សោកនាដកម្ម លោតសម្លាប់ខ្លួនពីលើ តួរ អេសហ្វែល
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៦ មិថុនា ២០១២
- កែប្រែចុងក្រោយ: June 26, 2012
- ប្រធានបទ: តួអេសហ្វែល
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែល អ្នកកាសែតបានសួរទៅ នាយកដ្ឋានគ្រប់គ្រងបិតិកភ័ណ្ឌមួយនេះ ដើម្បីសុំតួលេខពិតប្រាកដ នៃការលោត សំលាប់ខ្លួន នាយកដ្ឋានបានបដិសេធ និងបានអះអាងថា «ការសំលាប់ខ្លួន ដែលធ្វើបានសំរេច មិនសូវជាមានលេចលឺ ប៉ុន្មានទេ នៅតួរ អេសហ្វែល (tour Eiffel)»។ អ្នកដែលសំលាប់ខ្លួនក្រោយគេ នៅទីនោះ ហើយដែលនាយកដ្ឋានបាន ប្រាប់អោយដឹង គឺមានតាំងតែពី ២ឆ្នាំកន្លងមកហើយ។ តួលេខដ៏កំរនេះបានផ្លាស់ប្ដូរ តែក្នុងអំឡុងមួយសប្ដាហ៍នេះប៉ុណ្ណោះ នៅពេលដែលបុរសវ័យប្រហែល២០ឆ្នាំម្នាក់ មានសញ្ជាតិអ៊ីស្រ្តាអែល បានសំរេចបញ្ចប់ជីវិតរបស់ខ្លួន កាលពីថ្ងៃអាទិត្យទី ២៤មិថុនា នៅពាក់កណ្ដាលអាធ្រាត ដោយបានលោតពីលើតួរ អេសហ្វែល មកផ្នែកកណ្ដាលរបស់តួរ។
ក្រុមអ្នកជួយសង្គ្រោះបានខិតខំ ទាក់ទងនិងបញ្ចុះបញ្ចូលបុរសនោះខ្លាំងណាស់ដែរ តែមិនបានលទ្ធផលអ្វីទេ។ នៅប៉ុន្មាន ម៉ោងក្រោយមក គឺនៅព្រឹកថ្ងៃច័ន្ទទី២៥មិថុនា ស្រ្តីម្នាក់ទៀត អាយុប្រហែលជា ៣០ឆ្នាំ បានសាកល្បងនឹងបញ្ចប់ជីវិតខ្លួន ដូចគ្នា ដោយបានលោតពីផ្នែកជើងសសេខាងលិច របស់តួរ។ ប៉ុន្តែនៅលើកនេះ ក្រុមអ្នកជួយសង្គ្រោះ បានបញ្ចុះបញ្ចូល ស្រ្តីនោះបានសំរេច ហើយបានប្រើអេលីកុបទែរ យកមកជួយសង្គ្រោះ អោយផុតពីគ្រោះថ្នាក់។
ប្រភពពីខាងនគរបាល បាននិយាយថា «នាងប្រហែលជាបានផឹកស្រវឹង និងប្រើប្រាស់ថ្នាំ»។ គេបានវាយតំលៃស្រ្តីនោះ ថាមាន «សុខភាពផ្លូវចិត្ត ចុះខ្សោយខ្លាំង»នៅពេលបញ្ជូនទៅដល់ គិលានុដ្ឋានផ្នែកចិត្តសាស្រ្ត របស់អាជ្ញាធរ។
សំណាញ់ការពារ ទល់នឹងការលោតសំលាប់ខ្លួន
តាមការស្រាវជ្រាវ ស៊ើបអង្កេតរបស់នគរបាល អ្នកទាំងពីរអាចលោតសម្លាប់ខ្លួនបាន គឺដោយសារតែបានបញ្ជ្រៀតខ្លួន តាមប្រព័ន្ធចាប់សន្លាក់ដែកមួយ ការពារដោយសំណាញ់យ៉ាងរឹងមាំ។ តែសំណាញ់ការពារនោះ បានបាក់ និងមានសភាព រិករិលដែលជាហេតុ អោយគេអាចចាប់ហែក ហើយអាចលោតសម្លាប់ខ្លួនបាន។ ស្នងការនគរបាលថ្មី របស់ទីក្រុងប៉ារីស លោក មីសែល ប៊ូគោត៍ (Michel Boucault) បានដាក់បញ្ជាអោយ«ដោះស្រាយបញ្ហានេះ» ទៅ នាយកដ្ឋានគ្រប់គ្រង តួរ អេសហ្វែល ។
ឆ្លងចេញពីការលោតសម្លាប់ខ្លួន ក្នុងរយះពេលតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ នាយកដ្ឋានបានចាត់វិធានការណ៍ បន្ថែមទៀត ដើម្បីពង្រឹកសន្តិសុខ នៃបិតិកភ័ណ្ឌទេសចរណ៍ របស់បារាំងមួយនេះ។ ក្នុងនោះ គឺពង្រឹកសវត្ថិភាព របស់សំណាញ់ និង រាល់ចម្រឹងដែកទាំងឡាយ ដែលគេបានដាក់នៅលើតួរ ដើម្បីទប់ទល់នឹងការលោតសម្លាប់ខ្លួន។ អ្នកនាំពាក្យម្នាក់របស់ នាយកដ្ឋាន បាននិយាយថា «ទោះជាយើងមានតួលេខតិច ពីការលោតសម្លាប់ខ្លួន តែការប៉ុនប៉ងនៅតែមានច្រើន នៅ លើតួរអេសហ្វែល។ យើងតែងតែយករឿងទាំងនេះមកគិតពិចារណា ដើម្បីកែលំអ អោយកាន់តែល្អ នូវសុវត្តិភាព សន្ដិសុខ។»
ខណៈការរងចាំ ការជួសជួលឡើងវិញ នូវសំណាញ់ដែលបានខូចខាតនោះ គេបានអោយដឹងថា កងកំលាំងនគរបាល បានបន្ថែមការយាមល្បាត កាន់តែច្រើនឡើង នៅលើនិងជុំវិញ តួអេសហ្វែល៕