ឡើងលើដំបូលព្រះវិហារ បង្អើលគេឯងដូចចង់សម្លាប់ខ្លួន
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយករាណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៩ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 09, 2015
- ប្រធានបទ: អត្តឃាត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តែទីបំផុតទៅ បុរសយើងបានធ្វើឲ្យទាំងប្រជាជន ទាំងអាជ្ញាធរដែលចុះទៅដល់ទីកន្លែង ទប់សំណើចមិនបាន ព្រោះគាត់ត្រូវការកន្លែង«ស្ងាត់» មាន«សេវា»ទូរស័ព្ទខ្លាំង ដើម្បីនិយាយទូរស័ព្ទ ជាមួយភរិយារបស់គាត់។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥ល្ងាច ថ្ងៃសៅរ៍៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំងាយពីរង្វង់មូលប៉ោយប៉ែត ប្រមាណជា១៥០០ម៉ែត្រ។ បុរសម្នាក់ ដែលដំបូងឡើយ មិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានឡើងទៅលើដំបូលព្រះវិហារ ដែលកំពុងសាងសង់ ហើយបាននៅបន្តឈរនៅលើនោះ រហូតដល់រសៀលថ្ងៃអាទិត្យស្អែកឡើង ទើបបានចុះមកវិញ។ អ្នកដែលបានឃើញហេតុការណ៍នេះ រួមទាំងកម្លាំងរបស់សមត្ថកិច្ចផង សុទ្ធតែបានសន្និដ្ឋានថា បុរសម្នាក់នេះខូចចិត្ត ព្រោះរឿងស្នេហា ហើយចង់សម្លាប់ខ្លួន។
ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសខាងលើមានសក់វែង ពាក់អាវពណ៌លឿងខោ ខៅប៊យជើងវែង ហើយបានអះអាងថា ខ្លួនទើបតែមកពីធ្វើការនៅប្រទេសថៃ ជាមួយសង្សារ។ ពេលមកដល់ នារីសង្សារសុំបែកផ្លូវតែម្តង។ ភ្លាមនោះដែរ បុរសខាងលើបានឡើង ទៅលើកំពូលព្រះវិហារខាងលើនេះ ហើយបានស្រែកថា«ហេតុអ្វី?» រីឯនារីសង្សារ ក៏បានឡើងឡានចេញទៅផ្ទះតែម្តង។ ប៉ុន្តែដំណើររឿង ដែលចេញពីមាត់របស់បុរស មានលក្ខណៈផ្សេងពីការឲ្យដឹង របស់ប្រភពនេះទៅវិញ។
បន្ទាប់ពីសមត្ថកិច្ចបានឆែករកប័ណ្ណសំគាល់ខ្លួន ទើបដឹងថា បុរសនេះមានឈ្មោះ ថ្នាង ខា មានអាយុ២៨ឆ្នាំ មានប្រពន្ធមកពីភូមិស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយបារម្ភខាងបុរស ថ្នាង ខា គិតខ្លី ក្រុមសមត្ថកិច្ចបានទាក់ទង ទៅគ្រួសារបុរសយើង ឲ្យមកជួយនិយាយ និងហៅឲ្យ ថ្នាង ខាង ចុះមកក្រោមវិញ។
តែរឿងដែលគួរឲ្យហួសចិត្ត និងនឹកស្មានមិនដល់នោះ គឺនៅពេលដែល បុរសនោះចុះមកពីកំពូលព្រះវិហារវិញ បានឆ្លើយជាមួយនឹងសម្ថកិច្ច និងគ្រួសារថា បុរសយើងបានឡើងទៅនិយាយទូរស័ទ្ទជាមួយប្រពន្ធ នៅខាងលើ ព្រោះនៅខាងក្រោមគ្មានសេវាទូរស័ព្ទ។ រឿងដែលមនុស្សគ្រប់រូបបារម្ភ បែរជាបាននាគ្នាផ្ទុះសំណើចទប់មិនបានទៅវិញ។ នរណាក៏ហួសចិត្តដែរ ព្រោះ ថ្នាង ខា បានឡើងទៅនិយាយទូរស័ព្ទ ដល់កំពូលព្រះវិហារ ហើយថែមទាំងប្រើរយៈពេល អស់១យប់១ថ្ងៃទៀត៕