ថៃ៖ ឃាត់​ខ្លួន យីងឡាក់ និង​មិន​ឲ្យ​អ្នក​នយោបាយ​១៥៥​នាក់​ចេញ​ក្រៅ

មួយថ្ងៃបន្ទាប់ពីរដ្ឋប្រហារ នៅប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងសមាជិក​គ្រួសារច្រើននាក់ របស់លោកស្រី ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រម្សិលម៉ិញនេះ។ អ្នកទទួលខុសត្រូវនយោបាយ ប្រមាណជា១៥៥នាក់ផ្សេងទៀត ក៏ត្រូវបានរបបដឹកនាំយោធា ធ្វើការហាមឃាត់មិនឲ្យចេញពីប្រទេសដែរ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៤ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 24, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មួយថ្ងៃបន្ទាប់ពីរដ្ឋប្រហារ នៅប្រទេសថៃ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងសមាជិក​គ្រួសារច្រើននាក់ របស់លោកស្រី ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃសុក្រម្សិលម៉ិញនេះ។ អ្នកទទួលខុសត្រូវនយោបាយ ប្រមាណជា១៥៥នាក់ផ្សេងទៀត ក៏ត្រូវបានរបបដឹកនាំយោធា ធ្វើការហាមឃាត់មិនឲ្យចេញពីប្រទេសដែរ។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ ចាន់អ៊ូចារ នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)

នយោបាយថៃ - ២៤ម៉ោងក្រោយការប្រកាសធ្វើរដ្ឋប្រហារ និងបានក្ដោបក្ដាប់អំណាចរដ្ឋទាំងស្រុង នៅប្រទេសថៃ របបដឹកនាំយោធាថ្មីបានធ្វើការឃាត់ខ្លួន អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និង​សមាជិក​គ្រួសាររបស់លោកស្រី ច្រើននាក់ផ្សេងទៀត កាលពីថ្ងៃសុក្រទី២៣ ខែឧសភាកន្លងមកនេះ។ របបដឹកនាំដែល​ចេញ​ពីរដ្ឋប្រហារនេះ ក៏បានធ្វើការហាមឃាត់មេដឹកនាំនយោបាយ ១៥៥នាក់ផ្សេងទៀត មិនឲ្យចាកចេញពីប្រទេស​នោះ​ដែរ។

អ្នកទទួលខុសត្រូវមួយរូប របស់របបយោធា បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) ថា៖ «យើងបាន​ដាក់ លោកស្រី យីងឡាក់ រួមនឹងបងស្រី និងបងថ្លៃ របស់លោកស្រី នៅក្នុងការការឃុំខ្លួន»។ ការឃុំខ្លួន នឹងមានរយៈ​ពេលយ៉ាងយូរបំផុត មួយសប្ដាហ៍។ អ្នកទទួលខុសត្រូវរូបនោះ បានបញ្ជាក់មូលហេតុថា៖ «យើងគ្រាន់តែចង់រៀបចំ​ស្ថានការណ៍ ក្នុងប្រទេសឲ្យបានប្រសើរប៉ុណ្ណោះ ហើយយើងមិនអាចប្រាប់ពីកន្លែងឃុំខ្លួនលោកស្រី បានទេ»។

ប៉ុន្តែសារព័ត៌មានថៃជាច្រើន បានរាយការណ៍ថា លោកស្រី យីងឡាក់ ត្រូវបានឃុំខ្លួន នៅក្នុងបន្ទាយយោធាមួយ នៅក្នុងខេត្តសារ៉ាបូរី (Saraburi) ផ្នែកខាងជើងនៃរាជធានី បាងកក។

លោកស្រី យីងឡាក់ ដែលបាតុករប្រឆាំងរាប់ពាន់នាក់ មិនពេញចិត្តតាំងពីខែវិច្ឆិការមកនោះ ត្រូវបានប្រកាសពី​អសុពលភាព ក្នុងតំណែងជានាយករដ្ឋមន្ត្រី ដោយសាលក្រមមួយ របស់តុលាការធម្មនុញ្ញថៃ កាលពីថ្ងៃទី៧ ខែ​ឧសភាកន្លងមកនេះ។ ប៉ុន្តែពីពេលនោះមក លោក នីវ៉ាថមរ៉ុង ប៊ុនសុងផៃសន (Niwatthamrong Boonsongphaisan) អ្នកមកជំនួសតំណែងលោកស្រី ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម ក្នុងរដ្ឋាភិបាលលោកស្រីនោះ មិនបានធ្វើឲ្យ​សភាពតឹងតែងនយោបាយ មានការថយចុះទេ រហូតមកដល់ព្រឹត្តិការណ៍រដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលលោក ដោយ​កងទ័ព។

អ្នកទទួលខុសត្រូវនយោបាយ ច្រើនជាង១០០នាក់ ទាំងមកពីគណបក្សភឿថៃ (កាន់អំណាច) ទាំងពីគណបក្ស​ប្រជាធិបតេយ្យ (ប្រឆាំង) ក្នុងនោះមានរួមទាំង លោកស្រី យីងឡាក់ និងសមាជិកគ្រួសារលោកស្រីនោះផង ត្រូវបាន​កោះហៅឲ្យទៅបង្ហាញខ្លួន នៅព្រឹកថ្ងៃសុក្រ ដោយរបបដឹកនាំយោធាថ្មី បន្ទាប់ពីបានធ្វើរដ្ឋប្រហារ កាលពីរសៀលថ្ងៃ​ព្រហស្បត្តិ៍។

កាលពីថ្ងៃសុក្រដដែល អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ ចាន់អ៊ូចារ បានជួបប្រជុំ​ជាមួយមន្ត្រីរាជការជាច្រើនរយនាក់ ដើម្បីពន្យល់និង«សុំឲ្យមន្ត្រីរាជការទាំងនោះជួយ»។ លោកឧត្ដមសេនីយ៍ បាន​ថ្លែងថា៖ «មុននឹងធ្វើការបោះឆ្នោត វាជាការចាំបាច់ណាស់សម្រាប់យើង ក្នុងការធ្វើកំណែរទម្រង់សេដ្ឋកិច្ច នយោបាយ និងសង្គម។ (...) នៅពេលដែលស្ថានការណ៍ ត្រូវបានស្ងប់ស្ងាត់ យើងត្រៀមខ្លួនរួចជាស្រេច ក្នុងការ​ប្រគល់​អំណាចទៅឲ្យប្រជាជនវិញ។»

ប្រទេសថៃបានធ្លាក់ទៅក្នុងភាពរំជើបរំជួល តាំងពីជាង៧ខែមកហើយ។ ក្រុមអ្នកតវ៉ា បានចោទរដ្ឋាភិបាលជាប់ឆ្នោត ថាបានប្រព្រឹត្តិអំពើពុករលួយ និងនៅក្រោមខ្សែញាក់ របស់អតីតនាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាព លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោក ថាក់ស៊ីន ដែលជាបងប្រុសរបស់លោកស្រី យីងឡាក់  ក៏ត្រូវបានយោធាទម្លាក់​ពី​តំណែង ដោយរដ្ឋប្រហារមួយដែរ កាលពីឆ្នាំ២០០៦។ ទោះជាលោកបាននិរទេសខ្លួន ចេញទៅក្រៅប្រទេសក៏ដោយ តែមហាសេដ្ឋីរូបនេះ នៅតែជាតួអង្គយ៉ាងសំខាន់មួយ នៅក្នុងនយោបាយ និងការបែកចែកចំណាត់ថ្នាក់សង្គម នៃ​ប្រទេសថៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...