ប្រទេសថៃ នឹងមាន«រដ្ឋាភិបាលនិរទេសខ្លួន» នៅក្រៅប្រទេស
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជូនដំណឹង ក្នុងអត្ថបទមុនរបស់ខ្លួនរួចហើយ ពីគម្រោងរបង្កើតរដ្ឋាភិបាលនិរទេសខ្លួន នៅក្រៅប្រទេស របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវយោធាបណ្ដេញចេញពីអំណាច នៅឆ្នាំ២០០៦ ហើយសព្វថ្ងៃកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស។ នៅក្នុងអត្ថបទនេះ ទស្សនាវដ្ដីនឹងលើកយក ការពន្យល់របស់លោក រ៉ូប៊ែរ អាស្ទឺដាម (Robert Amsterdam) ទីប្រឹក្សាច្បាប់របស់លោក ថាក់ស៊ីន ដែលបញ្ជាក់អះអាងកាន់តែច្បាស់ឡើង ស្ដីពីរដ្ឋាភិបាលថៃនៅក្រៅប្រទេសនេះ។
រូបពីរនាក់បងប្អូន យីងឡាក់ និងថាក់ស៊ីន ដែលក្រុមអាវក្រហមយកមកតាំង នៅក្នុងបាតុកម្មរបស់ពួកគេកន្លងមក។ (រូបថត AFP/Getty Images)
នយោបាយថៃ - «បន្ទាប់ពីរដ្ឋប្រហាយោធា ដែលបានកើតឡើងដោយខុសច្បាប់ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២២ ខែឧសភាកន្លងមកនេះ រដ្ឋាភិបាលថៃនិរទេសខ្លួន នៅក្រៅប្រទេសមួយ ត្រូវបានគ្រោងរៀបចំ ឲ្យមានរូបរាងឡើង» នេះជាការប្រកាសរបស់ លោក រ៉ូប៊ែរ អាស្ទឺដាម ទីប្រឹក្សាច្បាប់របស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីស្របច្បាប់ របស់ប្រទេសថៃ ដែលត្រូវបានរដ្ឋប្រហារកាលពីឆ្នាំ២០០៦ បណ្ដេញចេញពីអំណាចដែរ។ លោក អាស្ទឺដាម បានថ្លែងទៀតថា គម្រោងរៀបចំរដ្ឋាភិបាលនិរទេសខ្លួននេះ បានកើតឡើងមួយថ្ងៃ ក្រោយរដ្ឋប្រហាដោយខុសច្បាប់ ក្នុងប្រទេសថៃ ដោយលោកឧត្ដមសេនីយ៍យោធា ប្រាយុទ ចាន់អ៊ូចារ នៅថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភា កន្លងមកនេះ។
លោក អាស្ទឺដាម ដែលជាទីប្រឹក្សាឲ្យចលនានិយមប្រជាធិបតេយ្យ នៃពួកអាវក្រហមថៃផងដែរនោះ បាននិយាយថា ទង្វើរបស់ក្រុមយោធាថៃ បានរត់ចេញពីភាពស្របច្បាប់ទាំងឡាយ ហើយវាបានបង្កើតឲ្យមាន ជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅនឹងប្រព័ន្ធនិតិរដ្ឋរបស់ប្រទេសថៃ និងច្បាប់អន្តរជាតិ។ អង្គការដែលមាននិតិភាពពិតប្រាកដ ផ្ដល់ដោយច្បាប់ និងប្រជាជន ក្នុងការដឹកនាំប្រទេសថៃ មានតែគណបក្សភឿថៃ តែមួយគត់ បើគេមើលទៅលើជ័យជំនះយ៉ាងច្បាស់លាស់ និងមិនអាចប្រកែកបាន ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១ កន្លងមក។
លោកបានថ្លែងថា «កងទ័ពថៃ មិនត្រូវបានប្រជាជនជាប់ឆ្នោត ឲ្យមកដឹកនាំប្រទេសនោះទេ។ ក្រុមមនុស្ស ដែលមានសមត្ថភាពមកដឹកនាំប្រទេសថៃបាន ដោយសារជ័យជំនេះក្នុងការបោះឆ្នោតសេរី និងយុត្តិធម៌នោះ បច្ចុប្បន្នកំពុងត្រៀមបង្កើតរដ្ឋាភិបាលនិរទេសខ្លួន នៅក្រៅប្រទេសមួយ»។
ទីប្រឹក្សាច្បាប់ជនជាតិកាណាដារូបនេះ បានលើកនូវបញ្ហានៃការចាប់ឃុំខ្លួន សកម្មជននិយមលិទ្ធិប្រជាធិបតេយ្យបច្ចុប្បន្ន ដោយក្រុមយោធាក្នុងប្រទេសថៃ មកបរិហា ដោយបានចាត់ទុកទង្វើនោះ ជាការប៉ះពាល់ដោយសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកបានពន្យល់ថា៖ «បើពិនិត្យមើលហេតុការណ៍ពីមុនៗមក ដែលប្រព្រឹត្តិដោយកងទ័ពថៃ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស យើងមានការព្រួយបារម្ភខ្លាំងណាស់ ពីសុវត្ថិភាពរបស់ជនជាប់ឃុំ។ យើងស្នើសុំទៅសហគមអន្តរជាតិ ឲ្យងាកមកមើលបញ្ហានេះ យ៉ាងដិតដល់បំផុត។»
លោក អាស្ទឺដាម បានបង្ហើបឲ្យដឹងដែរថា រដ្ឋាភិបាលនៃប្រទេសជាច្រើននៅក្នុងពិភពលោក បានថ្លែងពីបំណងរបស់ពួកគេ ក្នុងការទទួលឲ្យរដ្ឋាភិបាលថៃនៅក្រៅប្រទេសនេះ ឲ្យជ្រកកោននៅក្នុងប្រទេសរបស់ពួកគេ ដោយយោងទៅតាមច្បាប់អន្តរជាតិ។ «យើងមិនត្រូវច្រឡំទេ។ វាជារដ្ឋប្រហាយោធាខុសច្បាប់មួយ ដែលត្រូវតែមានការដាក់ទណ្ឌកម្ម និងវិធានការទប់ស្កាត់ខាងការទូតខ្លាំងក្លា ដើម្បីធានាទៅដល់សន្តិសុខ និងសុវត្ថិភាពនៃប្រជាជនថៃ។»៕