្រម ឬព្រះរាជអាជ្ញានោះណាស់។ ព្រោះកម្ពុជា នៅមិនទាន់មានច្បាប់ សម្រាប់ការពារពួកគាត់នៅឡើយ។ បើពួកគាត់អនុវត្តតាមឆន្ទានុសិទ្ធិ ដែលជៀសពីអគតិទាំងបួននោះ ប្រាកដជាប្រឈមមុខ និងការជះឥទ្ធិពលនានា ឬការគម្រាមកំហែងផ្សេងៗ ដែលធ្លាប់មានដូចពេលកន្លងមកលើបុគ្គល ចៅក្រម ឬព្រះរាជអាជ្ញាទាំងនោះ។ លោក អំ សំអាត បានថ្លែងឡើងថា៖ «ចង់មិនចង់ ពួកគាត់ត្រូវតែធ្វើតាមសិន ព្រោះក្នុងតំណាក់កាលនេះ គាត់មិនមានសិទ្ធិក្នុងការសម្រេច ឬអាកាត់អ្វីទាំងអស់ ពិសេសក្នុងរឿងនយោបាយ។ ករណីនេះ ព្រោះតែគ្មានច្បាប់ការពារពួកគាត់។ (…) ជាប់ៗទៅ ពេលចេញមកវិញ គ្មានអ្នកណាម្នាក់ហ៊ានប្តឹង ឬហ៊ានធ្វើអ្វី បានជាធ្វើឲ្យចៅក្រម ឬព្រះរាជអាជ្ញាទាំងនោះជិះសេះលែងដៃ។»
ក្រៅពីជនជាប់ចោទឈ្មោះ សៀង វាសនា អាយុ៤៤ឆ្នាំ ជាប់សង្ស័យជាខ្មាន់កាំភ្លើង នៅមានសហការីចំនួនបីរូបផ្សេងទៀត រួមមាន ឈ្មោះ លី សៅ អាយុ ៤៣ឆ្នាំ ជាប់សង្ស័យជាអ្នកបើកម៉ូតូឌុបឃាតករ ត្រូវបានតុលាការសម្រេចចោទប្រកាន់ ពីបទ«ឃាតកម្មគិតទុកជាមុន» តាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ ឯឈ្មោះ មាស សម្បត្តិ អាយុ២៧ឆ្នាំ ដែលជាប់សង្ស័យថា ជាអ្នកបើកម៉ូតូបិទគូថ , ឈ្មោះ កូយ ចាន់ថុល អាយុ២៩ឆ្នាំ ជាប់សង្ស័យជាអ្នកជិះម៉ូតូពីក្រោយ ត្រូវបានតុលាការចោទប្រកាន់ជា «អ្នកសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែកអតីតឧត្តមសេនីយ៍ទោ លោក ថោង សារ៉ាត់ ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «ផ្តើមគំនិត ក្នុងអំពើគិតទុកជាមុន» តាមមាត្រា ២៨ និង ២០០ នៃក្រមព្រហ្មទណ្ឌ៕