ប្រទេសបារាំង ថ្កោលទោសរដ្ឋប្រហាយោធាលើកទី១៩នៅថៃ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្លាមៗ បន្ទាប់ពីកងទ័ពថៃប្រកាសពីការធ្វើរដ្ឋប្រហា ផ្ដួលរំលំរដ្ឋាភិបាលចាំផ្ទះនោះមក ប្រទេស និងមេដឹកនាំនានានៅក្នុងពិភពេលោក បានចាប់ផ្ដើមប្រតិកម្មជាបណ្ដើរៗ។ ប្រទេសបារាំងតាមរយៈប្រធានាធិបតីរបស់ខ្លួន លោក ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានថ្កោលទោសរដ្ឋប្រហារនេះ ហើយបានអំពាវនាវឲ្យមានការត្រឡប់មកវិញជាបន្ទាន់ នូវច្បាប់រដ្ឋធម្មនុញ្ញ និងរៀបចំនូវការបោះឆ្នោតមួយ នៅក្នុងប្រទេសថៃ។
ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ ក្នុងពេលធ្វើសេចក្ដីថ្លែងការណ៍ ថ្ងៃទី៨មិថុនា / រូបថត : m.ocdn.eu
នយោបាយថៃ - អំពើរដ្ឋប្រហារយោធានៅក្នុងប្រទេសថៃ នៅរសៀលថ្ងៃទី២២ ខែឧសភានេះ ត្រូវបានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ដោយប្រទេសបារាំង។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយពីវិមានប្រធានាធិបតី អេលីហ្សេ (Élysée) លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ បានអំពាវនាវឲ្យ មានការវិលត្រឡប់មកវិញជាបន្ទាន់ នូវការដឹកនាំតាមរដ្ឋធម្មនុញ្ញ និងរៀបចំនូវការបោះឆ្នោត នៅក្នុងប្រទេសដែលសម្បូរទៅដោយរដ្ឋប្រហារមួយនេះ។
រដ្ឋប្រហារយោធា ត្រូវបានសម្រេចធ្វើនៅថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភានេះ បន្ទាប់ពីកងទ័ពបានប្រកាសដាក់ប្រទេសថៃ ទៅក្នុងច្បាប់អាជ្ញាសិកមួយ កាលពីថ្ងៃអង្គារ និងបន្ទាប់ពីប្រទេសថៃ បានញ៉ាំញ៉ីដោយវិបត្តិនយោបាយដ៏រ៉ាំរ៉ៃ អស់រយៈពេលជាង៧ខែមកហើយ។ នៅយប់ថ្ងៃព្រហស្បត្តិ៍នេះដដែល កងទ័ពបានប្រកាសក្ដាប់ក្ដាប់អំណាចរដ្ឋសឹងតែទាំងអស់ ហើយបានធ្វើការហាមឃាត់ នូវសិទ្ធិសេរីភាពជាច្រើន នៅក្នុងប្រទេស។
សូមអានអត្ថបទមុន ដែលទាក់ទងនឹងប្រធានបទ «យោធាព្យួររដ្ឋធម្មនុញ្ញ»។
លោក ហ្វ្រង់ស៊័រ ហូឡង់ បានបញ្ជាក់ទៀតថា «សិទ្ធិ និងសេរីភាព ដែលជាមូលដ្ឋានគ្រឹះរបស់ប្រជាជនថៃ គួរតែត្រូវបានគោរព»។
នាយករដ្ឋមន្ត្រីចាំផ្ទះ លោក នីវ៉ាទំរង់ ប៊ុនសុងផាយសន (Niwattumrong Boonsongpaisan) និងរដ្ឋាភិបាលរបស់លោក ត្រូវបានបញ្ជាឲ្យនៅក្រោមកងទ័ព និងត្រូវបង្ហាញខ្លួន នៅយប់ថ្ងៃដដែល នៅចំពោះមុខរបបដឹកនាំថ្មី ដែលបានឈ្មោះខ្លួនឯងថា ជា«ក្រុមប្រឹក្សាជាតិដើម្បីថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់»។ កងទ័ពក៏បានបញ្ជាឲ្យបាតុករទាំងសងខាង ដែលមានវត្តមាននៅក្នុងរាជធានីបាងកក តាំងពីច្រើនសប្ដាហ៍មកហើយ ឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ពួកគេត្រូវបានហាមឃាត់ ពីរាល់ការជួបជុំនយោបាយ ដែលមានចំនួនលើសពីប្រាំនាក់។
របបដឹកនាំថ្មី ក្រោមឈ្មោះហៅថា «ក្រុមប្រឹក្សាជាតិដើម្បីថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់» ដែលចេញពីកងទ័ពនេះ បានប្រកាសព្យួររដ្ឋធម្មនុញ្ញថៃ តែបានសម្រេចទុកនូវព្រឹទ្ធសភាថៃ ក្រោមហេតុផលដើម្បីដឹកនាំប្រទេស តាម«សម្រួល»៕