ស្ថានទូតវៀតណាមនៅតែបដិសេធមិនទទួល ញត្តិជាលើក«ទីបី»
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្របពេលដែលគណបក្សនយោបាយ បន្តជំនួបកំពូល ដោះស្រាយភាពជាប់គាំង នយោបាយនៅកម្ពុជា ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋមួយចំនួនធំ នៅតែបន្តជំហររបស់ខ្លួន ក្នុងការទាមទារឲ្យអ្នកនាំពាក្យ ប្រចាំស្ថានទូតវៀតណាម កែតម្រូវខ្លឹមសារសំដីរបស់ខ្លួន។
ក្រុមមេដឹកនាំការតវ៉ា នៅមុខស្ថានទូតវៀតណាម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
ទឹកដី - នាព្រឹកថ្ងៃទី២២ ខែកក្កដានេះ ប្រជាពលរដ្ឋ ព្រះសង្ឃខ្មែរកម្ពុជាក្រោម ក្រុមសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បានមកជួបជុំគ្នានៅមុខស្ថានទូតវៀតណាមជាថ្មី ក្រោយពេល«បរាជ័យ»ក្នុងការដាក់ញត្តិជាលើកទីពីរ កាលពីថ្ងៃទី២១ ខែកក្កដា ម្សិលម៉ិញនេះ។ និងក្រោយពីបដិសេធ មិនទទួលញ្ញាតិលើកទី«ទីមួយ» កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។
នេះជាលើក«ទីបី»ហើយ ដែលសហព័ន្ធនិស្សិត បញ្ញវន្តកម្ពុជា រួមជាមួយក្រុមយុវជន និស្សិត ប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោមមួយចំនួន បានមកជួបជុំគ្នានៅមុខស្ថានទូតវៀតណាម។ ប៉ុន្តែការព្យាយាម និងបន្តដាក់ញត្តិនេះ នៅតែត្រូវបរាជ័យដដែល ដោយមិនមានការចេញមកទទួលយកញត្តិ ពីខាងស្ថានទូតវៀតណាម។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស កាលពីថ្ងៃទី២១ ខែកក្កដាម្សិលម៉ិញនេះបានលើកឡើងថា៖ «យើងទាមទារឲ្យមន្រ្តីស្ថានទូតរូបនេះ ទទួលស្គាល់ការពិត។ (...) និងធ្វើការសុំទោសជាសាធារណៈ។ (...) យើងរួមគ្នា យុវជនយើងមិនមែនតូច ដូចលោក ទ្រឹង វ៉ាន់ថុង និយាយនោះទេ។ បើលោក ទ្រឹង វ៉ាន់ថុង មិននិយាយសុំទោសទេ យើងនឹងនៅតវ៉ាបន្តទៀត។»
ហេតុការណ៍ដែលនាំឲ្យមានការជួបជុំ ការតវ៉ា នៅមុខស្ថានទូតវៀតណាមនេះ ក៏ព្រោះតែប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ពិសេសខ្មែរកម្ពុជាក្រោម មិនអាចទទួលយកបាន នូវការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតវៀតណាមលោក ត្រឹង វ៉ាន់ថុង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤។ កាលនោះ អ្នកនាំពាក្យស្ថានទូតមួយនេះ បានលើកឡើងថា៖ «ទឹកដីខ្មែរកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាមតាំងពីដូនតា។ បារាំងមិនបានកាត់ទឹកដី ខ្មែរកម្ពុជាក្រោម ឲ្យវៀតណាមនោះឡើយ»។
មកទល់នឹងពេលនេះ ស្ថានទូតវៀតណាម ឬអ្នកនាំពាក្យរូបនោះ នៅមិនទាន់មានការបកស្រាយ ឬកែតម្រូវជាសាធារណៈ ឲ្យបានច្បាស់លាស់នៅឡើយ។ ហើយការដាក់ញត្តិរបស់ក្រុមអ្នកតវ៉ាកម្ពុជានោះ ក៏មិនត្រូវបានទទួលដោយស្ថានទូតវៀយណាមនោះដែរ។ មន្រ្តីម្នាក់នៃស្ថានទូតនេះបានរុញ ឲ្យក្រុមអ្នកតវ៉ាយកញត្តិ ទៅដាក់នៅសាលារាជធានីភ្នំពេញវិញ។
អ្នកនាំពាក្យស្ថានទូតវៀតណាម បានបោះពាក្យជាថ្មីមកថា លោកមិនចាប់អារម្មណ៍ ចំពោះសកម្មភាពតវ៉ារបស់សហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជានោះទេ ព្រោះ«គ្មានប្រយោជន៍»។ អ្នកនាំពាក្យរូបនេះ ក៏បានបង្គាប់ទៅរដ្ឋភិបាលកម្ពុជា ដោយហាមឃាត់ជាដាច់ខាកមិនឲ្យមានការជួបជុំ ឬតវ៉ាអ្វីទាំងអស់ នៅមុខស្ថានទូតវៀតណាមឡើយ។
អ្នកតាមដានស្ថានការសង្គម បានសង្កេតឃើញថា បើទោះជាមានការកំហែងចាប់ក្រុមអ្នតវ៉ា ដោយប្រព័ន្ធតុលាការកម្ពុជាក៏ដោយ តែវត្តមាននៃអ្នកចូលរួមក្នុងការតវ៉ានេះ កានតែមានចំនួនកើនឡើង ជាមួយនិងការស្រែកតវ៉ាគ្មានខ្លាចរអាឡើយ។ ឯក្រុមសមត្ថកិច្ច ក៏បានបន្ថែមកម្លាំងរបស់ខ្លួនកាន់តែច្រើន ជាមួយនិងរនាំងដែក កាំភ្លើង ដំបង និងខែលរាប់រយនាក់បានដាក់ពង្រាយ ស្ទើរជុំជិតស្ថានទូតវៀតណាមទាំងមូល ដើម្បីការពារសុវត្ថិភាពស្ថានទូត។
សម្រាប់លោក កែម ឡី អ្នកវិភាគឯករាជ្យ កាលពីថ្ងៃទី២១ ខែកក្កដា ម្សិលម៉ិញនេះដែរ លោកបានបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យនៃស្ថានទូតវៀយណាមរឿងទឹកដីខ្មែរកម្ពុជាក្រោមនោះ មិនមែនជាការ«ចៃដន្យ»ឡើយ។ លោកចាត់ទុកថានេះជារឿងនយោបាយ ក្នុងការល្បង និងការស្ទៀបស្ទង់កម្លាំងប្រតិកម្មរបស់ប្រជាពលរដ្ឋកម្ពុជាចំពោះរឿងនេះ៕