ឧបនាយករដ្ឋមន្ត្រីថៃថា នគរបាលជួយ យីងឡាក់ ឲ្យភៀសខ្លួនតាមកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 27, 2017
- ប្រធានបទ: នយោបាយថៃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវិត វង្សសុវណ្ណ (Prawit Wongsuwan) បានថ្លែងចោទប្រកាន់ មន្ត្រីនគរបាល ចំនួន ៣នាក់ ថាបានជួយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រីថៃជាសម្ងាត់ ដើម្បីគេចខ្លួនចេញពីប្រទេសថៃ ដោយឆ្លងកាត់តាមព្រំដែន «មិនផ្លូវការ» ចូលមកក្នុងទឹកដីកម្ពុជា។
អ្នកស្រីអតីតនាយករដ្ឋមន្ត្រី ត្រូវបានតុលាការកំពូល ក្នុងរាជធានីបាងកក កាត់ទោសដោយកំបាំងមុខ នៅថ្ងៃពុធទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែល ក្នុងការប្រើប្រាស់ថវិការដ្ឋ នៅក្នុងនយោបាយឧបត្ថម្ភស្រូវអង្ករ នៅពេលដែលអ្នកស្រី កំពុងកាន់អំណាច។
អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានបាត់ខ្លួនពីប្រទេសថៃ តាំងពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ដែលជាថ្ងៃដែលអ្នកស្រី បានខកខាន មិនបានបង្ហាញខ្លួន ដើម្បីស្ដាប់ការប្រកាសសាលក្រម របស់តុលាការកំពូល នៅពេលនោះ។
នៅចំពោះការបាត់ខ្លួននេះ អ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានពន្យល់ថា អាចបណ្ដាលមកពីការឃុបឃិត បើកដៃដោយផ្ទាល់ ពីសំណាក់ក្រុមមេដឹកនាំយោធា ដែលបាន និងកំពុងកាន់អំណាច ក្នុងប្រទេសថៃសព្វថ្ងៃ។ ប៉ុន្តែការចោទប្រកាន់ទាំងនោះ ត្រូវបានក្រុមមេដឹកនាំយោធាច្រានចោល ដោយអះអាងថា ខ្លួនមិនបានដឹង ពីការគេចខ្លួនរបស់អ្នកស្រី យីងឡាក់ ទេ និងថែមទាំង បានទម្លាក់កំហុសទាំងនេះ ទៅលើកងកម្លាំងនគរបាលថៃវិញ។
ដូចការលើកឡើង របស់លោក ប្រាវិត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី នៅក្នុងចុងសប្ដាហ៍ កន្លងមកនេះថា មន្ត្រីនគរបាលបីនាក់ ត្រូវបានកោះហៅមកសាកសួរចម្លើយ បន្ទាប់ពីរថយន្ដមួយគ្រឿង ត្រូវបានអាជ្ញាធររកឃើញ និងដកហូតទុកជាវត្ថុតាង។ រថយន្ដនោះ រងការសង្ស័យថា ត្រូវបានប្រើប្រាស់ជាមធ្យោបាយ ក្នុងការដឹកអ្នកស្រី យីងឡាក់ ទៅកាន់ព្រំដែន ថៃ-កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «ពួកគេ (មន្ត្រីនគរបាល) បានឆ្លើយថា បានទទួលបញ្ជា (ឲ្យជួយអតីតនាយករដ្ឋមន្ត្រី ក្នុងការរត់គេចខ្លួន)»។
លោក វង្សសុវណ្ណ មិនបានបញ្ជាក់បន្ថែមថា តើនរណាជាអ្នកបញ្ជា និងនៅពីក្រោយការបញ្ជានេះទេ ដោយគ្រាន់តែបង្ហើបថា៖ «ជនដែលបានបញ្ជានេះ ស្ថិតក្នុងប្រទេសថៃ»។ លោកបានបន្តអះអាងទៀតថា អ្នកស្រី យីងឡាក់ ទំនងជាមិនបានឆ្លងកាត់ ចូលក្នុងទឹកដីកម្ពុជា តាមរយៈប៉ុស្ដ៍ត្រួតពិនិត្យ នៅតាមច្រកព្រំដែនផ្លូវការ រវាងប្រទេសទាំងពីរទេ។
អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានក្រុមមេដឹកនាំយោធា ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច ក្នុងឆ្នាំ២០១៤ និងត្រូវបានដាក់ក្រោមការឃ្លាំមើលយ៉ាងដិតដល់ ពីសំណាក់អាជ្ញាធរយោធា។ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ តុលាការកំពូលថៃ បានប្រកាសសាលក្រម សម្រេចផ្ដន្ទាទោសអ្នកស្រី ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទធ្វេសប្រហែល ក្នុងការប្រើប្រាស់ថវិការដ្ឋ នៅក្នុងនយោបាយឧបត្ថម្ភស្រូវអង្ករ ។ សាលក្រមនេះ ក៏ជាសញ្ញាមួយ ក្នុងការដាក់បញ្ចប់ជីវិតនយោបាយ របស់អ្នកស្រីដែរ។
បើតាមក្រុមមេដឹកនាំយោធាថៃ បានចាត់ទុកនយោបាយ ឧបត្ថម្ភស្រូវអង្ករ សម្រាប់ពលរដ្ឋថៃ នៅខណៈពេល ដែលអ្នកស្រីកាន់អំណាចនោះ ថាបានធ្វើឲ្យបាត់បង់ថវិការដ្ឋ រាប់សិបពាន់លានដុល្លារអាមេរិក។
មកដល់ម៉ោងនេះ គ្មានស្លាកស្នាម ជាផ្លូវការណាមួយ បានបង្ហាញពីវត្តមាន របស់អ្នកស្រី យីងឡាក់ ថាកំពុងស្ថិតនៅទីណា នោះទេ។ តែបើតាមអ្នកជិតស្និតរបស់អ្នកស្រី បានអះអាងថា អ្នកស្រីទំនងជាស្ថិត ក្នុងរាជធានី ឌុយបៃ នៃសហព័ន្ធអេមីរ៉ា អារ៉ាបរួម។ នៅទីនោះ បងប្រុសអ្នកស្រី គឺលោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា (Thaksin Shinawatra) មានគេហដ្ឋានមួយ ដ៏ស្កឹមស្កៃ៕