ការពិនិត្យរដ្ឋបាលវត្តសាមគ្គីរង្សី ជាការប៉ងចាប់ព្រះសង្ឃប្រឆាំង?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១០ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 10, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សឺន ជុំសុធន សមាជិកមួយរូប នៃសមាគមខ្មែរកម្ពុជាក្រោម បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការចុះធ្វើរដ្ឋបាលក្នុងវត្តសាមគ្គីរង្សីនេះ ប្រាកដជាមានកើតហេតុភេទអ្វីមិនល្អនោះឡើយ។ ការលើកឡើងបែបនេះ ដោយលោកសំអាងថា មុនថ្ងៃចុះធ្វើរដ្ឋបាលមួយថ្ងៃ ស្រាប់តែឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចចម្រុះ មិនតិចជាង១០០នាក់ទេ មកព័ទ្ធជុំជិតវត្ត។ លោកបន្តថា យ៉ាងនេះក្តី កម្លាំងទាំងនោះមិនបានរំខាន ឬរារាំងប្រជាពលរដ្ឋ និងព្រះសង្ឃដែលចូលក្នុងវត្តនោះឡើយ។
លោកបញ្ជាក់ថា៖ «ដូចជាខុសពីធម្មតា ការមកធ្វើរដ្ឋបាលក្នុងវត្តសាមគ្គីរង្សីលើកនេះ ហេតុអ្វីអាជ្ញាធរចាំបាច់ដាក់កម្លាំងព័ទ្ធវត្តយ៉ាងដូច្នេះ។ កម្លាំងនេះច្រើនហួសពីការស្មាន និងមិនទំនងសម្រាប់ការងារចុះរដ្ឋបាល របស់សាលារាជធានីភ្នំពេញនោះឡើយ។ វាហាក់ដូចជាការឡោមព័ទ្ធក្នុងបំណងចាប់នណាម្នាក់ ឬចេតនាបង្ក្រាបទៅលើការតវ៉ាណាមួយ ដែលគេដឹងថានឹងអាចកើតមានឡើងជាដើម។»
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ព្រះតេជគុណ ថាច់ ហារសំអាង ចៅអធិការវត្តស្តីទីនៃវត្តសាមគ្គីរង្សី បានលើកឡើងថា នឹងស្វាគមន៍ចំពោះការចុះធ្វើរដ្ឋបាល ក្នុងវត្ត និងក៏សហការជាមួយសមត្ថកិច្ច ដើម្បីជួយឲ្យកិច្ចដំណើរការ នៃការត្រួតពិនិត្យរដ្ឋបាលនេះ បានដំណើរការល្អបំផុតដែរ។ ព្រះសង្ឃបានបន្តថា នឹងមិនទទួលខុសត្រូវ លើករណីហេតុការណ៍ណាមួយដែលកើតឡើង ក្នុងពេលធ្វើរដ្ឋបាលប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ចនោះដែរ។
សេចក្តីប្រកាសចុះថ្ងៃទី៥ ខែកុម្ភៈ ដដែលនេះបានបញ្ជាក់ថា៖ «ប្រសិនបើមានករណីណាមួយមិនសមរម្យ ដូចជាការជេរប្រមាថ ការប្រើប្រាស់ហិង្សទៅលើសមត្ថកិច្ច និងសមាជិកគណកម្មការត្រួតពិនិត្យ ក្នុងពេលដែលអនុវត្តការងារនោះ ព្រះចៅអធិការវត្ត គណៈមន្រ្តីសង្ឃ គណកម្មការអាចារ្យ វត្តសាមគ្គីរង្សី នឹងមិនទទួលខុសត្រូវ ចំពោះបុគ្គលណាដែលជាអ្នកបង្ករឿងជាដាច់ខាត ហើយនឹងផ្តល់ភារកិច្ចនេះ ជូនសមត្ថកិច្ចជាអ្នកចាត់វិធានការ ចំពោះបុគ្គលនោះតាមផ្លូវច្បាប់។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីករណី នៃការចុះធ្វើរដ្ឋបាលក្នុងវត្តសាមគ្គីរង្សី ពីលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានិភ្នំពេញបានទេ ដោយពុំអាចភ្ជាប់ទំនាក់ទំនងបាន។ តែបើយោងតាមការបញ្ជាក់ របស់លោកកាលពីដើមខែមករាថ្មីៗនេះ បានលើកឡើងថា អាជ្ញាធរយល់ពីស្ថានភាពក្នុងវត្ត មានលក្ខណៈមិនសូវល្អ និងមានរឿងអសកម្មជាច្រើន បានកើតឡើងរួមទាំងការស្នាក់នៅមិនមានរបៀបរៀបរយជាដើម។ ហើយលោកក៏បានដាក់ការសង្ស័យថា ព្រះសង្ឃដែលគង់នៅវត្តសាមគ្គីរង្សី មានចេតនាចង់បង្កើត«តំបន់អបគមន៍» ប្រឆាំង នឹងរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ហើយអាជ្ញាធរមិនអាចឲ្យមានតំបន់អបគមន៍ណាមួយ កើតមានក្នុងដែនដីរាជធានីភ្នំពេញឡើយ។
ការលើកឡើងរបស់លោក ឡុង ឌីម៉ង់ បង្កឲ្យមានការសង្ស័យថា អាជ្ញាធរអាចនឹងប្រើ«លេស» ដើម្បីចេញចាប់ព្រះសង្ឃអង្គណា ដែលអាជ្ញាធរចង់ចាប់ឃាត់កាយ។ លោក សឺន ជុំសុធន បានពន្យល់ក្នុងករណីនេះថា ទោះក្នុងកាលៈទេសណាក៏ដោយ បើសាលារាជធានីភ្នំពេញចង់ក្របួច ឬចាប់ព្រះសង្ឃអង្គណា ឬពលរដ្ឋណាម្នាក់វាមិនពិបាកឡើយ គេអាចបង្កវាឡើងតាមរយៈផ្ទៃក្នុងជាអ្នកបង្កាត់ភ្លើង។ បន្ទាប់មកដេញចាប់ និងវាយព្រះសង្ឃតាមចិត្តិមិនរើសមុខ ក្រោមលេសថា បង្ក្រាប ឬទប់ស្កាត់អស្ថេរភាពសង្គម។ ក្រោយមកក៏សម្រេចស្នើសុំចាប់ ឬឃុំខ្លួនព្រះសង្ឃដែលគេយល់ថាជាអ្នកប្រឆាំនឹងគេជាដើម។
សូមរំលឹកថា នេះជាលើកទីពីហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យរដ្ឋបាលក្នុងវត្តសាមគ្គីរង្សី បន្ទាប់ពីបានធ្វើរដ្ឋបាលក្នុងវត្តស្ទឹងមានជ័យរួច កាលពីថ្មីៗនេះ៕