ឃាតកម្មលើជនទេសចរណ៍នៅថៃ៖ ចោទប្រកាន់ជាផ្លូវការជនជាតិភូមាពីរនាក់
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ តុលា ២០១៤
- កែប្រែចុងក្រោយ: October 04, 2014
- ប្រធានបទ: សន្តិសុខ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្លួនប្រាណ របស់យុវជន ដេវីត (David Miller) អាយុ២៤ឆ្នាំ និងយុវតី ហាណាស (Hannah Witheridge) អាយុ២៣ឆ្នាំ ត្រូវបានរកឃើញគ្មានជីវិត កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ នៅលើកោះតៅ ដែលជាកោះទេសចរណ៍តូចមួយ នៅភាគខាងត្បូងនៃប្រទេសថៃ។ ជនរងគ្រោះទាំងពីរ ត្រូវបានវាយដោយព្រនង់ និងចបកាប់ រហូតដល់ស្លាប់នៅក្នុងថ្លុកឈាម លើឆ្នេរខ្សាច់។
ជនជាតិភូមាពីរនាក់ ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ ចូលមកធ្វើការនៅលើកោះនោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍ ហើយត្រូវបានចោទប្រកាន់ជាផ្លូវការ នៅថ្ងៃសុក្រ ពីបទមនុស្សឃាត រំលោភបូក និងចោរកម្ម។ នេះបើតាមការប្រកាសឲ្យដឹង របស់មេបញ្ជាការនគរបាលក្នុងតំបន់ លោក ប្រាជុំ រួងថោង (Prachum Ruangthong)។ ជនសង្ស័យទាំងពីរនាក់ អាចមានទោសប្រហារជីវិត ប្រសិនបើនៅក្នុងសវនាការកាត់ក្ដីនាពេលខាងមុខ តុលាការរកឃើញថា ពិតតាមការចោទប្រកាន់នោះ។
មុននេះបន្តិច នគរបាលថៃក៏បានថ្លែងដែរថា ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកខ្លួនពិតជាបានសម្លាប់ជនទេសចរណ៍បរទេសទាំងពីររូប។ នគរបាលបាននិយាយថា៖ «ការត្រួតពិនិត្យ បានបញ្ជាក់ច្បាស់ពីស្នាមក្រយ៉ៅដៃ របស់ជនសង្ស័យ ថាដូចគ្នាទៅនឹងស្នាមក្រយ៉ៅដៃ ដែលដិតដាមជាប់នៅលើ ខ្លួនជនរងគ្រោះ»។ កាលពីថ្ងៃសុក្រដដែល ជនសង្ស័យទាំងពីរនាក់ ត្រូវបាននគរបាលនាំត្រឡប់ ទៅកន្លែងកើតហេតុវិញ ដើម្បីចង្អុលប្រាប់ពីដំណើរដើមរឿង។
ប្រភពពីនគរបាលផ្សេងទៀត បានបញ្ជាក់បន្ថែមថា ជនជាតិភូមាម្នាក់ទៀត ដែលពេលនេះ កំពុងស្ថិតក្រោមការការពាររបស់នគរបាល ជាសាក្សីសំខាន់ក្នុងសំនុំរឿង។ ជនភូមាទីបីនេះ អះអាងថា ខ្លួនបានចាកចេញពីកន្លែងកើតហេតុ មុនហេតុការណ៍កើតឡើង។
នៅថៃ រូបរាងអាក្រក់ ទើបមានសុវត្ថិភាព?
នៅក្រោយឃាតកម្មនេះ សារព័ត៌មានអង់គ្លេសជាច្រើន បាននាំគ្នាយកហេតុការណ៍ដ៏រន្ធត់ យកមកចុះផ្សាយព្រោងព្រាត ហើយបណ្ដាជននៅថៃក៏នាំគ្នា តាមដានដំណើររឿង នៃការស៊ើបអង្កេតនេះខ្លាំងក្លាណាស់ដែរ។ សម្រាប់លោក ប្រាយុត ចាន់អ៊ូឆា (Prayut Chan-O-Cha) មេដឹកនាំយោធា ដែលកាន់អំណាចក្នុងប្រទេស តាំងពីរដ្ឋប្រហារខែឧសភាមកនោះ បានបង្ហាញក្ដីតក់ស្លុតនៅចំពោះឃាតកម្ម តែបាននិយាយ ដែលទំនងជាចង់បន្ទោស ទៅលើកាយវិការរបស់ក្រុមអ្នកទេសចរណ៍ទៅវិញ ថាស្លៀកពាក់ខ្លីជ្រុលហួស ទើបបណ្ដាលឲ្យមានហេតុការណ៍នេះកើតឡើង។
បុរសខ្លាំងនៃប្រទេសថៃរូបនេះ បាននិយាយថា៖ «បញ្ហាតែងតែមានរហូត ជាមួយនឹងសុវត្ថិភាពរបស់អ្នកទេសចរណ៍។ ពួកគេគិតថា ប្រទេសយើងល្អណាស់ មានសុវត្ថិភាព ហើយពួកគេអាចធ្វើអ្វីក៏បាន ដូចជាដើរលេងនៅគ្រប់ទីកន្លែង ដោយស្លៀកពាក់ខ្លីៗ។ (...) តើវាអាចមានសុវត្ថិភាពទេ បើគេស្លៀកពាក់ខ្លីបែបនេះ? អាចមានសុវត្ថិភាព ប្រសិនជាម្ចាស់ខ្លួនមិនស្អាត។»
ពាក្យសម្ដីខាងលើ បង្កឲ្យមានការក្ដៅក្រហាយជាទូទៅ និងប្រតិកម្មតបតរភ្លាមៗ រហូតដល់មេដឹកនាំយោធា និងជានាយករដ្ឋមន្ត្រីតែងតាំងដោយខ្លួនឯងរូបនេះ ធ្វើការអភ័យទោស នៅថ្ងៃបន្ទាប់មក៕