ប៉ោយប៉ែត៖ សមត្ថកិច្ចខ្មែរលក់សំបុត្រ«ថ្លៃ» ដើម្បីចូលលេងវត្តថៃ ពេលចូលឆ្នាំ?
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២០ មេសា ២០១៥
- កែប្រែចុងក្រោយ: April 21, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អាជ្ញាធរនៅទល់ដែន មិនបានឃុបឃិតលក់សំបុត្រ ក្នុងតម្លៃថ្លៃ ដូចពលរដ្ឋមួយចំនួនបាននិយាយនោះទេ» នេះ ជាការលើកឡើង របសលោក ហាំ វណ្ណៈ មេបញ្ជាការវរៈសេនាតូច នគរបាល ប្រចាំនៅប៉ោយប៉ែត ដែលមានព្រំប្រទល់ នៅជាប់នឹងវត្ត«គោកស្បែក» ក្នុងប្រទេសថៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥។ លោកបានថ្លែងឡើងថា នៅរៀងរាល់ឆ្នាំ ពិតជាមានការលក់សំបុត្រមែន តែដោយឡែក នៅក្នុងឆ្នាំ២០១៥នេះ មិនមានទៀតទេ ព្រោះមានបទបញ្ជា ពីចៅហ្វាយខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឲ្យទៅលេង នៅវត្តក្នុងទឹកដីថៃ ដោយមិនឲ្យសមត្ថកិច្ចខ្មែរលក់សំបុត្រ ដោយគ្រាន់តែមានសិទ្ធ មើលការខុសត្រូវ ពីសន្តិសុខ សុវត្តិភាព នៅទីនោះប៉ុណ្ណោះ។
ការថ្លែងរបស់លោក ហាំ វណ្ណៈ បានធ្វើឡើង បន្ទាប់ពីមានពលរដ្ឋជាច្រើននាក់ បានសម្ដែងការរអ៊ូរទាំ ថាដើម្បីចូលទៅលេងបុណ្យចូលឆ្នាំថ្មី នៅក្នុងវត្ត«គោកស្បែក» ដែលជាវត្តថៃ នៅក្បែរព្រំដែននោះ ពលរដ្ឋត្រូវបង់ប្រាក់ ឲ្យសមត្ថកិច្ចខ្មែរ នូវតម្លៃមួយថ្លៃហួសហេតុុ។ អ្នកដែលចូលរួម ក្នុងពីធីបុណ្យចូលឆ្នាំម្នាក់ លោក ពែក ចាន់រ៉ា រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សមត្ថកិច្ចខ្មែរ បានសរសេរផ្លាក ជាអក្សរខ្មែរ យកថ្លៃ ក្នុងម្នាក់៥០បាត សម្រាប់មនុស្សធំ និងសម្រាប់កូនក្មេង ២០បាត។ ពលរដ្ឋរូបនេះ បានឲ្យដឹងថា តម្លៃនេះ មានកម្រិតថ្លៃខ្លាំង បើធៀបទៅនឹងរាល់ឆ្នាំ ដែលលោកធ្លាប់ទៅលេង។
លោក ពែក ចាន់រ៉ា បានពន្យល់ទៀតថា បើមនុស្សម្នាក់ ដែលបានចូលទៅលេងវត្តខាងលើ ហើយចេញមកយកបងប្អួន នៅខាងក្រៅ ពេលចូលទៅវិញ ត្រូវគេយកលុយថ្លៃសំបុត្រសារជាថ្មី។ លោកបញ្ជាក់ថា មានមនុស្សច្រើនណាស់ ដែលបានទៅលេងនៅទីនោះ ហើយក៏មានមនុស្សច្រើនដែរ ដែលមិនបានទៅ ព្រោះគ្មានថវិកាគ្រប់គ្រាន់ បង់ថ្លៃសំបុត្រ។
តែសម្រាប់ លោក លោកមេបញ្ជាការ ហាំ វណ្ណៈ វិញ បានបញ្ជាក់ថា ចំពោះផ្លាក ដែលដាក់យកប្រាក់លក់សំបុត្រក្នុងម្នាក់ ៥០បាត សម្រាប់មនុស្សធំ និងម្នាក់២០បាត សម្រាប់ក្មេងនោះគឺ ជារបស់សមត្ថកិច្ចថៃ គ្មានពាក់ព័ន្ធ ជាមួយសមត្ថកិច្ចនគរបាលខ្មែរទេ។ រីឯមូលហេតុ ដែលនាំឲ្យមានតម្លៃ ថ្លៃជាងឆ្នាំមុនៗនោះ ត្រូវបានលោកអះអាងទៀតថា ដោយសារតែឆ្នាំនេះ មានការប្រគុំតន្ត្រី ដែលជួលពីស្រុកខ្មែរថ្លៃ មិនដូចរាល់ឆ្នាំ មានតែតន្រ្តីនៅថៃប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា មន្ត្រីនគរបាល បានធ្វើការសហការ ដើម្បីសុវត្តិភាពអ្នកចូលរួម និងដើម្បីអបអរបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ តែមិនមានអ្វី ដូចដែលពលរដ្ឋ បាននិយាយនោះទេ៕