ប្រតិកម្មអ្នកគាំទ្រ៖ ហ៊ុន សែន ជាវិរៈបុរស រីឯ សម រង្ស៊ី ឆោតល្ងង់
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីលទ្ធផលនៃជំនួបកំពូល ទាំង៧ចំនុចបានធ្លាក់ចុះមកនោះ ភ្លាមៗបន្តិចមក ប្រតិកម្មរបស់ក្រុមអ្នកគាំទ្រ ក៏បានធ្លាក់ចុះមកព្រោងព្រាត តាមក្រោយជាបន្តបន្តាប់ដែរ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទីកន្លែងដែលព័ត៌មាននៃលទ្ធផលពីជំនួបកំពូលចេញផ្សាយលឿនបំផុតនោះ ក្រុមអ្នកគាំទ្រទាំងសងខាង របស់គណបក្សទាំងពីរ បានសម្ដែងប្រតិកម្មចុះមកខុសៗគ្នា។ តែក្នុងចំណោមនោះ មានមួយភាគធំ បាននាំមកជាមួយ នូវការ«ខកចិត្ត»។
ពីឆ្វេងមកស្ដាំខាងមុខគេ៖ លោក កឹម សុខា លោក សម រង្ស៊ី លោក ហ៊ុន សែន និងលោក គួយ ប៊ុនរឿន។ (រូបថត MONOROOM.info/ U. Bory)
នយោបាយ - សម្រាប់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពួកគេមិនដែលគិតម្ដងណាឡើយ ថាគណបក្សកាន់អំណាចសព្វថ្ងៃនឹងចាញ់ប្រៀប ស្ថិតនៅក្រោមគណបក្សសង្គ្រោះជាតិនោះ។ នៅក្នុងគណនីមួយហៅខ្លួនឯងថា «អង្គភាប្រតិកម្មរហ័ស» ដែលគេស្គាល់ថាជារបស់លោក ផៃ ស៊ីផាន មន្ត្រីទីស្ដីការគណរដ្ឋមន្ត្រី បានចាត់ទុកលទ្ធផល ដែលចេញពីការប្រជុំនេះ ថា៖ ជា«ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ គឺជាការបង្ហាញឲ្យឃើញ នូវការគិតគូរដ៏ខ្ពង់ខ្ពស់ ដល់ផលប្រយោជន៍ជាតិ»។ គណនីនេះបានសរសេរទៀតថា៖ «មានតែសម្តេចតេជោ ហ៊ុន សែន ទេ ដែលជាវិរៈបុរសនៃកម្ពុជា»។
ប៉ុន្តែការលើកឡើងរបស់លោក ផៃ ស៊ីផាន បានបង្កឲ្យមានប្រតិកម្មយ៉ាងច្រើនលើសលប់ ពីសំណាក់ក្រុមអ្នកមិនចូលចិត្តលោក ផៃ ស៊ីផាន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ ម្ចាស់គណនីមួយឈ្មោះ Kopiko FC បានសរសរវាយបកថា៖ «វិរៈបុរសគេធ្វើពី ០ ទៅ ១០០ មិនមែនធ្វើពី ៩៣ នៅសល់ ៦៨ នោះទេ»។
ទាំងនេះ ជាអ្វីដែលបានកើតឡើង បន្ទាប់ពីលទ្ធផលចេញពីកិច្ចប្រជុំចរចា រវាងមេដឹកនាំកំពូល របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ លទ្ធផលគួរឲ្យកត់សម្គាល់នោះ មានក្រុមតំណាងរាស្ត្រជាប់ឆ្នោត នៃគណបក្សសង្គ្រោះជាតិ នឹងយល់ព្រមចូលប្រជុំក្នុងរដ្ឋសភា រីឯគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នឹងត្រូវមានសមាសភាគ៩រូប៖ ៤រូបមកពី គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាល ៤រូបមកពី គណបក្សសង្គ្រោះជាតិ និង១រូបទៀតមាន ដោយមានការយល់ព្រមពីគណបក្ស ដែលមានអាសនៈ ក្នុងសភា។
តែប្រតិកម្ម និងពាក្យពេជ្រខកចិត្ត របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានកំពុងពន្លិចទំព័របច្ចុប្បន្នភាព នៃបណ្ដាញសង្គមហ្វេសប៊ុកដ៏ពេញនិយម។ យុវជន ស្និតនឹងគណបក្សសង្គ្រោះជាតិ ជាច្រើន បានផ្សាយនៅលើជញ្ជាំងហ្វេសប៊ុក របស់ពួកគេ សម្ដែងការមិនគាំទ្រលើការចរចា ដែលមានលក្ខណៈជាចំណាប់ខ្មាំងនយោបាយ ដូចព្រឹកម៉ិញ។
លោក ប៉ា សុខខឿន អ្នកគាំទ្រគណបក្សប្រឆាំងមិនចេះរីងស្ងួត បានលើកឡើង នៅលើគណនី«ខ្មែរ សុវណ្ណភូមិ»របស់លោក ប្រកាសជំហរមិនគាំទ្រលទ្ធផល នៃការចរចាខាងលើថា គណបក្សសង្រ្គោះជាតិ បានបោះបង់ចោល ការទាមទារពីមុន រួមមានការរាប់សន្លឹកឆ្នោតឡើងវិញ និងការបោះឆ្នោតឡើងវិញឆាប់ៗ។ «ខ្មែរ សុវណ្ណភូមិ» បានសរសេរទៀតថា កំណែទម្រង់ដែលបានធ្វើទៅលើ ស្ថាប័ន គ.ជ.ប នៅតែដដែល ដោយ «សមាសភាពថ្នាក់ដឹកនាំ នៅតែជាកូតារបស់បក្ស»។
សម្រាប់ លោក ប៉ា សុខខឿន លោកបានហៅការចរចាព្រឹកម៉ិញនេះ ថាជាការចរចាបែបឆោតល្ងង់ ដោយយកការដោះលែងមនុស្សទាំង៨នាក់ ជាថ្នូរនឹងការចរចារកដំណោះស្រាយ ផ្នែកនយោបាយ។ ហើយការធ្វើបែបនេះ ជានយោបាយស្រោចស្រង់ ឲ្យគណបក្សប្រជាជនកម្ពុជារឹងមាំឡើងវិញ ដូចឆ្នាំ១៩៩៣ ដូច្នេះដែរ។
ចំណែកយុវជន កែវ សាម៉ាឌី វិញ ដែលធ្លាប់ចេញមុខ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ឲ្យគណបក្សសង្គ្រោះជាតិ បានថ្លែងការពារឧត្ដមគតិផ្ទាល់ខ្លួនថា លោកមិនមែនគាំទ្រគណបក្សសង្គ្រោះជាតិ ដោយផ្កាប់មុខនោះទេ ប៉ុន្តែគឺដើម្បីការផ្លាស់ប្ដូរតែប៉ុណ្ណោះ។ យុវជនរូបនេះ បានបញ្ជាក់ជំហររបស់ក្រុមខ្លួនបន្តទៀតថា៖ «នៅតែមានជំហរ ប្រឆាំងសង្គមពុករលួយមួយនេះ ពួកខ្ញុំមិនមែនអ្នកនយោបាយ ឬបានចំណេញ ពីនយោបាយនោះទេ»។
រីឯយុវតីម្នាក់ទៀត ឈ្មោះ ភូ ទីតា បានចុះផ្សាយនៅលើគណនីរបស់ខ្លួន នូវកំណាព្យមួយបទ ដូចខាងក្រោម៖