កងទ័ពថៃព្យួររដ្ឋធម្មនុញ្ញ ព្រឹទ្ធសភាដើរជាធម្មតា ហាមប្រព័ន្ធផ្សព្វផ្សាយ
- ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានប្រកាសរដ្ឋប្រហារដោយអគ្គមេបញ្ជាការកងទ័ពជើងគោក លោក ប្រយុទ ចាន់អ៊ូចារ កាលពីរសៀលថ្ងៃទី២២ ខែឧសភានេះមក អ្នកនាំពាក្យកងទ័ពថៃ បានចេញមកប្រកាសនៅយប់ថ្ងៃដដែលនេះ ពីការព្យួររដ្ឋធម្មនុញ្ញរបស់ប្រទេស លើកលែងតែជំពូកដែលមានចែងពីព្រះមហាក្សត្រ។ របបយោធាមួយ ត្រូវបានដាក់ឲ្យកាន់អំណាចនៅថៃចាប់ពីថ្ងៃនេះតទៅ។
អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ លោកឧត្ដមសេនីយ៍ ប្រាយុទ ចាន់អូចា។
នយោបាយថៃ - «កងទ័ពព្យួររដ្ឋធម្មនុញ្ញ លើកលែងតែជំពូកដែលចែងពីរាជានិយម» នេះជាការប្រកាសរបស់អ្នកនាំពាក្យកងទ័ពថៃ នៅតាមកញ្ចក់ទូរទស្សន៍ នៅយប់ថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភានេះ បន្ទាប់ពីលោក ប្រាយុទ ចាន់អ៊ូចារ អគ្គមេបញ្ជាការកងទ័ពជើងគោកថៃ ប្រកាសធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលចាំផ្ទះ កាលពីរសៀលថ្ងៃដដែល។
អ្នកនាំពាក្យកងទ័ពបានបញ្ជាក់ នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនទៀតថា ការព្យួររដ្ឋធម្មនុញ្ញនិឹងអនុញ្ញាតឲ្យ កងទ័ពដឹកនាំប្រទេសថៃ ដោយ«សម្រួល»។ «ព្រឹទ្ធសភាមានដំណើរការធម្មតា តែរដ្ឋាភិបាលត្រូវបានផ្អាកទុក»។
នៅមុននេះបន្តិច បន្ទាប់ពីប្រកាសពីការធ្វើរដ្ឋប្រហាររួចហើយនោះ កងទ័ពថៃបានប្រកាសនឹងផ្ទុះអាវុធ ចាប់ពីថ្ងៃនេះតទៅ អនុវត្តទៅលើនរណាក៏ដោយ ដែលល្មើសនឹងការហាមឃាត់នេះ។ «មិនមានការលើកលែងណាមួយ ត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះរបស់ខ្លួន រវាងពីម៉ោង១០យប់ ទៅដល់ម៉ោង៥ភ្លឺ»។
គ្រប់ការផ្សាយទាំងឡាយ រាប់ទាំងទូរទស្សន៍ និងវិទ្យុ ត្រូវបានបញ្ជាឲ្យផ្អាក ជាពិសេសបញ្ឈប់នូវកម្មវិធីប្រចាំថ្ងៃរបស់ពួកគេ ប៉ុន្តែត្រូវចាក់ផ្សាយពីអ្វី ដែលជាសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ព និងរបបដឹកនាំ។
ដូចយើងបានជម្រាបជូន ក្នុងអត្ថបទមុនរួចហើយថា មេដឹកនាំបាតុកម្មរបស់ភាគីទាំងសងខាង ត្រូវបានកងទ័ពនាំខ្លួនចេញទៅ បន្ទាប់ពីពួកគេបានចេញពីជំនួបចរចាគ្នា ដែលជិតឈានទៅដល់ការព្រមព្រៀងគ្នាហើយនោះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យដដែល បានឲ្យដឹងទៀតថា កងទ័ពហាមឃាត់នូវរាល់ការជួបជុំនយោបាយ ចាប់ពី៥នាក់ឡើងទៅ។ «នរណាក៏ដោយ ដែលរំលោភលើការហាមឃាត់នេះ នឹងត្រូវចាប់ដាក់ពន្ធនាគារមួយឆ្នាំ ឬពិន័យជាប្រាក់១០ពាន់បាត ឬទោសពិន័យទាំងពីរខាងដើម»៕