ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលមរណៈភាពដោយសារខ្សែរភ្លើងឆក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២០ មេសា ២០១៥
- កែប្រែចុងក្រោយ: April 20, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្នងការរងខេត្តបន្ទាយមានជ័យ លោក ឆេង ឈួត បានទទួលមរណៈភាព ក្នុងអាយុ៥០ឆ្នាំ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ នៅវេលាម៉ោង៣រសៀល នៅក្នុងខេត្តបន្ទាយមានជ័យ។ មូលហេតុនៃមរណភាព ត្រូវបានឲ្យដឹងថា ដោយសារខ្សែរភ្លើងឆក់ ព្រោះនៅមុនពេលកើតហេតុ លោកបានឡើង ត ខ្សែរភ្លើង ម៉ាស៊ីនត្រជាក់ នៅលើដំបូលផ្ទះ។ នេះបើតាមការថ្លែងឲ្យដឹង ពីលោក អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។
តាមប្រសាសន៍របស់លោក អាត់ ខែម បានឲ្យដឹងទៀតថា នៅពេលភ្លាមៗ កាលពីម៉ោង៣រសៀលថ្ងៃទី១៩ គ្មានអ្នកណាម្នាក់ បានដឹងនោះទេ រហូតដល់ម៉ោង ៨យប់ ទើបក្រុមគ្រួសារ សង្ស័យ ព្រោះបាត់សមាជិកយូរពេក។ តែនៅពេលរកឃើញលោក ពេលនោះ បានហួសពេលទៅហើយ ព្រោះលោកស្នងការង បានទទួលមរណៈភាពបាត់ មិនដឹងពីពេលណាផង។
តាមការឲ្យដឹងរបស់លោក ហាំ វណ្ណៈ ដែលជាមន្ត្រីក្រោមបង្គាប់ របស់ស្នងការរងខេត្ត នៅថ្ងៃទី២០ ខែមេសានេះ បានបញ្ជាក់ដែរថា លោក ឆេង ឈួត ជាមន្ត្រីទទួលបន្ទុកផ្នែក កិច្ចប្រឆាំងបទល្មើសសេដ្ឋកិច្ច មានកូនប្រាំនាក់ ក្នុងបន្ទុកគ្រួសារ។ សពលោក ឆេង ឈួត ត្រូវបានក្រុមគ្រួសារ យកមកធ្វើបុណ្យតាមប្រពៃណី ក្នុងទីលំនៅជិតផ្សារមង្គលបូរី ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕