កម្ពុជាច្រានចោលការជាប់ពាក់ព័ន្ធ ក្នុងឃាតកម្មនៃមេដឹកនាំប្រឆាំងថៃ
រដ្ឋាភិបាលកម្ពុជាបានធ្វើការបដិសេធភ្លាមៗ ចំពោះការចោទរបស់គណបក្សប្រជាធិបតេយ្យ ជាគណបក្សជំទាស់ធំជាងគេរបស់ប្រទេសថៃ ដែលបានចោទប្រកាន់ថា ពលរដ្ឋកម្ពុជាមានជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេដឹកនាំក្រុមអាវលឿងដ៏សំខាន់មួយរូបកាលពីពេលថ្មីៗនេះ។ ការចោទប្រកាន់ដោយគណបក្សជំទាស់ថៃនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាវាគ្រាន់តែជាសម្តីរបស់បុគ្គលម្នាក់ និងគ្នានមូលដ្ឋានច្បាស់លាស់។
លោកស៊ូថេប ថងស៊ូបាន មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្ន។ (រូបថត sindikasi.net)
ការទូត - មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នេះថា រដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសកម្ពុជា មានគោលនយោបាយការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់ ហើយក៏គោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង ដោយមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ។
ចំពោះការចោទប្រកាន់របស់គណបក្សជំទាស់ថៃ មកលើពលរដ្ឋកម្ពុជា ត្រូវបានលោក ផៃ ស៊ីផាន លើកឡើងថា ការចោទប្រកាន់ទាំងនោះ គឺគ្រាន់តែជាសម្តីរបស់បុគ្គលតែម្នាក់តែប៉ុណ្ណោះ វាមិនមែនជាការលើកឡើងរបស់សមត្ថកិច្ច ឬរដ្ឋាភិបាលថៃក្រោយការស៊ើបអង្កេតនោះទេ។ ដូច្នេះវាជាការចោទក្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្នានតម្លៃគួរឲ្យជឿជាក់។ លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «យើងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ទាំងឡាយណាមកលើពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជា ក្នុងពេលដែលមិនមានភស្តុតាងជាក់ស្តែង។»
គួររម្លឹកថា សារព័ត៌ប៊ីប៊ីស៊ី(BBC) ក្នុងអត្ថបទចុះផ្សាយថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ បានផ្សាយថា លោក សូធីន តារ៉ាទីន (Suthin Taratin) ជាមេដឹកនាំបាតុករអាវលឿងទាមទារ ឲ្យនាយករដ្ឋមន្រ្តីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចុះចេញពីតំណែង និងមានបំណងបង្អាក់ការបោះឆ្នោតនោះ ត្រូវបានឃាតករបាញ់សម្លាប់ ខណៈលោក សូធីន តារ៉ាទីន និងអ្នកគាំទ្រ ឡោមព័ទ្ធការិយាល័យរៀបចំការបោះឆ្នោតមួយ នៅប្រទេសថៃ។
ជុំវិញការបាញ់សម្លាប់លោក សូធីន តារ៉ាទីន (Suthin Taratin) នេះ ត្រូវបាន លោកស៊ូថេប ថងស៊ូបាន ជាអតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាធិបតេយ្យ បញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃថា ៖ «ខ្ញុំសង្ស័យថា ខ្មាន់កាំភ្លើងដែលបាញ់លោកស៊ូធីន ជាថ្វីដៃរបស់ក្រុមប្រមាញ់ ស្ថិតក្រោមការគ្រប់គ្រងរបស់ប៉ូលិស ឬអាចជាអង្គភាពសកម្មជនរបស់កម្ពុជា។ ហើយប្រសិនបើខ្មាន់កាំភ្លើងជាជនកម្ពុជាពិតមែន បង្ហាញថា លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា មានភាពឃោរឃៅ និងបណ្ដោយឱ្យបរទេសរំលោភបំពាន លើអធិបតេយ្យភាពរបស់ថៃ(...)»។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង លោក កុយ គួង មន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបន្ថែមបាននៅឡើយ។ តែបើតាមការដកស្រង់សម្ដីរបស់មន្ត្រីការទូតរូបនេះ ដោយវិទ្យុសម្លេងសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៧ ខែមករានេះ លោកបានហៅសម្ដីរបស់មេដឹកនាំបាតុកម្មថៃ លោក ស៊ូថេប ថាមានចរិក«ឆ្កួតលីលា»។
អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គមកម្ពុជា បានកត់សម្គាល់ថា ប្រទេសថៃជានិច្ចជាកាលតែងតែចោទប្រកាន់ពលរដ្ឋកម្ពុជា ឬយកប្រទេសកម្ពុជាទៅពាក់ព័ន្ធនឹងបញ្ហាផ្ទៃក្នុងរបស់ប្រទេសថៃ ជាពិសេសនៅពេលជម្លោះនយោបាយផ្ទៃក្នុងប្រទេសមានភាពតានតឹងខ្លាំង។ តែការចោទប្រកាន់ទាំងនោះ ភាគច្រើនមិនបានធ្វើឡើង ដោយមានភស្តុតាងច្បាស់លាស់ក្នុងការសំអាងនោះទេ ហើយតែងត្រូវបានភាគីកម្ពុជាទាត់ចោលជាបន្តបន្ទាប់៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤